ការពារខ្លួនពីវីរុសកូរ៉ូណាថ្មី ហេតុអីតម្រូវឲ្យលាងសម្អាតដៃញឹកញាប់?

    ការពារខ្លួនពីវីរុសកូរ៉ូណាថ្មី ហេតុអីតម្រូវឲ្យលាងសម្អាតដៃញឹកញាប់?

    នៅ​ក្នុង​សារ​អប់រំ​សុខភាព​ស្តី​ពី​ការ​កាត់​បន្ថយ​ហានិភ័យ​ពី​ការ​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) ក៏​ដូច​ជា​ក្រសួង​សុខាភិបាល តម្រូវ​ឲ្យ​លាង​សម្អាត​ដៃ​ជាមួយ​នឹង​សាប៊ូ និង​ទឹក​ស្អាត ឬ​ទឹក​លាង​ដៃ​ដែល​មាន​ជាតិ​អាល់កុល​ហ្សែល។ ហេតុអី​តម្រូវ​ និង​ក្រើន​រម្លឹក​ឲ្យ​​យើង​លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់?

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន បកស្រាយ​ថា លាង​សម្អាត​ដៃ​ជា​ការ​បង្កើន​អនាម័យ​ផ្ទាល់​ខ្លួន និង​អាច​កម្ចាត់​មេរោគ​បាន នៅ​រាល់​ពេល​យើងប៉ះពាល់​អ្នក​ជំងឺ ឬ​ប្រឡាក់​ប្រឡូកជាមួយ​សារធាតុរាវ​អ្វីមួយ។ លោក​វេជ្ជបណ្ឌិត​ថា ដៃ​យើង​មាន​តួនាទី​ចាប់​កាន់ ឬ​ប៉ះ​អ្វី​មួយ ដូច្នេះ​ងាយ​ចម្លង​ភាព​កខ្វក់​មក​តាម​ជាមួយ ហើយ​ទម្លាប់​របស់​យើង​ទៀត​សោត គឺ​តែង​យក​ដៃ​ទៅ​ប៉ះ​ជាមួយ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ មាន ច្រមុះ មាត់ ដែល​ជា​កន្លែង​ងាយ​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម។

    “ដៃ​យើង​ឧស្សាហ៍​យក​ទៅ​កេះ​ច្រមុះ ញីភ្នែក ខ្ទប់​មាត់ ខ្ទប់​ច្រមុះ ពេល​យក​ដៃ​ប្រឡាក់​មក​ជូត​ភ្នែក​ ជូត​មាត់​ធ្វើ​ឲ្យ​ងាយ​ឆ្លង​មេរោគ​បំផុត អ៊ីចឹង​ហើយ​ទើប​ក្បួន​ពេទ្យ​ណែនាំឲ្យ​លាង​សម្អាត​ដៃ​ឲ្យ​ញឹក​ញាប់ នោះ​អត្រា​ឆ្លង​កាន់​តែ​តិច” លោក​វេជ្ជបណ្ឌិត​រៀបរាប់។

    ការ​លាង​សម្អាត​ដៃ​តែ​មួយ​មុខ​មិន​គ្រប់​គ្រាន់​នោះ​ទេ ប៉ុន្តែ​អង្គការ​សុខភាព​ពិភព​លោក​ថា វា​ជា​រឿង​សំខាន់​ដែល​យើង​ចាំបាច់​ត្រូវ​ធ្វើ​ដំបូង​គេ ដើម្បី​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេងៗ បន្ថែមពី​នោះ​យើង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ខាងក្រោម​នេះ។

    – ខ្ទប់​មាត់ និង​ច្រមុះ​នៅ​ពេល​ក្អក ឬ​កណ្តាស់ ដោយ​ប្រើ​កន្សែង ក្រម៉ា ឬ​ក្រដាស

    – ចៀស​វាង​ការ​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ជំងឺ​ដែល​មាន​គ្រុន​ក្តៅ ក្អក ឬ​ផ្តាសាយ

    – ចម្អិន​សាច់ ស៊ុត ឲ្យ​ឆ្អិន​ល្អ មុន​នឹង​យក​ទៅ​ញ៉ាំ

    – ចៀស​វាង​ការ​ប៉ះពាល់​ជាមួយ​សត្វ​ព្រៃ ឬ​កន្លែង​ចិញ្ចឹម​សត្វ ដោយ​គ្មាន​ពាក់​សម្ភារៈ​ការពារ​ខ្លួន។

    តើ​ត្រូវ​លាង​សម្អាត​ដៃ​នៅ​ពេល​ណា​ខ្លះ?

    – បន្ទាប់​ពី​ក្អក ឬ​កណ្តាស់

    – ពេល​ថែទាំ​អ្នក​ជំងឺ

    – មុន​ពេល អំឡុង​ពេល និង​បន្ទាប់​ពី​រៀបចំ​អាហារ

    – មុន​ពេល​ញ៉ាំ

    – ក្រោយ​ពេល​បន្ទោរបង់

    – ពេល​ដៃ​កខ្វក់

    – បន្ទាប់​ពី​ប៉ះ​ពាល់​សត្វ ឬ​លាមក​សត្វ។

    របៀបលាងដៃត្រឹមត្រូវ៖

    ជំហានទី១៖ ត្រដុសបាតដៃទាំងសងខាង

    ជំហានទី២៖ ត្រដុសខ្នងដៃទាំងសងខាង

    ជំហានទី៣៖ ត្រដុសចន្លោះម្រាមដៃទាំងសងខាង

    ជំហានទី៤៖ ក្តាប់ម្រាមដៃទាំងសងខាងត្រដុសចូលគ្នា

    ជំហានទី៥៖ ត្រដុសម្រាមដៃនីមួយៗ

    ជំហានទី៦៖ ត្រដុសម្រាមដៃលើបាតដៃទាំងសងខាង

    ជំហាតទី៧៖ ត្រដុសបង្វិលកដៃទាំងខាង។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ 25/03/2020

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម