ពេលនោមមានឈាម គ្នាយើងពិតជាមានកង្វល់មិនខាន ដោយគិតថាអាចជាបញ្ហាសុខភាពធ្ងន់ធ្ងរណាមួយកើតឡើង។ ករណីជាច្រើនការនោមមានឈាមនេះ មិនបង្កជាគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេ ប៉ុន្តែក៏មានករណីមួយចំនួនអាចបង្ហាញសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរ។
ឈាមក្នុងទឹកនោមអាចកំណត់បានដោយការមើលឃើញនឹងភ្នែក និងឈាមក្នុងទឹកនោមមួយប្រភេទទៀតទាល់តែមើលក្នុងមីក្រូទស្សន៍។ មិនថាឈាមក្នុងទឹកនោមមើលឃើញ ឬមើលមិនឃើញនោះទេ ការកំណត់ពីមូលហេតុច្បាស់លាស់ជារឿងចាំបាច់ ហើយការព្យាបាលផ្អែកលើមូលហេតុបង្ក។
១. រោគសញ្ញា
ក្នុងករណីឈាមក្នុងទឹកនោមដោយមិនអាចមើលនឹងភ្នែកឃើញ វានឹងធ្វើឲ្យយើងពិបាកដឹងពីរោគសញ្ញាណាស់ ហើយមានតែការពិនិត្យដោយមីក្រូទស្សន៍។ ចំណែកនោមឈាមអាចមើលនឹងភ្នែកឃើញ យើងនឹងអាចមើលដឹងថាទឹកនោមអាចមានពណ៌ផ្កាឈូក ក្រហម ឬត្នោត។ ពណ៌ប្លែកៗរបស់ទឹកនោមនេះ អាចបង្កឡើងដោយឈាមក្នុងទឹកនោម។ បើសិនជាយើងអាចមើលឃើញឈាមក្នុងទឹកនោម យើងក៏អាចមានបញ្ហាកំណកឈាមក្នុងទឹកនោម ដែលអាចធ្វើឲ្យមានការឈឺចាប់ពេលនោម។
បើសិនជាយើងសម្គាល់ឃើញពណ៌ទឹកនោមខុសប្លែកពីធម្មតា ឬក៏មានការឈឺចាប់ពេលនោម នោះគួរតែពិគ្រោះជាគ្រូពេទ្យ។ គ្រូពេទ្យអាចធ្វើតេស្ត ដើម្បីអាចកំណត់បានពីមូលហេតុបង្កឲ្យមានឈាមក្នុងទឹកនោម ឬឈឺចាប់ពេលនោម និងអាចទទួលបានការព្យាបាលត្រឹមត្រូវ។
២. មូលហេតុ
នោមមានឈាមកើតឡើងនៅពេលតម្រងនោម ឬផ្នែកផ្សេងទៀតនៃប្រព័ន្ធទឹកនោម បង្កឱកាសឲ្យកោសិកាឈាមជ្រាបចូលក្នុងទឹកនោម។ បញ្ហាសុខភាពមួយចំនួនអាចបង្កឲ្យមានរឿងទាំងនេះកើតឡើង៖
ឆ្លងរោគផ្លូវទឹកនោម៖ បញ្ហានេះកើតឡើងនៅពេលបាក់តេរីចូលទៅក្នុងរាងកាយតាមរយៈផ្លូវទឹកនោម និងបានបំបែកខ្លួនកាន់តែច្រើននៅក្នុងប្លោកនោម។ រោគសញ្ញាមានដូចជា នោមញឹក ឈឺ ក្ដៅផ្សារពេលនោម និងមានក្លិនឈួលខ្លាំងផងដែរ។
សម្រាប់មនុស្សមួយចំនួនផ្សេងទៀត ពិសេសមនុស្សវ័យចំណាស់ រោគសញ្ញានៃជំងឺអាចមានតែគ្រាប់ឈាមល្អិតៗនៅក្នុងទឹកនោមតែប៉ុណ្ណោះ។
ឆ្លងរោគតម្រងនោម៖ បញ្ហានេះអាចកើតឡើងបាននៅពេលបាក់តេរីចូលទៅក្នុងតម្រងនោមតាមរយៈចរន្តឈាម ឬចេញពីផ្លូវទឹកនោមទៅកាន់តម្រងនោមម្ខាង ឬទាំងពីរ។ រោគសញ្ញាអាចមានប្រហាក់ប្រហែលនឹងការឆ្លងរោគផ្លូវទឹកនោមដែរ តែការឆ្លងរោគនៅតម្រងនោមអាចមានអាការៈក្ដៅខ្លួន និងមិនស្រួលនៅពោះផ្នែកខាងលើ។
ក្រួសក្នុងតម្រងនោម៖ សារធាតុរ៉ែជាច្រើននៅក្នុងទឹកនោម ហើយពេលខ្លះក៏ជាគ្រីស្តាល់នៅលើជញ្ជាំងតម្រងនោម ឬប្លោកនោម។ នៅពេលកាន់យូរ គ្រីស្តាល់ទាំងនេះអាចក្លាយជាក្រួសតូចៗ និងរឹង។
ក្រួសនៅតម្រងនោមជាធម្មតាមិនបង្កការឈឺចាប់ទេ ដរាបណាវាមិនទាន់បង្កការរាំងស្ទះដល់ការបញ្ចេញទឹកនោម និងចេញមកក្រៅតាមទឹកនោម។ ក្រួសក្នុងតម្រងនោមអាចបង្កឲ្យមានឈាមក្នុងទឹកនោមដោយមើលឃើញនឹងភ្នែក ឬមើលឃើញតាមមីក្រូទស្សន៍។
ជំងឺមហារីក៖ នោមមានឈាម ដែលយើងអាចមើលឃើញនឹងភ្នែកបាន ក៏អាចជារោគសញ្ញានៃជំងឺមហារីកតម្រងនោម ប្លោកនោម ឬក្រពេញប្រូស្តាតដែរ។ នៅដំណាក់កាលដំបូងៗនៃជំងឺមហារីកប្រភេទនេះ មិនសូវមានចេញរោគសញ្ញាទេ ខណៈជំងឺនេះមានឱកាសខ្ពស់ក្នុងការព្យាបាល។
ហាត់ប្រាណប្រើកម្លាំងខ្លាំង៖ ករណីកម្រខ្លះ ការហាត់ប្រាណប្រើកម្លាំងខ្លាំងៗក៏អាចបង្កឲ្យមានឈាមក្នុងទឹកនោមដែរ ខណៈមូលហេតុបង្កនៅមិនទាន់ដឹងច្បាស់នៅឡើយ។ ការណ៍នេះ អាចមកពីការមានរបួសនៅប្លោកនោម ខ្វះជាតិទឹក ឬបែកកោសិកាឈាមក្រហម ដែលកើតឡើងពីការហាត់ប្រាណ។
អ្នករត់ប្រណាំង ច្រើនជួបបញ្ហានេះ ច្រើនជាងអ្នកផ្សេងទៀត បន្ទាប់ពីអ្នកទាំងនោះប្រើកម្លាំងខ្លាំងក្នុងការហាត់សម។ យ៉ាងណា បើឃើញមានឈាមក្នុងទឹកនោម មិនគួរគិតថាវាបណ្ដាលមកពីការហាត់ប្រាណតែមួយមុខនោះទេ គួរតែទៅជួបពេទ្យទើបជាការប្រសើរ។
[embed-health-tool-bmi]