backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

៥ យ៉ាងនេះ ម៉ាក់ៗទើបសម្រាលកូនថ្មីថ្មោងតែងតែចង់ដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 27, 2021

៥ យ៉ាងនេះ ម៉ាក់ៗទើបសម្រាលកូនថ្មីថ្មោងតែងតែចង់ដឹង

ក្រោយសម្រាលម៉ាក់ៗត្រូវថែទាំសុខភាពខ្លួនឯងផង ព្រមទាំងមានភារៈមើលថែទាំកូនតូចឲ្យបានល្អផង។ នាមជាម្តាយថ្មីថ្មោង ច្បាស់ជាមានចម្ងល់ច្រើនពាក់ព័ន្ធនឹងស្ថានភាពក្រោយសម្រាល តែមិនបាច់បារម្ភទេ Hello គ្រូពេទ្យនឹងយកចម្ងល់ចំនួន ៥ ដែលម៉ាក់ៗទើបតែសម្រាលអាអូនថ្មីថ្មោងសួរញឹកញាប់ មកបកស្រាយជាមួយវេជ្ជបណ្ឌិតជំនាញ។

១. សម្រាលកូនរួច ពេលណាទើបបាត់ធ្លាក់ឈាម?

តាមការរៀបរាប់របស់លោកវេជ្ជបណ្ឌិតឯកទេសជំងឺទូទៅ ចាន់ ស៊ីណេត ការធ្លាក់ឈាមកករឃ្លោកមានរយៈពេលពី ៤–៦ សប្តាហ៍។ ការធ្លាក់ឈាមកករឃ្លោកនៅ ១ សប្តាហ៍ដំបូងមានបរិមាណច្រើន ឯឈាមមានពណ៌ក្រហមក្រម៉ៅ កកដុំៗ ហើយនៅសប្តាហ៍ទី២ ទី៣ បរិមាណនៃការធ្លាក់ឈាមតិចជាងមុន ឯពណ៌វិញក្រហមស្រស់ ហើយនៅសប្តាហ៍ទី ៤–៦ ការធ្លាក់ឈាមកាន់តែតិចៗ ឬអស់តែម្តង។

២. សម្រាលកូនរួច ធ្វើម៉េចសម្បូរទឹកដោះឲ្យកូនម៉ឹម?

សំណួរនេះ ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត លោកវេជ្ជបណ្ឌិត គាន់ អូន បកស្រាយថា ទី១ ម្តាយត្រូវញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ និងមានគុណភាព មានន័យថា អាហារញ៉ាំត្រូវចម្រុះមុខ មានទាំង ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ទឹកដោះគោសម្រាប់ស្ត្រីបំបៅកូនដោយទឹកដោះម្តាយ ទើបកូនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ពីទឹកដោះម្តាយ មិនមែនញ៉ាំៗឲ្យតែតឹងពោះ មិនមានវីតាមីនគ្រប់គ្រាន់ផ្តល់ឲ្យកូននោះទេ។ ទី២ ម្តាយត្រូវផឹកទឹកឲ្យបានច្រើន ទី៣ ត្រូវបំបៅដោះកូនឲ្យបានញឹកញាប់ ហើយទៀងទាត់។

៣. សម្រាលកូនរួច ពេលណាទើបមករដូវវិញ?

ក្រោយសម្រាលកូនរួច ស្រ្តីអាចមានរដូវដូចធម្មតាវិញនៅចន្លោះពី ១ខែកន្លះ-៣ខែ ឬយូរជាងនេះ អាស្រ័យទៅលើលក្ខខណ្ឌ នៃការបំបៅដោះកូន។បើសិនជាម៉ាក់ៗឲ្យកូនម៉ឹមទឹកដោះម្តាយតែមួយមុខឲ្យបានញឹកញាប់ និងទៀងទាត់ នោះពេលវេលានៃការមករដូវកាន់តែយូរ នេះបើតាមការឲ្យដឹងពីគ្រូពេទ្យព្យាបាលរោគស្ត្រី និងសម្ភព នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក អ៊ូង មុនីរស្មី។

៤. សម្រាលកូនរួច ពេលណាអាចរួមភេទបាន?

តាមវិទ្យាសាស្ត្រ ជាទូទៅ ស្ត្រីគួរចាំរហូតដល់ពេលទ្វារមាសលែងហូរឈាម អាចពី ៤-៦ សប្តាហ៍ បន្ទាប់ពីសម្រាលអូនៗរួច ដើម្បីទុកពេលឲ្យកន្លែងសុកដាច់ចេញ បានជាសះស្បើយឡើងវិញ។ ករណីរួមភេទមុនពេលរបួសជាសះ អាចបង្ករោគ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ពន្យល់ថា ក្រោយសម្រាលកូនរួច ៦សប្តាហ៍ រាងកាយ និងទ្វារមាសស្ត្រីអាចវិលត្រលប់មកសភាពធម្មតាវិញហើយ ដែលអំឡុងពេលនេះស្ត្រីអាចទៅជួបគ្រូពេទ្យតាមការណាត់ដើម្បីពិនិត្យមើល បើមិនមានបញ្ហាទេ អាចចាប់ផ្តើមរួមភេទជាមួយដៃគូវិញបាន។

រួមភេទក្រោយសម្រាល

៥. សម្រាលកូនរួច ពេលណាអាចហាត់ប្រាណបាន?

ស្ត្រីសម្រាលកូនតាមធម្មជាតិ គ្រូពេទ្យណែនាំឲ្យធ្វើចលនារាងកាយ តាំងពីថ្ងៃសម្រាលកូនដំបូងម្ល៉េះ ដោយឲ្យដើរចុះដើរឡើងក្នុងបន្ទប់ ដើម្បីឲ្យចលនាឈាមដើរបានស្រួល ជំរុញឲ្យការធ្លាក់ឈាមក្រោយសម្រាល (កករឃ្លោក) បានល្អ ឆាប់អស់។ បន្ទាប់ពីចេញពីមន្ទីរពេទ្យ ស្ត្រីដែលសម្រាលកូនដោយធម្មជាតិអាចចាប់ផ្តើមធ្វើលំហាត់ប្រាណបានហើយ ដោយដំបូងៗជ្រើសរើសលំហាត់ប្រាណណាស្រួលៗ ដោយដូចជាដើរ ហាត់យូហ្កា ជាដើម ចៀសវាងក្បាច់ណាខ្លាំង ឯការហែលទឹកត្រូវរង់ចាំដល់ឈាមឈប់ធ្លាក់។

ចំពោះស្ត្រីដែលសម្រាលកូនដោយវះកាត់ ទាល់តែរយៈពេល១ខែកន្លះឡើងទៅ ទើបអាចហាត់ប្រាណបាន ដោយយើងត្រូវពិនិត្យមើលស្នាមវះកាត់តើជាសះហើយ ឬនៅ? នៅឈឺឬអត់? ចំពោះការហាត់លើកដំបូងទៀតសោត ត្រូវហាត់ថ្នម សន្សឹមៗ ដោយជ្រើសរើសក្បាច់ហាត់ប្រាណណាងាយៗ នោះទើបមិនបង្កផលវិបាក។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 27, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម