ក្រោយសម្រាលកូនរួច ស្រីៗភាគច្រើន គីឡូប្រហែលជាមិនទាន់ស្រកភ្លាមៗនោះទេ អ៊ីចឹងហើយមានតែវិធីហាត់ប្រាណប៉ុណ្ណោះ ដែលជួយឲ្យទម្ងន់ឆាប់ស្រក ឯសុខភាពក៏ល្អទៀត ដោយកាត់បន្ថយស្ត្រេស ជួយឲ្យគេងលក់ស្រួល ។ ម៉ាក់ៗដែលសម្រាលកូនរួច តើពេលណាអាចហាត់ប្រាណបាន?
បកស្រាយចម្ងល់នេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសរោគស្ត្រី និងសម្ភព នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ថា ការហាត់ប្រាណក្រោយសម្រាលជារឿងសំខាន់ តែស្រីៗក៏ត្រូវប្រយ័ត្នប្រយែងដែរ ពិសេសស្រីៗដែលសម្រាលកូនដោយវះកាត់ ព្រោះការធ្វើចលនារាងកាយបាន លុះណាតែស្នាមរបួស ឬថ្នេរជាសះស្បើយស្រួលបួល។
លោកវេជ្ជបណ្ឌិតថា ស្ត្រីដែលសម្រាលកូនដោយវះកាត់ ទាល់តែរយៈពេល១ខែកន្លះឡើងទៅ ទើបអាចហាត់ប្រាណបាន ដោយយើងត្រូវពិនិត្យមើលស្នាមវះកាត់តើជាសះហើយ ឬនៅ? នៅឈឺឬអត់? ចំពោះការហាត់លើកដំបូងទៀតសោត ត្រូវហាត់ថ្នម សន្សឹមៗ ដោយជ្រើសរើសក្បាច់ហាត់ប្រាណណាងាយៗ នោះទើបមិនបង្កផលវិបាក។
ចំណែកឯស្ត្រីដែលសម្រាលកូនដោយធម្មជាតិវិញ ការហាត់ប្រាណល្អខ្លាំង ព្រោះអាចពង្រឹងសាច់ដុំ និងឲ្យរាងកាយយើងឆាប់ត្រលប់មកធម្មតាវិញ ជួយសម្រកគីឡូ ធ្វើឲ្យរាងស្អាត កាត់បន្ថយស្បែកយារធ្លាក់។ ផ្ទុយពីស្ត្រីដែលសម្រាលកូនដោយវះកាត់ ម៉ាក់ៗដែលសម្រាលកូនដោយធម្មជាតិ គ្រូពេទ្យណែនាំឲ្យធ្វើចលនារាងកាយ តាំងពីថ្ងៃសម្រាលកូនដំបូងម្ល៉េះ ដោយឲ្យដើរចុះដើរឡើងក្នុងបន្ទប់ ដើម្បីឲ្យចលនាឈាមដើរបានស្រួល ជំរុញឲ្យធ្លាក់ឈាមក្រោយសម្រាលបានល្អ ឆាប់អស់។
បន្ទាប់ពីចេញពីមន្ទីរពេទ្យ ស្ត្រីដែលសម្រាលកូនដោយធម្មជាតិអាចចាប់ផ្តើមធ្វើលំហាត់ប្រាណបានហើយ ដោយដំបូងៗជ្រើសរើសលំហាត់ប្រាណណាស្រួលៗ ដោយដូចជាដើរ ហាត់យូហ្កា ជាដើម ចៀសវាងក្បាច់ណាខ្លាំង ឯការហែលទឹកត្រូវរង់ចាំដល់ឈាមឈប់ធ្លាក់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕