ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ជំនាញផ្នែកសម្ភព និងរោគស្ត្រីបានឲ្យដឹងថា អាការៈចាញ់កូនតិច ឬច្រើន គឺអាស្រ័យទៅលើស្ត្រីម្នាក់ៗ ដោយសារមានប្រព័ន្ធភាពស៊ាំរាងកាយខុសៗគ្នា។ យើងមិនអាចវាយតម្លៃថា ពេលពពោះក្នុងខែដំបូងៗចាញ់កូន តែនៅខែបន្ទាប់ៗលែងមានអាការៈចាញ់កូនវិញ ជាសញ្ញាគំរាមរលូតកូននោះ។
លោកវេជ្ជបណ្ឌិតថា នៅពេលពពោះខែដំបូងៗ គ្រាន់តែបាត់ចាញ់កូន អាចប្រាប់ឲ្យដឹងពីសញ្ញាគំរាមរលូតទេ ព្រោះគភ៌នៅតូច មិនអាចបញ្ជាក់ច្បាស់លាស់នៅឡើយ។ ប៉ុន្តែ ប្រសិនបើម្ដាយមានបង្ហាញបញ្ហារួមផ្សំដូចជា ឈឺពោះ ចុកពោះ ធ្លាក់ឈាម ហើយទៅពិនិត្យអេកូមិនឃើញមានចង្វាក់បេះដូងកូន នោះអាចមានន័យថាកូនខូច ឬរលូតហើយ។
លោកវេជ្ជបណ្ឌិតរូបនេះបន្តថា ក្នុងករណីដែលស្ត្រីពពោះមានបញ្ហាកូនពងវិញ នោះស្ត្រីនឹងមានអាការៈចាញ់កូនខ្លាំងអំឡុងពេលពពោះខែដំបូងៗ ហើយនៅពេលស្ទាបពោះទៅមានលក្ខណៈទន់ៗ និងពិនិត្យអេកូឃើញថា មានថង់ទឹកទទេ (កូនពងតែមួយ) ឬឃើញមានទម្រង់ដូចផ្លែទំពាំងបាយជូរ (កូនពងជាកញ្ចុំ) នៅក្នុងស្បូន។