ធ្លាប់ឆ្ងល់អត់ “សុក’ កើតឡើងយ៉ាងម៉េច ហើយសំខាន់យ៉ាងណា នៅពេលពពោះ? បើមិនពពោះ តើក្នុងខ្លួនយើងមានសុកអត់?។ “Hello គ្រូពេទ្យ’ បកស្រាយលម្អិតខាងក្រោម៖
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ធ្លាប់ឆ្ងល់អត់ “សុក’ កើតឡើងយ៉ាងម៉េច ហើយសំខាន់យ៉ាងណា នៅពេលពពោះ? បើមិនពពោះ តើក្នុងខ្លួនយើងមានសុកអត់?។ “Hello គ្រូពេទ្យ’ បកស្រាយលម្អិតខាងក្រោម៖
១- សុកជាអ្វី?
“សុក’ ជាខ្សែជីវិតតភ្ជាប់រវាងកូនក្នុងផ្ទៃ និងម៉ាក់ៗ មាននាទីផ្គត់ផ្គង់ឈាម ផ្ដល់ចំណីអាហារសម្រាប់ទ្រទ្រង់ការលូតលាស់របស់គភ៌។
“សុក’ ក៏ដើរតួជាផ្លូវដង្ហើមសម្រាប់កូនផងដែរ អ៊ីចឹងហើយបានម៉ាក់ៗគួរចៀសវៀងផឹកស្រា កាហ្វេ និងជក់បារី ដែលសុទ្ធតែមានផ្ទុកសារធាតុគីមីពុល ដែលអាចឆ្លងកាត់តាមសុក និងបង្កគ្រោះថ្នាក់ដល់គភ៌បាន។
“សុក’ ក៏ផ្ដល់អង់ទីករប្រឆាំងជំងឺ និងបំពេញតួនាទីកម្ចាត់កាកសំណល់ ដូចជា កាបូនឌីអុកស៊ីតជាដើម។ ពេលចរន្តឈាមឆ្លងកាត់ស្បូន “សុក’ ស្រូបយកសារធាតុចិញ្ចឹម ម៉ូលេគុលប្រព័ន្ធស៊ាំ និងអុកស៊ីហ្សែនតាមចរន្តឈាមម៉ាក់ៗ។ ជាមួយគ្នានេះ តាមរយៈការបញ្ជូនឆ្លងកាត់ថង់ទឹកភ្លោះ តាមរយៈសុក និងចូលក្នុងចរន្តឈាម អវយវៈមួយនេះក៏មាននាទីរារាំងមេរោគក្នុងខ្លួនម៉ាក់ៗ មិនឲ្យវាយប្រហារលើគភ៌ទៀតផង។
តាមការសិក្សាថ្មីៗ អ្នកវិទ្យាសាស្ត្ររកឃើញថា “សុក’ ជួយបង្កើតអ័រម៉ូនម្យ៉ាងហៅថា HPL ដែលមាននាទីជួយផលិតទឹកដោះ ជាអ័រម៉ូនបើកមាត់ស្បូន អុកស៊ីតូស៊ីន ប្រូហ្គេស្តេរ៉ូន និងជាអ័រម៉ូនអឺស្ត្រូហ្សេន ដែលទាំងអស់នេះសុទ្ធតែចាំបាច់សម្រាប់ម៉ាក់ៗ និងកូនអំឡុងពេលពពោះ។ ម៉ូលេគុលទាំងនោះ ជំរុញឲ្យមានការបង្កើតសរសៃឈាមថ្មីៗ សម្រាប់ផ្គត់ផ្គង់ថាមពលឲ្យទាំងម៉ាក់ៗ និងកូនក្នុងផ្ទៃ។
២- ចុះសុកកើតមកពីណា?
នៅសប្ដាហ៍ទី៤ ក្រោយពពោះ ដុំកោសិកានៃកំណកំណើតដំបូងបំផុតរបស់អំប្រ៊ីយ៉ុង ដែលដាំចូលទៅក្នុងជញ្ជាំងស្បូន ដោយកោសិកាមួយចំនួន បានបំបែកចេញពីគ្នា ហើយកប់ជ្រៅទៅក្នុងជញ្ជាំងស្បូន បន្ទាប់មក នឹងមានការបង្កើតសរីរាង្គមួយ មានសណ្ឋានដូចជាឌីស សម្បូរទៅដោយសរសៃឈាម និងគ្រប់គ្រងដោយអ័រម៉ូនសម្រាប់ផលិតមេជីវិតញីក្នុងត្រីមាសទី២ ដើម្បីបង្កើតជាសុកទារកតែម្តង។
អត្ថបទពាក់ព័ន្ធ៖
៣- អំឡុងពពោះ សុកអាចបង្កបញ្ហាអ្វីខ្លះ?
មានបញ្ហា ៣ យ៉ាង ស្រីៗយើងអាចនឹងជួបប្រទះ អំឡុងពេលពពោះដូចជា៖
-សុកចាក់ចូលជញ្ជាំងស្បូន (Placenta accreta)៖ កើតឡើងនៅពេលដែលសរសៃឈាមសុកកប់ជ្រៅចូលក្នុងជញ្ជាំងស្បូន ធ្វើឲ្យយើងប្រឈមហូរឈាមអំឡុងពេលសម្រាល និងក្រោយសម្រាល។
– សុកពាំងមាត់ស្បូន (Placenta previa)៖ បញ្ហានេះកើតឡើងពេលសុកគ្របលើមាត់ស្បូន ធ្វើឲ្យកាន់តែមានគ្រោះថ្នាក់ពេលសម្រាល។
– សុកដាច់ចេញពីស្បូន (Placental abruption)៖ សុកស្ថិតនៅដាច់ពីជញ្ជាំងស្បូនពេក ធ្វើឲ្យខ្វះសារធាតុចិញ្ចឹម និងអុកស៊ីហ្សែនសម្រាប់ទ្រទ្រង់ការលូតលាស់របស់គភ៌ ហើយម៉ាក់ៗក៏ប្រឈមការហូរឈាមធ្ងន់ធ្ងរទៀតផង។
៤- មានអ្វីកើតឡើង ក្រោយពេលសម្រាលកូន?
បន្ទាប់ពីសម្រាលកូន ស្បូនចាប់ផ្ដើមប្រែទៅរកទំហំធម្មតាវិញ មានន័យថា សុកចេញមកក្រៅស្បូនជាមួយកូនដែរ។ បើសុកមិនធ្លាក់ក្នុងរយៈពេល ១ ម៉ោងក្រោយពេលសម្រាល គ្រូពេទ្យនឹងអន្តរាគមន៍បន្ទាន់ដើម្បីយកសុកចេញមកក្រៅ ព្រោះសុកមិនធ្លាក់ អាចបណ្ដាលមកពីការធ្លាក់ឈាមច្រើន និងឆ្លងមេរោគធ្ងន់ធ្ងរ។ ហេតុនេះ សំខាន់បំផុត ត្រូវធានាថាធ្វើយ៉ាងណាឲ្យសុកបានធ្លាក់អស់ ដើម្បីសុវត្ថិភាពទាំងម៉ាក់ៗ និងកូន។
មួយវិញទៀត គេអាចរក្សាទុកកោសិកាដើមចេញពីសុក និងទងសុក ព្រោះមានប្រសិទ្ធភាពខ្ពស់សម្រាប់ព្យាបាលជំងឺកូននៅពេលក្រោយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕