គាំងបេះដូង សម្លាប់មនុស្សរាប់លាននាក់ក្នុងមួយឆ្នាំៗ ខណៈជំងឺធ្វើឲ្យយើងប្រឈមខ្ពស់ស្លាប់ដោយគាំងបេះដូង គឺជំងឺសរសៃឈាមបេះដូងតែម្តង។ “Hello គ្រូពេទ្យ’ ថ្ងៃនេះ នឹងលើកឡើងពីអត្ថបទមួយពាក់ព័ន្ធកត្តានាំឲ្យលើជំងឺសរសៃឈាមបេះដូង អាចជួយយើងចេះការពារខ្លួនបាន។
ជំងឺបេះដូង បណ្តាលមកពីស្ទះសរសៃឈាមចិញ្ចឹមបេះដូង គេស្គាល់ថាជាជំងឺសរសៃឈាមអាកទែ ជាមូលហេតុនាំមុខគេនៃការស្លាប់នៅជុំវិញពិភពលោក។ ជំងឺគំរាមកំហែងអាយុជីវិតនេះ កើតចេញមកពីការកកស្ទះខ្លាញ់នៅក្នុងសរសៃអាកទែ រារាំងឈាមមិនឲ្យហូរទៅកាន់បេះដូងបាន។ បើគ្មានការផ្គត់ផ្គង់ឈាមបានគ្រប់គ្រាន់ បេះដូងអាចនឹងទទួលរងគ្រោះដោយសារកង្វះអុកស៊ីហ្សែន។ ខណៈកត្តាប្រឈមទាំងនេះ សុទ្ធតែធ្វើឲ្យយើងកើតជំងឺសរសៃឈាមបេះដូងបានគ្រប់ពេល៖
១- កម្រិតកូលេស្តេរ៉ូលក្នុងឈាមមិនល្អ
នេះមានន័យថា យើងមានជាតិកូលេស្តរ៉ូល LDL ច្រើនពេក (ខ្លាញ់អាក្រក់) និងកូលេស្តេរ៉ូល HDL តិចពេក (ខ្លាញ់ល្អ)។
២- សម្ពាធឈាមខ្ពស់ ឬលើសឈាម
មានសម្ពាធឈាមខ្ពស់ សំដៅលើសម្ពាធឈាមនៅត្រឹម ឬលើ ១៤០/៩០ មិល្លីម៉ែត្របារ៉ត ក្នុងរយៈពេលយូរ។ សម្រាប់អ្នកទឹកនោមផ្អែម ឬជំងឺតម្រងនោមរ៉ាំរ៉ៃ សម្ពាធឈាមគួរនៅត្រឹម ឬស្មើ១៣០/៨០ មិល្លីម៉ែត្របារ៉ត ហើយបើខ្ពស់ជាងនេះ ចាត់ទុកថាជាសញ្ញាជំងឺលើសឈាមហើយ។
៣- ជក់បារី
ជក់បារី មានផលប៉ះពាល់អាក្រក់ទៅលើសរសៃឈាម អាចនឹងនាំទៅដល់កម្រិតកូលេស្តេរ៉ូលមិនល្អ បង្កើនសម្ពាធឈាមឲ្យកើនខ្ពស់។ ជក់បារី ត្រូវគេដឹងថា បានធ្វើឲ្យកម្រិតផ្គត់ផ្គង់អុកស៊ីហ្សែនទៅកាន់ជាលិកាថយចុះ។
៤- មានភាពស៊ាំនឹងអ័រម៉ូនអាំងស៊ុយលីន
គ្នាយើងដែលមានភាពស៊ាំនឹងអ័រម៉ូនអាំងស៊ុយលីន បើរាងកាយមិនអាចដំណើរការអ័រម៉ូនអាំងស៊ុយលីនបានត្រឹមត្រូវ (អ័រម៉ូនទទួលខុសត្រូវកែតម្រូវជាតិស្ករក្នុងឈាមសម្រាប់ផលិតថាមពល) អាចប្រឈមខ្ពស់ធ្វើឲ្យមានជំងឺសរសៃឈាមបេះដូង។
៥- ជំងឺទឹកនោមផ្អែម
គ្នាយើង ឬម៉ាក់អ៊ំកើតជំងឺទឹកនោមផ្អែម គឺមានជាតិស្ករក្នុងឈាមខ្ពស់ ព្រោះរាងកាយមិនអាចផលិតអាំងស៊ុយលីនបានគ្រប់គ្រាន់ ឬមិនអាចប្រើប្រាស់អាំងស៊ុយលីនបានត្រឹមត្រូវ។
៦- លើសទម្ងន់ ឬធាត់
សម្រាប់អ្នកលើសទម្ងន់ ឬធាត់ បើទម្ងន់លើសពីរង្វាស់ BMI ត្រូវបានចាត់ទុកថា សុខភាពយើងមានបញ្ហាហើយ។
៧- ភាពអសកម្មរាងកាយ
បែបផែនជីវិតរស់នៅ ដោយអង្គុយជាប់ នៅមួយកន្លែងច្រើន មានទំនាក់ទំនងហានិភ័យកាន់តែខ្ពស់ជាមួយជំងឺសរសៃឈាម និងស្ថានភាពជំងឺពាក់ព័ន្ធដទៃទៀត។
៨- អាយុកាន់តែចាស់
វ័យកាន់តែចាស់ បង្កើនហានិភ័យកើតមានជំងឺបេះដូង ដោយសារស្ទះសរសៃឈាមចិញ្ចឹមបេះដូង។ ពិសេសចំពោះប្រុសៗ ការកើនឡើងនេះចាប់ផ្តើមនៅអាយុ ៤៥ ឆ្នាំ ខណៈចំពោះស្រីៗ ហានិភ័យកើនឡើងនៅអាយុ ៥៥ ឆ្នាំ។
៩- ប្រវត្តិគ្រួសារ
យើងនឹងមានឱកាសកាន់តែខ្ពស់កើតមានជំងឺបេះដូង ដោយសារស្ទះសរសៃឈាមចិញ្ចឹមបេះដូង បើសាច់ញាតិយើង ធ្វើរោគវិនិច្ឆ័យរកឃើញជំងឺនេះ ជាពិសេសនៅវ័យក្មេង។
អត្ថបទពាក់ព័ន្ធ៖
- លើសកូលេស្ដេរ៉ូល ឬជាតិខ្លាញ់ មានរោគសញ្ញាអីខ្លះ មកពីអ្វី?
- ក្រៅពីហាត់ប្រាណ កំណត់របបអាហារត្រឹមត្រូវ អាយុកាន់តែវែង
១០- កត្តាប្រឈមផ្សេងទៀត
– កម្រិតប្រូតេអ៊ីន C-reactive (CRP) នៅក្នុងឈាមខ្ពស់ពេក
– ខូចខាតលើជញ្ជាំងខាងក្នុងសរសៃអាកទែ
– កម្រិតជាតិខ្លាញ់ទ្រីគ្លីសេរីត (triglycerides) នៅក្នុងឈាមខ្ពស់ពេក
– បញ្ហាគេងអត់ដកដង្ហើម ដែលស្ថានភាពមួយសម្គាល់ដោយការស្ទះដង្ហើមក្នុងអំឡុងដំណេក។ បើទុកចោលមិនព្យាបាលអាច នឹងបង្កើនហានិភ័យជំងឺលើសឈាម ទឹកនោមផ្អែម និងថែមទាំងជំងឺគាំងបេះដូង ឬជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល ថែមទៀតផង។
– ថប់បារម្ភ ក៏ជាកត្តាភ្ញោចឃើញញឹកញាប់សម្រាប់ជំងឺគាំងបេះដូងដូចគ្នា
– ស្រារួមចំណែកធ្វើឲ្យខូចខាតសាច់ដុំបេះដូង
– បម្រុងក្រឡាភ្លើង ជាស្ថានភាពមួយកើតមានក្នុងអំឡុងពេលមានផ្ទៃពោះ។
មានកត្តាហានិភ័យ មិនមែនមានន័យថា យើងច្បាស់ជាកើតជំងឺបេះដូង សរសៃឈាមបេះដូង នោះទេ។ កត្តាជាច្រើនសុទ្ធតែអាចគ្រប់គ្រងបាន តាមរយៈទម្លាប់រស់នៅប្រកបដោយសុខភាពល្អដែលនឹងជួយយើងបង្ការ ពន្យារ អូសបន្លាយពេល ឬរក្សាស្ថានភាពជំងឺស្ថិតក្រោមការគ្រប់គ្រងបានល្អ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]