ក្រៅពីមានតួនាទីច្រោះយកកាកសំណល់ចេញពីឈាម តម្រងនោមក៏ជួយគ្រប់គ្រងសម្ពាធឈាម តុល្យភាពអេឡិចត្រូលីត និងផលិតគ្រាប់ឈាមក្រហមនៅក្នុងរាងកាយ។ ជាក់ស្ដែង មានកត្តាមួយចំនួនដែលអាចធ្វើឲ្យមុខងារតម្រងនោមចុះខ្សោយ និងនាំឲ្យកើតជំងឺតម្រងនោមរ៉ាំរ៉ៃជាច្រើន។
កត្តាហានិភ័យនៃជំងឺតម្រងនោមរ៉ាំរ៉ៃមានដូចជា ជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ ជំងឺសរសៃឈាមបេះដូង ជក់បារី ធាត់ជ្រុល តំណពូជ និងអាយុច្រើន។
ជាទូទៅ ជំងឺតម្រងនោមរ៉ាំរ៉ៃមិនបង្ហាញរោគសញ្ញាឡើយ ទាល់តែតម្រងនោមរបស់យើងត្រូវបានខូចខាតធ្ងន់ធ្ងរ។ ប៉ុន្តែ នៅដំណាក់កាលដំបូងនៃជំងឺនេះ គ្នាយើងអាចមានរោគសញ្ញាមួយចំនួនដូចខាងក្រោម។
១. ប្រែប្រួលមុខងារទឹកនោម
ការប្រែប្រួលបរិមាណ និងការនោមញឹកញាប់ក៏អាចជាសញ្ញាបង្ហាញថា តម្រងនោមរបស់យើងកំពុងតែមានបញ្ហា។ ការប្រែប្រួលដទៃទៀនៅក្នុងមុខងារទឹកនោម រួមមាន៖
ពណ៌ទឹកនោមស្រអាប់ជាងមុន មានអារម្មណ៍ឈឺនោម ប៉ុន្តែនោមមិនចេញ ភ្ញាក់ពីគេងញឹកញាប់នៅពេលយប់ ដើម្បីនោម ទឹកនោមមានពពុះច្រើន ដែលអាចបណ្ដាលមកពីការលេចធ្លាយប្រូតេអ៊ីននៅក្នុងទឹកនោម ហើយវាក៏ជាសញ្ញាបញ្ហាពីការខូចតម្រងនៃតម្រងនោមផងដែរ។ ប្រែប្រួលក្លិនទឹកនោម ២. ពិបាកនោម ឬឈឺចាប់នៅពេលនោម
បញ្ហាពិបាកនោម ឬឈឺចាប់នៅពេលនោម អាចបណ្ដាលមកពីការឆ្លងមេរោគលើផ្លូវទឹកនោម។ ប៉ុន្តែ ប្រសិនបើ យើងមានអាការៈក្ដៅខ្លាំង និងឈឺខ្នងទៀតនោះ វាអាចបង្ហាញថា ការឆ្លងមេរោគនេះ បានរាលដាលដល់តម្រងនោមរបស់យើងហើយ។
៣. នោមឈាម
ប្រសិនបើយើងនោមមានឈាម ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាមៗ ពីព្រោះវាអាចជាសញ្ញានៃជំងឺតម្រងនោម។ ជាទូទៅ នោមឈាមអាចបណ្ដាលមកពីការឆ្លងមេរោគលើផ្លូវទឹកនោម ឬក្រួស ដែលសុទ្ធតែអាចបំផ្លាញដល់តម្រងនោមរបស់យើងបាន។ ចំណែកឯរបួសនៅត្រង់តម្រងនៃតម្រងនោម ក៏អាចបណ្ដាលឲ្យយើងនោមឈាមដែរ។
៤. ឈឺចាប់នៅបរិវេណចង្កេះ
តម្រងនោមស្ថិតនៅផ្នែកខាងក្រោយពោះក្រោមឆ្អឹងជំនីរទាំងសងខាង ហើយការឈឺចាប់នៅបរិវេណនេះ អាចបណ្ដាលមកពីក្រួស ឬជំងឺតម្រងនោម។ ប្រសិនបើគ្នាយើងមានអាការៈឈឺចាប់ខ្លាំង និងភ្លាមៗនៅបរិវេណចង្កេះ ព្រមទាំងមានក្អួត និងក្រហាយនៅពេលនោមម្ដងម្កាល ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ។
![ជំងឺតម្រងនោម](https://cdn.hellokrupet.com/wp-content/uploads/2021/08/040d9a96-.jpg)
៥. ការហើម
ក្នុងករណីដែលតម្រងនោមរបស់យើងដំណើរការមិនប្រក្រតី កាកសំណល់អាចកកើតឡើងនៅក្នុងរាងកាយ។ ការហើមជើង កជើង និងហើមមុខ ព្រមទាំងតឹងដៃ អាចកើតឡើងនៅពេលដែលតម្រងនោមរបស់យើងមិនអាចបញ្ចេញជាតិទឹក និងអំបិលដែលលើសពីរាងកាយ។
៦. អស់កម្លាំងខ្លាំង និងជំងឺស្លេកស្លាំង
តម្រងនោមផលិតអ័រម៉ូន erythropoietin ដែលជួយដល់កោសិកាឈាមក្រហមក្នុងការបញ្ជូនអុកស៊ីសែន។ ប្រសិនបើមុខងារតម្រងនោមរបស់យើងចុះខ្សោយ កម្រិតនៃអ័រម៉ូននេះនឹងធ្លាក់ចុះខ្លាំង ដែលនាំឲ្យយើងកើតជំងឺស្លេកស្លាំង ក៏ដូចជារាងកាយចុះខ្សោយ ព្រមទាំងអស់កម្លាំងធ្ងន់ធ្ងរ។