ការសិក្សារបស់អាមេរិក រកឃើញថា អ្នកទម្លាប់ចូលគេងមិនទៀងទាត់ ប្រឈមការវិវត្តកើតជំងឺធាត់ ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម។ ការសិក្សានេះ អ្នកស្រាវជ្រាវ ផ្ដោតលើបម្រែបម្រួលការគេង ពីមួយថ្ងៃទៅមួយថ្ងៃ ខុសពីការសិក្សាមុនៗ ដែលផ្ដោតលើការគេងមិនគ្រប់គ្រាន់។ ការសិក្សានេះ ធ្វើឡើងដោយអ្នកស្រាវជ្រាវមកពីមន្ទីរពេទ្យស្ត្រី Brigham និងសាលាវេជ្ជសាស្ត្រ Harvard នៅក្រុង Boston របស់អាមេរិក។
អ្នកស្រាវជ្រាវ មានអ្នកជំងឺ ២.០០៣ នាក់ នៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម ហើយបានសិក្សា និងវាយតម្លៃលើការគេងរបស់ពួកគេ រយៈពេល ១សប្ដាហ៍។ ជាមធ្យម អ្នកជំងឺ គេង ៧ម៉ោង១៥នាទី/យប់ និងចូលគេងនៅម៉ោង ១១:៤០នាទី។ ប៉ុន្ដែ ២/៣ នៃអ្នកជំងឺ មានបម្រែបម្រួលរយៈពេលគេង ជាង ១ម៉ោង ហើយ ៤៥% នៃអ្នកជំងឺនេះ មានបម្រែបម្រួលពេលចូលគេង ជាង ១ម៉ោងផងដែរ។