និយមន័យ
១- អ្វីជាអាការៈឈឺទ្រូងផ្នែកខាងឆ្វេង?
អាការៈឈឺទ្រូង ដែលចាប់ផ្ដើមពីខាងឆ្វេង អាចកើតឡើងភ្លាមៗ ឈឺដូចគេចាក់ ខ្លាំងឡើងបន្តិចម្ដងៗ ឬឈឺអួលណែន។ គ្នាយើងចំនួន អាចមានការឈឺចាប់ពេលហាត់ប្រាណ ពេលដកដង្ហើមចូលជ្រៅ និងពេលសម្រាក ហើយអាការៈឈឺទ្រូងផ្នែកខាងឆ្វេងម្ដងម្កាលនេះ អាចកើតមាន ក៏បាត់ទៅវិញ ដោយមានទំនាក់ទំនងទៅនឹងបញ្ហាសុខភាពណាមួយយើងកំពុងមាន។
២- ឈឺទ្រូងផ្នែកខាងឆ្វេងកើតឡើងញឹកញាប់ដែរទេ?
ឈឺទ្រូងផ្នែកខាងឆ្វេង កើតញឹកញាប់ណាស់ អាចកើតលើមនុស្សគ្រប់វ័យ មិនថាប្រុស មិនថាស្រី។ យ៉ាងណា យើងអាចគ្រប់គ្រងអាការៈឈឺចាប់បាន ដោយបន្ថយកត្តាប្រឈម។ សូមពិក្សាជាមួយគ្រូពេទ្យ ដើម្បីទទួលបានព័ត៌មានបន្ថែម។
៣- រោគសញ្ញាឈឺទ្រូងផ្នែកខាងឆ្វេងមានអ្វីខ្លះ?
រោគសញ្ញាផ្សេងៗអាចកើតមានឡើង អាស្រ័យលើមូលហេតុជំងឺ អាចមានដូចជា៖
– ណែនក្នុងទ្រូង
– ឈឺនៅម្ដុំក ចង្កា និងដើមដៃ
– ដកដង្ហើមមិនដល់គ្នា
– បែកញើស
– ចង្អោរ
– ស្រាលក្បាល
– មានអារម្មណ៍ដូចចង់ដាច់ខ្យល់
– ឡើងស្នាមជាំលើស្បែក និងដៃជើង
– ឈឺចាប់ដោះជាដើម។
មូលហេតុបង្ក
៤- មូលហេតុបង្កឲ្យឈឺទ្រូងផ្នែកខាងឆ្វេង?
អាការៈឈឺទ្រូងផ្នែកខាងឆ្វេង ធ្វើឲ្យគ្នាយើងជំងឺ មានអារម្មណ៍ភ័យខ្លាច ដូចកើតជំងឺគាំងបេះដូងអ៊ីចឹង។ ទោះនេះជាមូលហេតុមួយគួរឲ្យភ័យខ្លាចក៏ដោយ នៅមានមូលហេតុផ្សេងទៀត អាចបង្កឲ្យមានការឈឺចុកចាប់ទ្រូងផ្នែកខាងឆ្វេងដែរ ដូចជា៖
– គាំងបេះដូង៖ ជំងឺគាំងបេះដូង កើតឡើងនៅពេលសាច់ដុំបេះដូងខូចខាត មិនមានអុកស៊ីហ្សែនទៅចិញ្ចឹមគ្រប់គ្រាន់។ ករណីខ្លះអាចចាប់ផ្ដើមពីកម្រិតស្រាល ហើយវិវត្តទៅសភាពធ្ងន់ធ្ងរបន្តិចម្ដងៗ ខណៈករណីខ្លះទៀត អាចកើតឡើងធ្ងន់ធ្ងរភ្លាមៗតែម្ដង នៅផ្នែកខាងឆ្វេង និងចំកណ្ដាលទ្រូង។
– រលាកសាច់ដុំបេះដូង៖ ឈឺទ្រូងដោយសារករណីនេះ មានន័យថា សាច់ដុំបេះដូង កំពុងមានការរលាក នាំឲ្យមានការប៉ះពាល់ទៅលើចរន្តអគ្គិសនីរបស់បេះដូង ធ្វើឲ្យបេះដូងខ្សោយ និងបង្កឲ្យខូចខាតធ្ងន់ធ្ងរ មិនអាចសង្គ្រោះបាន។ក្នុងករណីស្រាល វាអាចធូរស្រាលឡើងវិញដោយមិនបាច់ប្រើថ្នាំ តែបើធ្ងន់ធ្ងរ តម្រូវឲ្យមានការព្យាបាលដោយថ្នាំឲ្យចំមូលហេតុរបស់វា។
– ជំងឺសាច់ដុំបេះដូង៖ វាជាជំងឺកើតឡើងពេលសាច់ដុំបេះដូងរីកធំ។ ពេលខ្លះ វាអាចកើតដោយមិនមានរោគសញ្ញាអ្វីទាំងអស់ តែពេលខ្លះក៏អាចលេចឡើងជារោគសញ្ញាដែរ។
– រលាកស្រោមបេះដូង៖ ស្រោមបេះដូង ជាស្រទាប់មាន ២ជាន់ នៅពេលដែលតំបន់ណាមួយមានការរលាក ឬខូចខាត វាអាចបង្កជាការឈឺចុក ដូចគេចាក់នឹងកាំបិតនៅខាងឆ្វេង ឬចំកណ្ដាលទ្រូង។ អាការៈឈឺចាប់ អាចនៅតែម្ខាង ឬនៅស្មាសងខាង ហើយការឈឺចាប់បែបនេះ អាចច្រឡំនឹងការចុកបែបគាំងបេះដូង។ ក្នុងករណីស្រាល អាចធ្វើការជួសជល់វិញដោយមិនបាច់ប្រើថ្នាំ តែបើធ្ងន់ធ្ងរ តម្រូវឲ្យមានការព្យាបាលដោយថ្នាំចំនឹងមូលហេតុរបស់វា។
– ជំងឺស្លន់៖ ភាពស្លន់ កើតឡើងភ្លាមៗ និងធ្ងន់ធ្ងរក្នុងរយៈពេល ១០នាទី ដោយសារតែការចុកទ្រូង និងមូលហេតុផ្សេងៗ នៅពេលមានភាពស្លន់ម្ដងៗ បង្កឲ្យមានការគាំងបេះដូង។ បើគិតថាខ្លួនយើង កំពុងមានបញ្ហានេះ សូមប្រឹក្សាជាមួយគ្រូពេទ្យ។ រោគសញ្ញាផ្សេងទៀត ដូចជា ជំងឺបេះដូង និងវិបត្តិក្រពេញទីរ៉ូអ៊ីត អាចបង្កជាសញ្ញាស្រដៀងគ្នា ដូចនេះត្រូវកំណត់រោគវិនិច្ឆ័យឲ្យច្បាស់។ ជំងឺស្លន់ ជាជំងឺផ្លូវចិត្តអាចព្យាបាលបាន គ្រូពេទ្យអាចណែនាំការព្យាបាលដោយចិត្តសាស្ត្រ ប៉ុន្តែបើមានបញ្ហាកើតឡើងយូរហើយនោះ ត្រូវការព្យាបាលថ្នាំដើម្បីគ្រប់គ្រងជំងឺនេះ។
– ក្រហាយចុងដង្ហើម ឬជំងឺច្រាលអាស៊ីដក្រពះ៖ ក្រហាយចុងដង្ហើម កើតឡើងពេលអាស៊ីដក្រពះច្រាលមកលើ តាមបំពង់អាហារ ហើយភាគច្រើន រោគសញ្ញាកើតឡើងភ្លាមៗបន្ទាប់ពីញ៉ាំអាហារ ឬពេលយើងគេង និងអាចធ្វើឲ្យយើងភ្ញាក់ឡើងកណ្ដាលយប់ ដោយសារវាទៀតផង។ អាស៊ីដក្រពះ ពេលខ្លះអាចបង្កទៅជាធ្ងន់ធ្ងរ ដែលហៅថា ជំងឺច្រាលអាស៊ីដក្រពះ ដោយរោគសញ្ញាជួបញឹកញាប់ជាងគេ គឺក្រហាយចុងដង្ហើម បូករួមទាំងការចុកទ្រូង ជំងឺនេះអាចឲ្យក្អកកណ្ដាស់ និងពិបាកលេបអាហារទៀតផង។
– ជំងឺក្លន៖ ជំងឺក្លន កើតឡើងពេលផ្នែកមួយក្រពះខាងលើ លូនចូលក្នុងប្រអប់ទ្រូងតាមសាច់ដុំសន្ទះទ្រូង។ យើងអាចមិនត្រូវការព្យាបាលណាមួយនោះទេ ដូចនេះសូមទៅពិគ្រោះជាមួយគ្រូពេទ្យ។
– បញ្ហាបំពង់អាហារ៖ ជាប់គាំងសាច់ដុំបំពង់អាហារ អាចស្រដៀងនឹងការចុកចាប់ដូចគាំងបេះដូង។ ស្រទាប់ភ្នាស អាចមានការរលាក (បំពង់អាហារ) បង្កឲ្យមានអាការៈក្រហាយ និងឈឺទ្រូង។ រលាកបំពង់អាហារ បង្កជាការឈឺចាប់ក្រោយពេលបាយ ធ្វើឲ្យពិបាកលេបអាហារ ក្អួតឈាម និងលាមកលាយឈាម។ ពេលមានការដាច់រហែក ឬធ្លាយបំពង់អាហារ វាបង្កឲ្យមានចំណីអាហារធ្លាយចូលទៅក្នុងប្រអប់ទ្រូង បង្កឲ្យការឈឺចាប់កាន់តែធ្ងន់ធ្ងរ អាចបង្កជាចង្អោរ ក្អួត និងដង្ហើមញាប់។
– សាច់ដុំប្រទាញគ្នា និងរបួសលើសន្ទះទ្រូង៖ នៅពេលសាច់ដុំប្រទាញគ្នាខ្លាំង ថ្លោះសាច់ដុំនៅលើទ្រូង និងចន្លោះឆ្អឹងជំនីរ ក៏អាចបង្កមានការចុកទ្រូងដូចគ្នា។ គ្រប់របួសលើទ្រូង គឺបង្កឲ្យមានការចុកចាប់ទ្រូង ហើយក្នុងករណីយើងសង្ស័យថា មានការបាក់ឆ្អឹង ត្រូវជួបពេទ្យជាបន្ទាន់ ព្រោះថាវាត្រូវការរយៈពេលយូរ ដើម្បីប្រសើរឡើងវិញ។ ក្នុងពេលនេះ យើងមិនត្រូវធ្វើការធ្ងន់ហួសកម្លាំងនោះទេ។
– ស្រុតសួត៖ ឈឺចាប់ភ្លាមនៅខាងណានៃទ្រូងក៏ដោយ អាចជាសញ្ញាជំងឺស្រុតសួត ដែលបង្កមកពីជំងឺ ឬរបួសលើទ្រូង។
– រលាកសួត៖ ឈឺដូចគេចាក់កាន់តែធ្ងន់ធ្ងរ នៅពេលដកដង្ហើមចូល និងក្អក អាចជាសញ្ញាជំងឺរលាកសួត។ វាកើតឡើង បន្ទាប់ពីយើងមានជំងឺផ្លូវដង្ហើម និងរលាកទងសួត ឬផ្ដាសាយធំ។
– មហារីកសួត៖ ឈឺទ្រូង អាចបណ្ដាលមកពីមហារីកសួត។ រោគសញ្ញា អាចមិនមាននៅក្នុងដំណាក់កាលដំបូង តែជាទូទៅ បើយើងកំណត់រោគវិនិច្ឆ័យបានទាន់ពេលវេលា ឱកាសជាសះស្បើយក៏ខ្ពស់ដែរ។
– ឡើងសម្ពាធក្នុងសួត៖ ជាការឡើងសម្ពាធឈាមក្នុងសួត នៅពេលជំងឺវិវត្តទៅមុខ វានឹងបង្កឲ្យមានចង្វាក់បេះដូងមិនប្រក្រតី និងជីពចរដើរលឿន ហើយបើមិនព្រមព្យាបាល នឹងបង្កជាជំងឺខ្សោយបេះដូង។
– កំណកឈាមស្ទះក្នុងសួត៖ ឈឺភ្លាមៗ ឈឺមុត ជាសញ្ញាជំងឺនេះ វាបង្កឲ្យមានកំណកឈាមស្ទះក្នុងសួត ដោយករណីនេះ គឺទាមទារការសង្គ្រោះបន្ទាន់។
មូលហេតុទាំងអស់ខាងលើ គឺឧស្សាហ៍ជួបប្រទះ បើមានចម្ងល់ណាមួយ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យឲ្យច្បាស់។
កត្តាប្រឈម
៥- កត្តាប្រឈមឈឺទ្រូងផ្នែកខាងឆ្វេងមានអ្វីខ្លះ?
មានកត្តាហានិភ័យមួយ ឬច្រើន គឺបានរៀបរាប់ខាងលើ សុទ្ធតែអាចបង្កឲ្យមានការឈឺចុកចាប់ទ្រូង។
អត្ថបទពាក់ព័ន្ធ៖
ពេលត្រូវទៅជួបគ្រូពេទ្យ
៦- ពេលណាត្រូវទៅជួបពេទ្យ?
គួរទៅជួបគ្រូពេទ្យ ពេលមានសញ្ញាខាងក្រោម៖
– ឈឺទ្រូងភ្លាមៗ
– ពិបាកដកដង្ហើម
– ណែនទ្រូង
– វិលមុខ
នៅពេលទ្រូងខាងឆ្វេង មានការឈឺចាប់ អាចបណ្ដាលមកពីបញ្ហាផ្សេង។ យើងត្រូវសួរខ្លួនឯងថា វាអាចជារោគសញ្ញាគាំងបេះដូង ឬអត់? ហើយត្រូវដឹងថា ចំពោះស្រីៗ សញ្ញាជំងឺបេះដូង អាចខុសគ្នាពីប្រុសៗ។ អាការៈឈឺចាប់ អាចស្រាលដូចក្រហាយទ្រូង ឬឈឺសុដន់ប៉ុណ្ណោះ។ ដោយសារតែបែបនេះ ស្រីច្រើនតែមើលរំលងរោគសញ្ញា ជាហេតុបណ្ដាលឲ្យស្រីៗភាគច្រើនស្លាប់ ដោយសារការគាំងបេះដូង។
រាងកាយរបស់មនុស្សម្នាក់ៗ អាចនឹងឆ្លើយតបជាមួយជំងឺខុសៗគ្នា ដូចនេះ បើមានចម្ងល់ សូមពិគ្រោះជាមួយគ្រូពេទ្យ។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៧- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅមួយចំនួនដូចខាងក្រោម អាចបង្ការ និងគ្រប់គ្រងស្ថានភាពឈឺចាប់បាន ដូចជា៖
– រក្សាទម្ងន់
– អាហារមានតុល្យភាព
– ញ៉ាំទឹកឲ្យបានច្រើន
– ហាត់ប្រាណឲ្យបានទៀងទាត់ ដើម្បីឲ្យរាងកាយមានភាពរឹងមាំ។
សំខាន់បំផុត យើងត្រូវកំណត់កត្តាធ្ងន់ធ្ងរនៃជំងឺ និងវិបត្តិផ្សេងៗកើតមានដោយសារបេះដូង។ បន្ថយស្ត្រេស និងគោរពតាមវេជ្ជបញ្ជាគ្រូពេទ្យ សម្រាប់គ្នាយើងលើសឈាម លើសជាតិខ្លាញ់ ទឹកនោមផ្អែម និងជំងឺធាត់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]