តាមក្បូនពេទ្យ បានកំណត់យក ៤០ សប្តាហ៍ ក្រោយការបាត់រដូវរបស់ស្រីៗជាថ្ងៃសម្រាលកូន ដែលយើងតែហៅរយៈពេលនេះថា ៩ខែ១០ថ្ងៃ។ នេះគ្រាន់តែការកំណត់រួមប៉ុណ្ណោះ ដែលជាទូទៅស្រីៗខ្លះៗក៏សម្រាលតាមពេលកំណត់ ខណៈអ្នកខ្លះទៀត កូនកើតមុនខែ ឯមួយចំនួនទៀតកូនចាស់ខែ កើតក្រោយរយៈពេល ៤០សប្តាហ៍។
ក្នុងករណីកូនចាស់ហើយ ម៉ាក់ៗមិនមានសញ្ញាឈឺពោះ ឬបែកទឹកភ្លោះទេនោះ តើគួរឲ្យបារម្ភអត់? តាមក្បូនពេទ្យ តើម៉ាក់ៗអាចទុកកូនក្នុងពោះយ៉ាងយូរបំផុតប៉ុន្មានខែ?
ក្នុងបទសម្ភាសជាមួយ Hello គ្រូពេទ្យ លោកស្រី អួង លីដា នាយសាលនៅផ្នែកបន្ទប់សម្រាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បញ្ជាក់ថា ម៉ាក់ៗអាចទុកកូនក្នុងពោះយ៉ាងយូរបំផុតត្រឹម ៤១សប្តាហ៍៣ថ្ងៃប៉ុណ្ណោះ ទោះជាមិនឈឺពោះ ឬបែកទឹកភ្លោះក៏ដោយ។
អត្ថបទពាក់ព័ន្ធ៖
ហេតុអ្វីជាពេទ្យកំណត់យកកូនចាស់ត្រឹមតែ ៤១សប្តាហ៍? លោកស្រីវេជ្ជបណ្ឌិតថា កូនចាស់ខែកាន់តែធំ ឯទឹកភ្លោះក៏រីង ធ្វើឲ្យកូនពិបាកធ្វើចលនា និងដកដង្ហើម ចំណែកការបញ្ជូនអុកស៊ីសែនពីម្តាយទៅកូនកាន់តែតិច កូនខ្សោយ ក្នុងករណីម៉ាក់ៗបណ្តែតបណ្តោយទុកយូរទៀត អាចមានគ្រោះថ្នាក់កូនស្លាប់ក្នុងពោះ។
“កូនមិនអាចរស់នៅក្នុងពោះយូរពេកនោះទេ កូនរស់ដោយសារទឹកភ្លោះ ចាប់ពីគភ៌អាយុ ៣៨-៤០ សប្តាហ៍ ទឹកភ្លោះចាប់ផ្តើមរីងហើយ អ៊ីចឹងបានអីយកទៅចិញ្ចឹមកូន កូននឹងខ្សោយទៅៗ ឯការធ្វើចលនាក៏លែងដូចមុនដែរ ព្រោះកូនខ្សោយផង ហើយកាន់តែធំទៀត’។ នាយសាលនៅផ្នែកបន្ទប់សម្រាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក រៀបរាប់។
![ពពោះ](https://cdn.hellokrupet.com/wp-content/uploads/2019/06/ពពោះ-កូនបញ្ច្រាស.jpg)
ជាដំបូន្មាន លោកស្រីវេជ្ជបណ្ឌិត អួង លីដា ថា បើដល់ថ្ងៃសម្រាលហើយ ម៉ាក់ៗមិនមានសញ្ញាឈឺពោះនោះ ត្រូវប្រញាប់មកជួបគ្រូពេទ្យ ដើម្បីតាមដានការវិវត្តរបស់គភ៌ វាស់បរិមាណទឹកភ្លោះ តើនៅគ្រប់គ្រាន់ឬទេ? បើអ្វីនៅល្អប្រសើរ ពេទ្យនឹងឲ្យចាំមើលយ៉ាងយូរ ១សប្តាហ៍ ទៅ១០ថ្ងៃ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕