ពេលពពោះបើម៉ាក់ៗមានបញ្ហាទាំងនេះ ពេទ្យតម្រូវឲ្យសម្រាលដោយវះកាត់

    ពេលពពោះបើម៉ាក់ៗមានបញ្ហាទាំងនេះ ពេទ្យតម្រូវឲ្យសម្រាលដោយវះកាត់

    សព្វ​ថ្ងៃ​នេះ មាន​ម៉ាក់​ៗ​ពពោះ​មិន​តិច​ទេ ដែល​ជ្រើស​រើស​ការ​សម្រាល​ដោយ​វះកាត់​ទោះ​មិន​មាន​បញ្ហា​អី​ក៏​ដោយ តែ​គ្រូពេទ្យ​ជំនាញ​មិន​សូវ​ណែនាំ​ឲ្យ​សម្រាល​បែប​នេះ លុះ​ត្រា​តែ​មាន​បញ្ហា​អ្វី​ដែល​សម្រាល​តាម​ធម្មជាតិ​មិន​បាន​ទើប​សម្រេច​ឲ្យ​វះកាត់​។ ប៉ុន្តែ បើ​ស្ត្រី​ពពោះ​មាន​បញ្ហា​ដែល​រៀប​រាប​ខាង​ក្រោម ទោះ​ចង់​សម្រាល​តាម​ធម្មជាតិ ក៏​ពេទ្យ​ត្រូវ​ឲ្យ​សម្រាល​ដោយ​ការ​វះកាត់​ដែរ។

    សម្រាប់​បញ្ហា​នេះ លោក​វេជ្ជ​បណ្ឌិត ចាន់ រស្មី ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ឲ្យ​ដឹង​ថា ការ​សម្រាល​កូន​ដោយ​ធម្មជាតិ គឺ​ជា​ជម្រើស​ដែល​ល្អ​បំផុត ឬ​ជា​ជម្រើស​ទី១​របស់​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​គ្រប់​រូប​គួរ​យល់​ដឹង លើក​លែង​តែ​មាន​ករណី​ពិសេស​មួយ​ចំនួន​ទើប​សម្រេច​យក​ការ​សម្រាល​ដោយ​ការ​វះ​កាត់​ដូចជា៖

    ១- ក្បាល ឬ​ដង​ខ្លួន​ទារក​ធំ​ពេក (ទារក​ធំ​ជាង​អាង​ត្រគាក​ម្ដាយ) ឬអាង​ត្រគាក​ម្ដាយ​តូច​ពេក

    ២- ធ្លាប់​ធ្វើ​ការ​វះកាត់​សម្រាល​កូន​ពី​មុន យ៉ាង​ហោច​ណាស់​ ២ ដង ឬវះកាត់​ស្បូន​បញ្ឈរ

    ៣- កូន​ភ្លោះ ឬ​ច្រើន​ជាង​ពីរ (ករណី​ខ្លះ​អាច​កើត​តាម​ទ្វារ​មាស​បាន)

    ៤- សុក​ពាំងមាត់​ស្បូន

    ៥- ទីតាំង​គូទ និង​ជើង​របស់​ទារក​ក្នុង​ផ្ទៃ នៅ​មាត់​ស្បូន​មុន​សម្រាល (ឬ​កូន​មិន​បង្វិល​ក្បាល)

    ៦- មាត់​ស្បូន​ឈប់​បើក​ពេល​ស្បូន​កំពុង​កន្ត្រាក់​ឈឺ​ពោះ ឬទារក​មិន​ធ្លាក់​ចុះ​ក្រោម

    ៧- ទង​សុក​ធ្លាក់​ចេញ​ក្រៅ​មាត់​ស្បូន មុន​ពេល​ទារក​សម្រាល​ចេញ

    ៨- សុក​របក​ចេញ​ពី​តួ​ស្បូន​មុន​ពេល​ទារក​សម្រាល​ចេញ

    ៩- ទារក​នៅ​ក្នុង​ស្បូន​ខ្សោយ បេះ​ដូង​ដើរ​មិន​ទៀត​ទាត់ តិច​ជាង១០០​ដង​ក្នុង​មួយ​នាទី ឬ​ច្រើន​ជាង ១៦០​ដង​ក្នុង​មួយ​នាទី

    ១០- បម្រុង​ក្រឡា​ភ្លើង (លើស​សម្ពាធ​ឈាម និង​មាន​ប្រូតេអ៊ីន​នៅ​ក្នុង​ទឹក​នោម)

    ១១- កូនទទឹងពោះ

    ១២- ម្ដាយ​មាន​ជំងឺ​បេះ​ដូង សួត កាម​រោគ និង​អេដស៍

    លោក​វេជ្ជបណ្ឌិត បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ករណី​ដែល​ស្ត្រី​ពពោះ មាន​បញ្ហា​ទាំង​ ១២ ​ចំណុច​ដែល​បាន​រៀប​រាប់​ហូរហែ​ខាង​លើ​នេះ គឺ​ចៀស​មិន​ផុត​ពី​ការ​សម្រាល​ដោយ​វះកាត់​ឡើយ។ ដូច្នេះ​ហើយ នៅ​អំឡុង​ពេល​ដែល​ពពោះ ម៉ាក់​ៗ​ទាំង​ឡាយ​ត្រូវ​រក្សា​សុខភាព​ឲ្យ​បាន​ល្អ ត្រូវ​ទៅ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ជំនាញ និង​ទៅ​ពិនិត្យ​សុខភាព​តាម​កាល​កំណត់​ឲ្យ​បាន​ខ្ជាប់ខ្ជួន។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 25/06/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត