ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានបញ្ជាក់ថា បញ្ហារលូតកូនគឺនៅក្រោម ២០ សប្ដាហ៍ ហើយមូលហេតុវិញមកពីស្បូនមិនប្រក្រតី ម្ដាយជក់បារី ផឹកស្រា ប្រើថ្នាំញៀន ការប៉ះទង្គិចពោះ ធ្វើការធ្ងន់ ទារកលូតលាស់មិនប្រក្រតី និងការឆ្លងមេរោគ ឬរលូតដោយឯកឯងជាដើម។ បើនិយាយពីរោគសញ្ញាមានដូចជាឈឺចាប់ក្នុងនោះមានធ្លាក់ឈាម ឈឺចុកចាប់ពោះ។
ចំណែកបញ្ហាកូនស្លាប់ក្នុងផ្ទៃវិញគឺអាយុគភ៌ចាប់ពី ២០ សប្ដាហ៍ឡើងទៅ ហើយករណីនេះគឺកូនលែងកម្រើក និងបេះដូងឈប់លោតតែម្ដង។ តែអាការៈដែលបញ្ចេញមកដូចជាធ្លាក់ឈាម ឬឈឺចុកចាប់នោះ មិនសូវមានឡើយ តែយើងអាចសង្កេតកូនតែងតែកម្រើក ឬធាក់ (ចាប់ពី ៤ ខែឡើងទៅកូនកម្រើក) បើថ្ងៃណាមួយស្ងាត់ គួរតែទៅរកពេទ្យជាប្រញាប់។ ចំពោះមូលហេតុបណ្ដាលឲ្យស្លាប់មកពីម្ដាយអាយុលើស ៣៥ឆ្នាំ ស្បូនចាប់ផ្ដើមខ្សោយ មានជំងឺប្រចាំកាយដូចជា ទឹកនោមផ្អែម លើសសម្ពាធឈាម បម្រុងក្រឡាភ្លើង ក្រឡាភ្លើង គ្រាប់ឈាមក្រហមអេម៉ូគ្លូប៊ីន រ៉េស៊ីស ការដាច់រហែកភ្នាសស្បូន អុកស៊ីសែនត្រូវបញ្ចូលតាមទងផ្សិតមិនដល់ទារក ដាច់របើកសុក។