អាហារ​គួរ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ ដើម្បី​បង្ការ​​ជំងឺ​ឫស​ដូង​បាត ​​​​​​​​​​​​​​​​

    អាហារ​គួរ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ ដើម្បី​បង្ការ​​ជំងឺ​ឫស​ដូង​បាត ​​​​​​​​​​​​​​​​

    ​ទោះ​បី​ជា​ជំងឺ​ឫស​ដូង​បាត​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​ និង​បណ្ដាល​ឲ្យ​យើង​មិន​ស្រួល​ក្នុង​ខ្លួន​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​នៅ​តែ​​អាច​ការពារ​វា​បាន​។ ជាមួយ​នឹង​ការ​​​អនុវត្ត​តិចនិក​​ថែទាំ​ខ្លួន ដូចជា​ស្អំ​កំណាត់​ត្រជាក់​ ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ ក៏​ដូចជា​ជៀសវាង​អង្គុយ​បន្ទោបង់​រយៈពេល​​យូរ ការ​ផ្លាស់ប្ដូរ​របប​អាហារ​មួយ​ចំនួន​ក៏​មាន​សារសំខាន់​ផង​ដែរ​។

    ១. ​ ជ្រើសរើស​អាហារ​​មាន​ជាតិ​សរសៃ​ខ្ពស់​

    ប្រសិនបើ​យើង​ប្រឈម​នឹង​ជំងឺ​ឫស​ដូង​បាត​ ​យើង​គប្បី​បញ្ចូល​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ ដែល​មាន​ដូចជា​ផ្លែ​បឺរ​ ប៊ឺរី គ្រាប់​ធញ្ញជាតិ​ និង​គ្រាប់​ជី​រជាដើម ពីព្រោះ​អាហារ​ទាំង​នេះ​ អាច​កាត់បន្ថយ​រោគ​សញ្ញា​ផ្សេង​ៗ​ដូចជា​ការ​ឈឺចាប់​នៅ​​រន្ធ​​គូទ និង​ការ​ធ្លាក់​ឈាម​អំឡុង​ពេល​បន្ទោបង់។​

    ២. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​

    ពិត​ណាស់​​ ការ​ញ៉ាំ​ទឹក​​គ្រប់គ្រាន់​អាច​​​​បញ្ចៀស​បញ្ហា​ទល់​លាមក​យ៉ាង​មាន​ប្រសិទ្ធភាព​។​ នៅ​ពេល​ដែល​រាងកាយ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​ ដំណើរការ​នៃ​ការ​រំលាយ​អាហារ​នឹង​កាន់​តែ​ប្រសើរ​ឡើង។​ ផ្ទុយ​ទៅ​វិញ​ ការ​បាត់បង់​ជាតិ​ទឹក​​អាច​បណ្ដាល​ឲ្យ​យើង​ទល់លាមក​ ហើយ​​កត្តា​នេះ​នឹង​ធ្វើ​ឲ្យ​រោគ​សញ្ញា​នៃ​ជំងឺ​ឫស​ដូង​បាត់​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ៗ។

    ៣. ញ៉ាំ​អាហារ​​មាន​ដាក់​មេ

    ជាមួយ​គ្នា​នេះ​ដែរ​​ ទឹក​ដោះ​គោ​ជូរ​ផ្ទុក​បាក់តេរី​ល្អ​នៅ​ក្នុង​ក្រពះ​ និង​អាច​ជួយ​បង្កើន​សុខភាព​ពោះវៀន​របស់​យើង​ថែម​ទៀត​ផង​។ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា អាហារ​ដែល​ដាក់​មេ​ និង​ពពួក​Probiotics ដូចជា​ទឹក​ដោះ​គោ​ជូរ ឬ​គីមឈី អាច​ជំរុញ​ដល់​ការ​រំលាយ​អាហារ​ ក៏​ដូចជា​សុខភាពក្រពះពោះវៀន​។

    ឬសដូងបាត២

    ៤. ជៀសវាង​ផឹក​គ្រឿង​ស្រវឹង​ និង​ជក់​បារី

    ជាក់​ស្ដែង ការ​ផឹក​គ្រឿង​ស្រវឹង​ និង​ជក់បារី​អាច​បណ្ដាល​ឲ្យ​​​ខ្សោះ​ជាតិ​ទឹក​ និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​​​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​ជៀសវាង​ការ​ជក់​បារី និង​ការ​ផឹក​គ្រឿង​ស្រវឹង​ ដើម្បី​ការពារ​​បញ្ហា​សុខភាព​ផ្សេង​ៗ​ រួម​ទាំង​​ជំងឺ​ឫស​ដូង​បាត​។

    ៥. ជៀសវាង​អាហារ​ហឹរ អាហារ​កំប៉ុង និង​អាហារ​បង្កក​

    អាហារ​ហឹរ​ អាហារ​កំប៉ុង និង​អាហារ​បង្កក​​ សុទ្ធ​តែ​ជា​ភ្នាក់ងារ​ជំរុញ​ឲ្យ​រោគ​សញ្ញា​នៃ​ជំងឺ​ឫសដូង​បាត​ កាន់​តែ​យ៉ាប់យ៉ឺន​ទៅ​ៗ​។ ដូច្នេះ​ហើយ​ យើង​គប្បី​បញ្ឈប់​ ឬ​កាត់​បន្ថយ​ការ​ញ៉ាំ​​អាហារ​ប្រភេទ​នេះ​​​​ឲ្យ​នៅ​កម្រិត​តិចតួច​ ទើប​ជា​ការ​ប្រសើរ​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 02/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត