backup og meta

ហេតុផល ១០យ៉ាង ធ្វើឱ្យយើងចង់ញុំាអាហារប្រៃៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 23, 2021

    ហេតុផល  ១០យ៉ាង ធ្វើឱ្យយើងចង់ញុំាអាហារប្រៃៗ

    ពេលខ្លះយើងចង់ញុំាអាហារប្រៃៗដូចជា ដំឡូងបំពង ឬនំកញ្ចប់ជាខ្លាំង ដែលមាន​ន័យ​ថារាងកាយយើងត្រូវការអំបិល (សូដ្យូម) បន្ថែមហើយ។ ហេតុអ្វីបានជាពេល​ខ្លះយើង​ចង់ញុំាអាហារប្រៃៗដូចនេះ?

    មានហេតុផលជា​ច្រើន​ដែល​ធ្វើឱ្យយើងចង់ញុំាអាហារប្រៃៗ៖

    ១. ខ្វះជាតិទឹក

    នៅពេលរាងកាយយើងខ្វះជាតិទឹក ខួរក្បាលយើងនឹងបញ្ជូន​សញ្ញាឱ្យយើង​ចង់ញុំា​អាហារប្រៃៗដើម្បីឱ្យយើងញុំាទឹក។ អាការៈ​មួយ ចំនួនដែលបង្ហាញ​ថារាងកាយ​យើង​ខ្វះជាតិទឹកមាន​ដូច​ជា​ ស្រេកទឹក ឈឺក្បាល វិលមុខ បេះដូងលោតញាប់ មួម៉ៅ រមួលក្រពើ ឬរមួលសាច់ដុំជាដើម។

    ២. បែកញើសច្រើន

    ពេលយើងបែកញើសច្រើន យើងនឹងបាត់បង់ជាតិទឹក​​ និងសារធាតុ​សូដ្យូម​ច្រើនដែល​ធ្វើឱ្យរាងកាយយើងត្រូវ​ការ​អាហារមាន​ជាតិ​ប្រៃ ដើម្បីបំពេញជាតិសូដ្យូមឡើងវិញ។

    ៣. ទម្លាប់ញុំាអាហារប្រៃៗ

    ប្រសិនបើយើងចូលចិត្តញុំាអាហារប្រៃៗ រាងកាយយើងនឹងចង់ញុំាអាហារប្រៃៗទៀត ព្រោះជាទម្លាប់។ ប្រសិនបើយើងកាត់បន្ថយការញុំាអាហារប្រៃៗ យូរៗទៅរាងកាយ​យើង​នឹងសុំានឹងការញុំាអាហារមិនសូវប្រៃ ឬសាបហើយ។

    ៤. ខ្សោយក្រពេញលើតម្រងនោម

    ប្រសិនបើយើងខ្សោយក្រពេញលើតម្រងនោម រាងកាយយើងមិនអាច​ផលិតអ័រម៉ូន​មួយ​ចំនួនបានគ្រប់គ្រាន់ទេ រួមទាំងអ័រម៉ូន Cortisol ដែលជាអ័រម៉ូនគ្រប់គ្រង​តុល្យភាព​ជាតិទឹក និងសូដ្យូមក្នុងខ្លួនយើងដែលធ្វើឱ្យយើងចង់ញុំាអាហារប្រៃ។

    ៥. មានភាពតានតឹង

    នៅពេលយើងស្ត្រេស រាងកាយយើងនឹងបញ្ចេញអ័រម៉ូន cortisol ច្រើនដែលធ្វើឱ្យយើង​ចង់ញុំាអាហារច្រើន ដើម្បីឱ្យអារម្មណ៍យើងធូរស្រាល ហើយ​ជាទូទៅ អាហារដែល​មាន​ជាតិស្ករ ខ្លាញ់ និងអំបិលខ្ពស់ គឺជាអាហារដែលឆ្ងាញ់ ​និងធ្វើឱ្យសប្បាយចិត្ត។

    ៦. គេងមិនគ្រប់គ្រាន់

    ការ​គេង​មិន​បាន​គ្រប់គ្រាន់ធ្វើឱ្យរាងកាយយើងបញ្ចេញអ័រម៉ូនដែល​ធ្វើ​ឱ្យយើងមាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង និងចង់ញុំាអាហារច្រើន។ ជាលទ្ធផល​យើង​ចង់ញុំាអាហារ​ដែល​ធ្វើ​ឱ្យយើងសប្បាយចិត្តដូចជា អាហារដែលមានអំបិល ស្ករ និងខ្លាញ់ខ្ពស់។

    ៧. មានជំងឺ Bartter

    ជំងឺ Bartter ជាជំងឺតម្រងនោម មួយ​​ប្រភេទដែលធ្វើឱ្យរាងកាយ​យើងមិនអាច​ស្រូបយក​សារជាតិសូដ្យូម និងបណ្តាលឱ្យយើងចង់ញុំាសូដ្យូមបន្ថែម។ ជំងឺនេះមាន​អាការៈ​ដូចជា សម្ពាធ​ឈាមចុះ​ទាប អស់កម្លាំង ឬរមួលសាច់ដុំ នោមញឹក ទល់លាមក និងមានគ្រួសក្នុងតម្រងនោម។

    ៨. ចាញ់កូន

    ម៉ាក់ៗដែលពពោះអាចមានអាការៈចាញ់ដែលបណ្តាលឱ្យម៉ាក់ៗក្អួត និងខ្សោះជាតិទឹក ​និងធ្វើឱ្យម៉ាក់ៗចង់ញុំាអាហារប្រៃៗ។

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចាញ់កូន

    ៩. រោគសញ្ញាមុនពេលមករដូវ

    មុនមករដូវ មួយ​អាទិត្យ ដោយសារការប្រែប្រួល​អ័រម៉ូន ស្រីៗមួយចំនួន​អាចចង់ញុំា​អាហារ​ប្រៃៗ ឬផ្អែមៗ។

    ១០. មានជំងឺសួតឡើងរឹង (Cystic Fibrosis)

    សួតឡើងរឹងជាជំងឺតំណពូជដែលប៉ះពាល់ដល់សួត និងប្រព័ន្ធរំលាយអាហារ និងធ្វើឱ្យ​រាងកាយយើង​ត្រូវការអំបិលច្រើន។ អាការៈសួតឡើងរឹងមានដូចជា ទល់លាមក គ្រួសក្នុងតម្រងនោម នោមញឹក សម្ពាធ​ឈាមចុះ​ទាប និងរមួលសាច់ដុំជាដើម។

    នៅពេលយើងចង់ញុំាអាហារប្រៃៗ យើងអាចញុំាទឹកឱ្យបានច្រើន​ដើម្បី​ជួយ​រក្សា​តុល្យភាព​ជាតិទឹកក្នុងខ្លួន និងញុំាអាហារដែលផ្ទុកប៉ូតាស្យូម​ខ្ពស់​ដូចជា សារាយសមុទ្រ ដំឡូង​ជ្វា ស៊ុតស្ងោ ល្ងខ្មៅ គ្រាប់ផ្លែឈើដូចជា គ្រាប់Walnut និងផ្លែឈើដូចជា ផ្លែប៉ែស ចេក ព្រូន ប៊្លូបឺរី បឺរ ជាដើម ជាជាងញុំាអាហារដែលមានជាតិប្រៃ​ខ្ពស់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 23, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម