ម៉ាក់ៗទើបសម្រាលកូនរួចមួយចំនួនទំនងជាមានចម្ងល់ថាតើក្រោយរយៈពេលសម្រាលប៉ុន្មានថ្ងៃ ឬខែទើបអាចហាត់ប្រាណបាន។ ការហាត់ប្រាណក្រោយសម្រាល ក៏ជារឿងសំខាន់សម្រាប់ម៉ាក់ថែទាំសុខភាពក្រោយសម្រាលឲ្យបានល្អដែរ។ ថ្ងៃនេះ Hello គ្រូពេទ្យ លើកយកតែចំណុចថាតើម៉ាក់ៗសម្រាលដោយវះកាត់ តើអាចចាប់ផ្ដើមហាត់ប្រាណបានវិញនៅពេលណា?
ម៉ាក់ៗសម្រាលកូនដោយវះកាត់ ច្បាស់ណាស់ថាត្រូវការរយៈពេលយូរជាងអ្នកសម្រាលកូនដោយធម្មជាតិមិនខាង ដើម្បីអាចវិលទៅរកការហាត់ប្រាណបានវិញនោះ។ សម្រាប់ម៉ាក់ៗសម្រាលកូនដោយវះកាត់ហើយភ្លាមៗ ជាធម្មតាគឺគ្រូពេទ្យហាមលើករបស់ដែលមានទម្ងន់ធ្ងន់ជាងទម្ងន់របស់កូន។
![រាំហាត់ប្រាណ](https://cdn.hellokrupet.com/wp-content/uploads/2021/04/935ae692-រាំហាត់ប្រាណ-300x188.jpg)
ការសិក្សាខ្លះបានណែនាំថាម៉ាក់ៗសម្រាលកូនដោយវះកាត់ត្រូវរង់ចាំយ៉ាងហោចណាស់ពីប្រាំបី ទៅ១០សប្ដាហ៍ក្រោយសម្រាលមុនចាប់ផ្ដើមហាត់ប្រាណបែបស្រាលឡើងវិញដូចជាដើរ រត់តិចៗ ឬជិះកង់យឺតៗជាដើម។ សម្រាប់ការហាត់ប្រាណបែបខ្លាំងៗវិញ គួរចៀសវាងក្នុងអំឡុងពេល៣ទៅ៤ ខែក្រោយសម្រាល។ ត្រូវចាំថាទោះជាយើងអាចហាត់ប្រាណបែបស្រាលៗបានវិញក៏ដោយ តែបើយើងមានអាការៈឈឺចាប់ ត្រូវបញ្ឈប់ការហាត់ប្រាណភ្លាមដែរ។
យ៉ាងណាក៏ដោយ ជាការល្អបើយើងបានពិភាក្សាជាមួយគ្រូពេទ្យជាមុន ថាពេលណាគួរហាត់ប្រាណព្រោះថាមនុស្សស្រីយើងមិនដូចគ្នាទេ ដោយអ្នកខ្លះអាចឆាប់ជាពីមុខរបួសលឿន និងអ្នកខ្លះទៀតអាចត្រូវការពេលយូរបន្តិចក៏មានដែរ។
លំហាត់ប្រាណដែលអ្នកជំនាញជឿថាមានសុវត្ថិភាពបំផុតសម្រាប់ស្រីៗយើងហាត់ក្រោយសម្រាលកូនរួមមាន៖
ដើរ ហែលទឹក (ពេលឈប់ធ្លាក់ឈាម) យ៉ូហ្កា លើកទម្ងន់ស្រាលៗ និង ជិះកង់ ជាដើម។