១- សុកចាក់ចូលជញ្ជាំងស្បូន
ជាស្ថានភាពមួយកើតឡើងពេលសុកចាក់ចូលជ្រៅទៅក្នុងជញ្ជាំងស្បូន។ បញ្ហានេះបង្កជាផលវិបាកខ្លាំង អំឡុងពេលមានផ្ទៃពោះ ធ្វើឲ្យយើងប្រឈមហូរឈាមអំឡុងពេលសម្រាល និងក្រោយសម្រាល។ ជាទូទៅ ក្រោយពីសម្រាលកូន ២-៣ នាទី សុកនឹងផ្ដាច់ចេញពីជញ្ជាំងស្បូន ចេញមកក្រៅជាមួយទារក តែចំពោះស្រីមានបញ្ហាសុកចាក់ចូលជញ្ជាំងស្បូន មានន័យថា សុកមិនផ្ដាច់ខ្លួនចេញស្បូនទេ នឹងបណ្ដាលឲ្យមានការហូរឈាមខ្លាំង និងអាចគ្រោះថ្នាក់ដល់ជីវិតទៀតផង។ បើគ្រូពេទ្យសង្ស័យថា យើងមានបញ្ហានេះ ពេទ្យនឹងវះកាត់សម្រាលកូនជាបន្ទាន់ បន្ទាប់មកនឹងកាត់ស្បូនចោលតែម្តង។
អត្ថបទពាក់ព័ន្ធ៖ ពេលពពោះ បើសុកចាក់ចូលជញ្ជាំងស្បូន គ្រោះថ្នាក់ណាស់!
២- សុកពាំងមាត់ស្បូន
សុកពាំងមាត់ស្បូនគឺជាតាំងនៅ ឬការទុំរបស់សុកខុសប្រក្រតី អាចនៅគ្របដោយផ្នែក ឬគ្របលើមាត់ស្បូនទាំងស្រុង។ ការតាំងនៅរបស់សុក បែងចែកជា៤ គឺ ទីតាំងសុកធម្មតា សុកពាំងក្បែរមាត់ស្បូន សុកពាំងផ្នែកខ្លះនៃមាត់ស្បូន និងសុកពាំងនៅចំមាត់ស្បូន ប្រសិនបើពិនិត្យឃើញករណីសុកពាំងចំមាត់ស្បូនកើតមាននៅត្រីមាសទី៣ ជិតដល់ពេលសម្រាលកូន មិនអាចសម្រាលតាមធម្មជាតិបានឡើយ គ្រូពេទ្យតម្រូវឲ្យសម្រាលដោយវះកាត់ដើម្បីសុវត្ថិភាព។