ប្រព័ន្ធសរសៃឈាម ឬប្រព័ន្ធសរសៃឈាមបេះដូង មានតួនាទីនាំយកអុកស៊ីសែន សារធាតុចិញ្ចឹម និងអ័រម៉ូនទៅកាន់កោសិការាងកាយ ដើម្បីប្រើប្រាស់ជាថាមពល ជំរុញការលូតលាស់ និងជួសជុលរាងកាយ។ ជាមួយគ្នានេះដែរ ប្រព័ន្ធសរសៃឈាមក៏អាចកម្ចាត់ចោលកាបូនឌីអុកស៊ីត ព្រមទាំងកាកសំណល់ផ្សេងទៀតចេញពីរាងកាយ។
ឈាម៖ បង្កើតឡើងដោយកោសិកា និងប្លាស្មា
បេះដូង៖ ជាសរីរាង្គសាច់ដុំដែលច្របាច់ឈាមទៅគ្រប់ផ្នែកនៃរាងកាយ
សរសៃឈាម៖ ជាបណ្ដាញសរសៃឈាម សរសៃឈាមតូចៗ និងសរសៃវ៉ែន ដើម្បីដឹកនាំឈាមទៅកាន់បេះដូង។
ឈាមដែលមានអុកស៊ីសែនទាបប្រមូលផ្ដុំនៅក្នុងថតខាងលើផ្នែកខាងស្ដាំនៃបេះដូង និងផ្លាស់ទីទៅថតបេះដូងផ្នែកខាងក្រោម ដោយច្របាច់ឈាមទៅក្នុងសួត និងកម្ចាត់ចោលកាបូនឌីអុកស៊ីត។ ចំណែកឈាមដែលសម្បូរអុកស៊ីសែនត្រលប់ទៅថតខាងលើផ្នែកខាងឆ្វេង និងផ្លាស់ទីទៅកាន់ថតខាងក្រោមផ្នែកខាងឆ្វេងវិញម្ដង។ ថតខាងក្រោមផ្នែកខាងឆ្វេងច្របាច់ឈាមដែលសម្បូរអុកស៊ីសែនតាមសរសៃអាអ័រ (Aorta) ចូលទៅក្នុងសរសៃឈាម និងទៅគ្រប់ផ្នែកទាំងអស់នៃរាងកាយរបស់យើង។
ជំងឺអ្វីខ្លះពាក់ព័ន្ធនឹងប្រព័ន្ធសរសៃឈាម?
១. ជំងឺសរសៃឈាមបេះដូង
ជំងឺសរសៃឈាមបេះដូងសំដៅលើជំងឺទាំងអស់ដែលទាក់ទងនឹងបេះដូង ព្រមទាំងសរសៃឈាម។ នៅពេលដែលសារធាតុខ្លាញ់ប្រមូលផ្ដុំនៅស្រទាប់សរសៃឈាម នោះសរសៃឈាមនឹងរួមតូច ហើយឈាមឆ្លងកាត់កាន់តែតិចតួច ដែលដំណើរនេះ ហៅថាជំងឺក្រិនសរសៃឈាមបេះដូង។ ពិតណាស់ នៅពេលដែលឈាមមានលំហូរយឺតយ៉ាវ អុកស៊ីសែន និងសារធាតុចិញ្ចឹមទៅកាន់សាច់ដុំបេះដូងក៏ត្រូវបានកាត់បន្ថយដូចគ្នា ដែលកត្តានេះ អាចនាំឲ្យយើងគាំងបេះដូងដោយមិនដឹងខ្លួន។
ទន្ទឹមនឹងនេះដែរ យើងអាចនឹងប្រឈមបញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាល ឬStroke ប្រសិនបើការផ្គត់ផ្គង់ឈាមទៅផ្នែកនៃខួរក្បាលត្រូវបានរាំងស្ទះ ដោយសារតែសរសៃឈាមស្ទះ ឬធ្លុះធ្លាយ ដែលស្ថានភាពមួយនេះ ចាំបាច់ត្រូវការការព្យាបាលជាបន្ទាន់។