backup og meta

បើ​កំពុង​មាន​ផ្ទៃពោះ ធ្វើ​ម៉េច​កុំ​ឲ្យ​ខ្វះ​ជាតិ​នេះឲ្យសោះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Feb 26, 2021

បើ​កំពុង​មាន​ផ្ទៃពោះ ធ្វើ​ម៉េច​កុំ​ឲ្យ​ខ្វះ​ជាតិ​នេះឲ្យសោះ

ស្រីៗ​ទើបមាន​កូន​ដំបូង អំឡុង​ពពោះ ត្រូវការ​សុខភាព​ល្អ ដើម្បី​ជួយ​ដល់​សុខភាព​ទារក​ក្នុង​ផ្ទៃ មិន​ថា​ចាក់​វ៉ាក់សាំង និង​ញ៉ាំអាហារ​ប៉ូវៗ​ជំនួយ។ កុំ​បណ្ដែត​បណ្ដោយ​ឲ្យ​មាន “ជំងឺ​កង្វះ​គ្រាប់​ឈាម” ឲ្យ​សោះ។ គ្រាប់​ឈាម​អត់​គ្រប់ ដោយសារ​ខ្វះ​ជាតិដែក មាន​ន័យ​ថា សារពាង្គកាយ ខ្វះ​គ្រាប់​ឈាម​ក្រហម​ល្អ​ដែល​មាន​នាទី​សំខាន់​ដឹកជញ្ជូន​អុកស៊ីហ្សែន​ទៅ​កាន់​ជាលិកា​​នានា​ពេញ​សារពាង្គកាយ។ ពេលមាន​ផ្ទៃពោះ​​ជា​ឱកាស​ងាយ​ប្រឈម​បញ្ហា​ខ្វះ​គ្រាប់​ឈាម ព្រោះ​ញ៉ាំ​អាហារ​មាន​ជាតិ​ដែក​មិន​គ្រប់។ តាម​ដាន​ការ​ពន្យល់​របស់ “Hello គ្រូពេទ្យ” ខាង​ក្រោម៖

១- ម៉េចបានខ្វះគ្រាប់ឈាមពេលមានផ្ទៃពោះ?

រាងកាយ​ត្រូវការ​ជាតិ​ដែក ដើម្បី​ផលិត​អេម៉ូគ្លូប៊ីន (hemoglobin) ដែល​ជា​ប្រូតេអ៊ីន​ដ៏​សំខាន់​ក្នុង​គ្រាប់​ឈាម​ក្រហម។ ពេល​ពពោះ ខ្លួន​ប្រាណ​ម្ដាយ ត្រូវការ​ចំនួន​អេម៉ូក្លូប៊ីន ទ្វេ​ដង​ជាង​ធម្មតា ព្រោះ​វា​ចាំបាច់​បំផុត​ដើម្បី​ផលិត​គ្រាប់​ឈាម​បន្ថែម​ដល់​កូន​ក្នុង​ផ្ទៃ។ រឿង​សាមញ្ញ​បំផុត បើ​គ្មាន​ជាតិ​ដែក​គ្រប់​តម្រូវ​ការ​ទេ យើង​​នឹង​ខ្វះ​គ្រាប់​ឈាម ដោយ​ស្វ័យប្រវត្តិ។

២- បើខ្វះគ្រាប់ឈាមបែបនេះ អាចប៉ះពាល់កូនអត់?

ច្បាស់ណាស់ ប៉ះ​ពាល់​ច្រើន​រហូត​ដល់​អាច​ឲ្យ​កូន​មិន​គ្រប់​គីឡូ កើត​មុន​កំណត់ (អត់​គ្រប់​ខែ) និង​ផ្នែក​សតិអារម្មណ៍ (បាក់ទឹក​ចិត្ត) ជា​ដើម។ បញ្ហា​ធំ​មួយ​ទៀត គឺ​មាន​អត្រាមរណភាព​ទារក​ភ្លាមៗ​មុន និង​ក្រោយ​សម្រាល

ពពោះ១

៣- អ្នកណាអាចមានបញ្ហានេះ?

– មាន​ផ្ទៃពោះ​ញឹក និង​ច្រើន​ដង

– ចាញ់​កូន​ធ្ងន់ធ្ងរ

– ខ្វះ​ជាតិ​ដែក

– ធ្លាប់​មាន​ប្រវត្តិ​ខ្វះ​គ្រាប់​ឈាម​ពី​មុន

– មករដូវច្រើនៗមុនពេលមានផ្ទៃពោះ។

៤- ធ្វើម៉េចទើបដឹងថាមានបញ្ហាកង្វះគ្រាប់ឈាមក្រហម?

រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​កង្វះ​គ្រាប់​ឈាម​ក្រហម​មាន​ដូចជា៖

– អស់​កម្លាំង ហើយ​ខ្សោយ

– វិលមុខ ឬ​ស្រាល​ក្បាល

– ស្លេកស្លាំង

– ចង្វាក់​បេះដូង​លោត​ខុស​ប្រក្រតី

– ពិបាក​ដក​ដង្ហើម

– ឈឺទ្រូង

– ត្រជាក់​ចុង​ដៃ​ចុង​ជើង

– ឈឺ​ក្បាល។

រោគសញ្ញា​ទាំង​នេះ​ស្រដៀង​នឹង​សញ្ញា​មានផ្ទៃពោះ។ ដូច្នេះ អាច​ពិបាក​កំណត់​ឲ្យ​ច្បាស់ ១០០% ថា យើង​កំពុង​មាន​ជំងឺ​កង្វះគ្រាប់​ឈាម​នេះ​ណាស់។ តែ​ហេតុផល​ច្បាស់ នឹង​ដឹង​ក្រោយ​ពេល​ធ្វើ​តេស្ត​ឈាម​ដើម្បី​មើល​រោគ​សញ្ញា​កង្វះ​គ្រាប់​ឈាម និង​បញ្ហា​ផ្សេងៗ​ទៀត មុន​សម្រាល។

៥- ដំណោះស្រាយ

មាន ៤ មធ្យោបាយ ដើម្បីញ៉ាំ និងបង្គ្រប់ជាតិដែកចំពោះរាងកាយ៖

  • ថ្នាំ (គ្រាប់) លេប៖ ​ញ៉ាំ​ថ្នាំ​វីតាមីន​ដែល​ពេទ្យ​ឲ្យ​ញ៉ាំ​មុន​គ្រប់​ខែ​សម្រាល ពិតជា​អាច​ជួយ​បង្គ្រប់​ជាតិ​ដែក​ដែល​រាងកាយ​ត្រូវ​ការ។ ស្ត្រី​មាន​ផ្ទៃពោះ ត្រូវការ​ជាតិ​ដែក​ ២៧ មិល្លីក្រាម​ក្នុង១ថ្ងៃ ឬ​ពេទ្យ​អាច​ឲ្យ​ថ្នាំ​ជាតិ​ដែក​ញ៉ាំ​​លើស​​ពីនេះ។ បរិមាណ​ថ្នាំ​ត្រូវ​លេប គឺ ៩០ គ្រាប់ អំឡុង​ពពោះ និង ៤២ គ្រាប់ ក្រោយ​សម្រាល។
  • អាហារ៖ មិន​មែន​មាន​តែ​ថ្នាំ​ជំនួយ​ដើម្បី​បន្ថែម​ជាតិ​ដែក​ទេ ជាតិ​ដែក​ពី​ម្ហូប​អាហារ​ពី​សាច់​ក្រហម​មិន​ជាប់​ខ្លាញ់ សាច់​មាន់ សាច់​ត្រី អាហារ​សម្រន់​ពេល​ព្រឹក​ដែល​មាន​ជាតិ​ដែក ទឹក​ផ្លែ​ព្រូន សណ្តែក​លីង និង​សណ្ដែក​ខៀវ សុទ្ធ​តែ​ផ្ដល់​ជាតិ​ដែក​មិន​ណយ​ដែរ។
  • ភេសជ្ជៈ៖ ដែល​មាន​វីតាមីន C ខ្ពស់ ដូចជា ទឹកក្រូច​ច្របាច់/ក្រូចឆ្មារ ឬ​ទឹក​ស្ត្រប៊ើរី។ បើ​ញ៉ាំ​ថ្នាំ​ជាតិ​ដែក​ជាមួយ​វីតាមីន C សូម​ចៀស​វាង​ញ៉ាំ​កាល់ស្យូម។ ទោះ​បី​ជា​កាល់ស្យូម​មាន​អត្ថប្រយោជន៍​ច្រើន តែ​វា​អាច​រារាំង​ដល់​ការ​បឺតជាតិ​ដែក។
  • ចាក់បញ្ចូល៖ បើ​រាងកាយ​យើង​​មិន​អាច​ស្រូប​ជាតិ​ដែក​តាម​ការ​ញ៉ាំ​បាន​ទេ មាន​តែ​ចាក់​បញ្ចូល​ជាតិ​ដែក​តែ​ម្ដង។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Feb 26, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម