១-សម្លៀកបំពាក់កូន
«មុនកូនកើតមួយខែគួរតែទិញសម្លៀកបំពាក់ ស្រោមដៃជើង មួក កន្សែងរបស់កូនឲ្យបានរួចរាល់អស់» នេះជាការលើកឡើងរបស់អ្នកនាង ប៉ូវ ចិន្តា។ អ្នករស់នៅភ្នំពេញរូបនេះបានឲ្យដឹងទៀតថា ចំណុចនេះពិតជាសំខាន់ខ្លះណាស់ ព្រោះក្រោយកូនកើតយើងនឹងមិនអាចត្រៀមទាន់ឡើយ ដោយសារសម្ភារៈអស់ទាំងនោះ ត្រូវបោកសម្អាតសម្លាប់មេរោគឲ្យបានល្អ និងទុកដាក់នៅកន្លែងស្ងួតមានសុវត្ថិភាព។ ក្រៅពីនោះនៅមានត្រៀមភួយ ពូក ខ្នើយ កម្រាលដូរ ខោទឹកនោមកូន បន្ថែមពីនោះអ្នកធ្វើការផ្នែកទីប្រឹក្សាអចលនទ្រព្យក៏បានឲ្យម៉ាក់ៗត្រៀមរបស់ខ្លួនឯងដែរ និងត្រៀមសម្លៀកបំពាក់ណាស្រួលៗស្លៀក ព្រោះត្រូវបំបៅដោះ និងឈឺផ្នែកខាងក្រោមមិនទាន់សះស្បើយ។
២- កន្ទប/ខោទឹកនោម
បើតាមអ្នកស្រី សន សុខបញ្ញា បានឲ្យដឹងថា របស់មួយនេះក៏គួរតែទិញជាមុនដែរ ព្រោះក្រោយសម្រាលពេទ្យនឹងបានស្លៀកពាក់ខោអាវឲ្យកូន និងមានកន្ទប ឬខោទឹកនោមស្លៀកពាក់រួចជាស្រេចមិនចាំបាច់ឲ្យប្រឡាក់កន្សែង ឬខោអាវដែលរុំខ្លួនកូននោះទេ។ ស្ត្រីវ័យ ៤០ ឆ្នាំរូបនោះបានបន្តទៀតថា សម្រាប់ម៉ាក់ៗវិញ ក៏គួរតែមានខោទឹកនោម ឬសំឡីអនាម័យទុក ព្រោះក្រោយសម្រាលនឹងមានធ្លាក់ឈាមប្រហែល ២ សប្ដាហ៍។