កន្លងមកនៅតែមានការយល់ខុសអំពីការផឹកស្រាអំឡុងពេលមានផ្ទៃពោះ និងសម្រាល ដោយគិតថាល្អ និងជំនួយដល់សុខភាព។ ក្នុងចំណោមនោះមានមតិលើកឡើងដោយគ្មានអំណះអំណាងថា ពេលពពោះបើម៉ាក់ៗផឹកស្រាបៀរ ល្អចំពោះកូន ធ្វើឲ្យកូនកើតមកស្បែកស្អាត។
បញ្ហានេះវេជ្ជបណ្ឌិត ហ៊ាង រតនា បាននិយាយថា ស្ត្រីខ្មែរមួយចំនួនមានចំណេះដឹងទាបទាក់ទងនឹងភេសជ្ជៈមានជាតិអាល់កុលថា មានគុណប្រយោជន៍ចំពោះសុខភាពទាំងពេលអំឡុងពពោះ និងសម្រាល។ ផ្ទុយទៅវិញវាមានគុណវិបត្តិច្រើនមហាសាល ដែលធ្វើឲ្យយើង និងកូនមានគ្រោះថ្នាក់។ វេជ្ជបណ្ឌិតឯកទេសទូទៅបន្តទៀតថា គ្រប់ជាតិអាល់កុល មិនថាស្រា ឬស្រាបៀសុទ្ធតែធ្វើឲ្យប៉ះពាល់ដល់ម៉ាក់ និងទារក មិនថាពពោះខែទីប៉ុន្មានក៏ដោយ ព្រោះបើផឹកស្រាកូនក្នុងពោះក៏ផឹកដែរ ហើយសរីរាង្គខាងក្នុងរបស់កូនសុទ្ធតែខ្ចីទាំងអស់ សុទ្ធតែអាចរងគ្រោះ៖
– ទារកប្រឈមស្លាប់ក្នុងផ្ទៃ
– កើតមុនខែ
– កូនខ្វះគីឡូ
– ប្រឈមកង្វះអវយវៈ
– កូនកើតមកមិនឆ្លាត
– ក្បាលតូច
– កូនក្រចេះនិយាយ
– ប៉ះពាល់ ខួរក្បាល បេះដូង តម្រងនោម ឆ្អឹង ជាដើម។