ទឹកក្រូចស្រស់ ​អាច​​បញ្ចុះ​​ជាតិ​​ខ្លាញ់​អាក្រក់​ក្នុង​​ខ្លួន​យើង​បាន?

    ទឹកក្រូចស្រស់ ​អាច​​បញ្ចុះ​​ជាតិ​​ខ្លាញ់​អាក្រក់​ក្នុង​​ខ្លួន​យើង​បាន?

    អ្នកធាត់ៗ​ប្រឈម​ច្រើន​ចំពោះរឿង​លើស​ជាតិ​ខ្លាញ់ និង​ជំងឺ​ផ្សេងៗទៀត ដោយសារ​តែ​របបអាហារ និង​ទម្លាប់​រស់នៅ។ ប៉ុន្តែ មាន​ការ​លើកឡើង​ថា ទឹកក្រូចស្រស់ អាច​កាត់បន្ថយ​ជាតិ​ខ្លាញ់​អាក្រក់​ក្នុង​រាងកាយយើង​បាន។ តើ​ពិត​អត់?

    ១- ទឹក​ក្រូច​ស្រស់ និង​ជាតិ​ខ្លាញ់​អាក្រក់ LDL

    ធ្លាប់​មាន​ការ​សិក្សា​បង្ហាញ​ថា ញ៉ាំ​ទឹក​ក្រូច​ស្រស់​អាច​បញ្ចុះ​កម្រិត​ជាតិ​ខ្លាញ់​អាក្រក់ LDL ចំពោះ​តែ​មនុស្ស​មួយ​ចំនួន ប៉ុន្តែ​ភស្តុតាង​បង្ហាញ​គាំទ្រ​ការ​សិក្សា​នេះ នៅ​មាន​កម្រិត ខណៈ​ការ​សិក្សា​មួយ​នៅ​ឆ្នាំ២០១០ បាន​ផ្សព្វ​ផ្សាយ​តាម​រយៈ​ព័ត៌មាន និង​ស្រាវជ្រាវ​អាហារូបត្ថម្ភ បង្ហាញ​ថា ផឹក​ទឹក​ក្រូច​ស្រស់ ៧៥០ មិល្លីលិត្រ/ថ្ងៃ រយៈពេល ២​ ខែ អាច​បញ្ចុះ​សារធាតុ​ខ្លាញ់​អាក្រក់ LDL សម្រាប់​អ្នក​មាន​ជំងឺ​កម្រិត​កូលេស្តេរ៉ូល​សរុប​ខ្ពស់។

    ប៉ុន្តែ​ការ​សិក្សា​មួយ​ទៀតផ្ដោត​តែ​ចំពោះ​ជំងឺ​សរសៃ​ឈាម​បេះដូង (Arteriosclerosis) ជំងឺ​ដុំ​កំណក​ឈាម (Thrombosis) និង​បញ្ហា​ជីវសាស្ត្រ​លើ​សរសៃ​ឈាម (Vascular biology) ធ្វើ​ឡើង​នៅ​ខែមីនា ឆ្នាំ២០០៤ បែរ​ជា​បង្ហាញ​ថា ទឹក​ក្រូច​សុទ្ធ​ស្រស់​ មិន​មាន​សកម្ម​ភាព​បញ្ចុះ​កម្រិត LDL ចំពោះ​ជំងឺ​លើស​កម្រិត​ជាតិ​កូលេស្តេរ៉ូល​ឡើយ។

    ២- ទឹក​ក្រូច​ស្រស់ និង​ខ្លាញ់​ល្អ HDL

    ការ​សិក្សា​ពីរ​ខាង​លើ ក៏​បង្ហាញ​ថា ទឹក​ក្រូច​ស្រស់​គ្មាន​ទំនាក់​ទំនង​ជាមួយ​ខ្លាញ់​ល្អ HDL ដែរ ប៉ុន្តែ​ការ​សិក្សា​មួយ​ធ្វើ​ឡើង​លើ ២០០០ ករណី​ផ្សេង​ទៀត ចេញ​ផ្សាយ​នៅ​កាសែត​អាហារូបត្ថម្ភ​អាមេរិក​ បង្ហាញ​ថា ផឹក​ទឹក​ក្រូច ៧៥០ ​មិល្លីលីត្រ ធ្វើ​ឲ្យកើន​ឡើង​ខ្លាញ់​ល្អ HDL សម្រាប់​អ្នក​មាន​ជំងឺ​កូលេស្តេរ៉ូល​ខ្ពស់ ក្នុង​កម្រិត​មធ្យម។ អ្នកស្រាវ​ជ្រាវ​ជឿជាក់​ថា នេះ​បណ្តាល​មក​ពី​ប្រសិទ្ធភាព​នៃ​សារធាតុ Flavonoids នៅ​ក្នុង​ទឹក​ក្រូច។

    ៣- ទឹក​ក្រូច​ស្រស់​សម្បូរ​សារធាតុ Sterols

    សារធាតុ Sterols និង Stanols ត្រូវ​បាន​ស្គាល់​ថា​ជា Phytosterols ជា​សារធាតុ​ធម្មជាតិ​ផលិត​ដោយ​រុក្ខជាតិ ស្រដៀង​នឹង​កូលេស្តេរ៉ូល ប៉ុន្តែ​វា​អាច​ទៅ​បញ្ឈប់​ការ​ស្រូប​កូលេស្តេរ៉ូល​នៅ​ក្នុង​បំពង់​អាហារ​បាន។ បើ​យោង​តាម​សាកល​វិទ្យាល័យ California Davis ថា ការ​ញ៉ាំ​សារធាតុ​នេះ​ជា​ប្រចាំ​ ១-២ ក្រាម/​ថ្ងៃ អាច​បញ្ចុះ​ខ្លាញ់ LDL ពី ៦-១០ ភាគរយ។ ម៉ាក​ផលិតផលខ្លះ​ ពង្រឹង​ផលិតផល​របស់​គេ​ដោយ​ប្រើ​សារធាតុ​នេះ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​របស់​ទឹក​ក្រូច​ស្រស់។

    ទឹកក្រូចស្រស់ Hello គ្រូពេទ្យ

    អត្ថបទ​ពាក់ព័ន្ធ៖

    ៤- សារធាតុ Flavonoids (ត្រូវ​ការ​ស្រាវជ្រាវ​បន្ថែម)

    យោង​ទៅ​តាម​វិទ្យាស្ថាន Linus Pauling នៅ​អាមេរិក សារ​ធាតុ Flavonoids ក្នុង​ទឹក​ក្រូច​ស្រស់ មាន​ជាតិ Naringenin និង Hesperidin ដែល​ដើរ​តួ​ជា​ភ្នាក់​ងារ​ប្រឆាំង​អុកស៊ីត​កម្ម។ គេ​ជឿ​ថា សារធាតុ​នេះមាន​ប្រសិទ្ធ​ភាព​វិជ្ជមាន​លើ​កម្រិត​កូលេស្តេរ៉ូល។ ទោះ​យ៉ាង​នេះ​ក្ដី ការសិក្សា​ទាំង​នេះ​ភាគ​ច្រើន ​ធ្វើ​ឡើង​ចំពោះ​សត្វ​ប៉ុណ្ណោះ ហើយ​ដើម្បី​បញ្ជាក់​ថា សារធាតុ Flavonoid អាច​ជួយ​ព្យាបាល​បញ្ហា​ឡើង​កូលេស្តេរ៉ូល​បាន យើង​នៅ​ទាមទារ​ការ​សិក្សា​ជា​ច្រើន​បន្ថែម​ទៀត។

    ៥- ទឹក​ក្រូច​ស្រស់​មាន​សារៈ​សំខាន់​អ្វី​ខ្លះ?

    ទឹក​ក្រូច​ស្រស់ អាច​ជួយ​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល​ចំពោះ​អ្នក​ជំងឺ​មួយ​ចំនួន ប៉ុន្តែ​ការបក​ស្រាយ​បែប​វិទ្យា​សាស្រ្ត គឺ​ស្ថិត​នៅ​ក្នុង​ការ​ពិភាក្សា​នៅ​ឡើយ។ អ្នក​ស្រាវ​ជ្រាវ ត្រូវ​ការ​ពេល​វេលា​បន្ថែម និងធន​ធាន ដើម្បី​បន្ត​ការ​សិក្សា​លើ​គុណប្រយោជន៍​ពី​ទឹក​ក្រូច​ស្រស់។ ជា​រឿង​ចាំ​បាច់​ យើង​នៅ​តែ​ត្រូវ​ការ​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ផឹក​ទឹក​ក្រូច​ស្រស់​ជំនួស​ភេសជ្ជៈ​ធម្មតា ដើម្បី​រក្សា​សំណើម​ក្នុង​ខ្លួន។ បើ​យើង​ចង់​បាន​ប្រយោជន៍​ច្រើន គួរ​ទិញ​ទឹក​ក្រូច​ដែល​មាន​សារធាតុ Sterols ពី​ធម្មជាតិ​មក​ញ៉ាំ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Does Drinking Orange Juice Lower Your Cholesterol? http://healthyeating.sfgate.com/drinking-orange-juice-lower-cholesterol-11557.html. Accessed August 21, 2017.

    Does Drinking Orange Juice Lower Your Cholesterol? http://www.livestrong.com/article/534018-does-drinking-orange-juice-lower-your-cholesterol/. Accessed August 21, 2017.

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Sao Solynet កែសម្រួល​ចុងក្រោយ 24/03/2021
    ត្រួតពិនិត្យដោយ គឹម កាណែល