អ្វីទៅជាការសម្រាលកូនដោយគ្មានការឈឺចាប់?
ឆ្លើយនឹងចម្ងល់នេះ លោកវេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេសផ្នែកសម្ភព និងរោគស្ត្រីឲ្យដឹងថា ការសម្រាលដោយមិនមានការឈឺចាប់ គឺគ្រូពេទ្យប្រើបច្ចេកទេសចាក់ថ្នាំស្ពឹកនៅចន្លោះឆ្អឹងខ្នងរបស់ស្ត្រីពពោះ។ ការចាក់ថ្នាំស្ពឹកធ្វើឡើង នៅពេលដែលគ្រូពេទ្យពិនិត្យឃើញថា មាត់ស្បូនរបស់ស្ត្រីពពោះបើកបានចន្លោះពីលេខ៣-៨។
លោកបន្តថា ថ្នាំស្ពឹកដែលចាក់នៅចន្លោះឆ្អឹងខ្នងរបស់ម៉ាក់ៗជិតសម្រាល មានប្រសិទ្ធភាពប្រមាណ៤៥-៧០នាទី (អំឡុងពេលដែលម៉ាក់ៗសម្រាល) ដូចនេះហើយ នៅពេលដែលម៉ាក់ៗសម្រាលកូនរួច វានឹងជួយឲ្យមិនមានការឈឺចាប់ នោះហៅការសម្រាលដោយគ្មានការឈឺចាប់។
“ក្នុងករណីខ្លះ ចំពោះស្ត្រីដែលមានលក្ខណៈមិនអាចសម្រាលដោយធម្មជាតិបាន អ៊ីចឹងពេទ្យតម្រូវឲ្យចាក់ថ្នាំស្ពឹកដែរ ដើម្បីសម្រាលដោយការវះកាត់។ គ្រាន់តែថា ថ្នាំស្ពឹកដែលចាក់នៅឆ្អឹងខ្នងសម្រាប់វះកាត់សម្រាល មានបរិមាណច្រើនជាងសម្រាលធម្មជាតិ តែគ្មានការឈឺចាប់។”