និយមន័យ
១- អ្វីទៅជា ជំងឺដំបៅក្រពះ?
ជំងឺដំបៅក្រពះ (Peptic Ulcer) គឺជាដំបៅដែលកើតមាននៅលើផ្ទៃក្រពះ និងឌុយអដេនុម (Duodenum – ផ្នែកដំបូងនៃពោះវៀនតូចដែលភ្ជាប់នឹងក្រពះ)។ ដំបៅក្រពះគឺកើតឡើងនៅពេលដែលផ្ទៃក្រពះនិងឌុយអដេនុម រងការដាច់រលាត់ ហើយជាលិកានៅខាងក្រោមលេចចេញឡើងមក។ ដំបៅនៅក្រពះកើតឡើងច្រើនជាង៤ដងបើធៀបនឹងដំបៅនៅឌុយអដេនុម។
២- តើជំងឺដំបៅក្រពះកើតឡើងញឹកញាប់ឬទេ?
ជំងឺដំបៅក្រពះ គឺកើតឡើងញឹកញាប់ណាស់ ជាពិសេសប៉ះពាល់ញឹកញាប់ចំពោះមនុស្សវ័យចំណាស់។ជំងឺដំបៅក្រពះអាចគ្រប់គ្រងបានដោយបន្ថយកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងព័ត៌មានបន្ថែម។
អត្ថបទពាក់ព័ន្ធ៖ Chronic Gastritis (ជំងឺរលាកក្រពះរ៉ាំរ៉ៃ)
រោគសញ្ញា
៣- តើរោគសញ្ញាជំងឺដំបៅក្រពះមានអ្វីខ្លះ?
រោគសញ្ញាទូទៅដែលកើតមានញឹកញាប់នៃជំងឺដំបៅក្រពះគឺ៖
មានអារម្មណ៍ឈឺ ឬក្រហាយនៅក្នុងពោះ។ អារម្មណ៍ឈឺចាប់គឺញឹកញាប់នៅចន្លោះពីតំបន់រន្ធផ្ចិត (umbilical area) និង ចង្អូរសន្ទះទ្រូង (Sternum) ហើយនិង៖
– មានអារម្មណ៍ឈឺពេលពោះទទេ ដូចជាអំឡុងពេលបាយ និងពេលយប់ជាដើម
– បាត់ឈឺពេលញ៉ាំ ឬពេលប្រើថ្នាំផ្សះ
– ឈឺជាប់រយៈពេលពីរបីនាទី ទៅពីរបីម៉ោង
– ឈឹបាត់ៗ រយៈពេលពីរបីថ្ងៃ ពីរបីអាទិត្យ និងពីរបីខែ
រោគសញ្ញាដែលមិនកើតមានញឹកញាប់រួមមាន៖
– ហើមពោះ
– ភើរ
– មានអារម្មណ៍មិនស្រួលនៅក្នុងពោះ
– ចង្អោរ
អាចនៅមានរោគសញ្ញាផ្សេងទៀតដែលមិនបានរៀបរាប់ខាងលើ ដូចនេះប្រសិនបើមានការព្រួយបារម្ភពីរោគសញ្ញា សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។
៤- តើពេលណាត្រូវទៅជួបពេទ្យ?
ជំងឺដំបៅក្រពះ (Peptic Ulcer) នឹងកាន់តែធ្ងន់ធ្ងរប្រសិនបើមិនព្យាបាល។ យើងត្រូវតែទៅជួបពេទ្យភ្លាម បើសិនមានបញ្ហាដូចខាងក្រោម៖
– ខ្សោយ ឬ អស់កម្លាំង
– ពិបាកដកដង្ហើម
– ក្អួតចេញសារធាតុរាវមានពណ៌ដូចឈាម ឬពណ៌កាហ្វេ
– លាមកមានឈាម ឬ មានពណ៌ខ្មៅ
– ឈឺភ្លាមៗនិងជាប់រយៈពេលយូរ
– សញ្ញាខាងលើនេះ គឺបង្ហាញថាជំងឺដំបៅក្រពះគឺកាន់តែធ្ងន់ធ្ងរហើយ។
អត្ថបទពាក់ព័ន្ធ៖
មូលហេតុ
៥- តើជំងឺដំបៅក្រពះបង្កឡើងដោយមូលហេតុអ្វី?
ជាទូទៅជំងឺដំបៅក្រពះបង្កឡើងដោយ៖
– ការបង្ករោគដោយបាក់តេរី អេលីកូបាក់ទែ (Helicobacter) នៅក្នុងក្រពះ
– ប្រើពពួកថ្នាំប្រឆាំងកំណកឈាម ថ្នាំអាស្ពៀរីន (Aspirin) ឬពពួកថ្នាំប្រឆាំងរលាកដែលមិនមែនជាស្តេរ៉ូអ៊ីត (NSAIDs) ដូចជាថ្នាំ អ៊ីប៊ុយប្រូហ្វែន (Ibuprofen) ជាដើម។
– ជំងឺបណ្ដុំរោគសញ្ញា ហ្ស៊ូឡីនជឺ អេលីសុន (Zollner-Ellison Syndrom) – ជំងឺម្យ៉ាងដែលអាស៊ីដក្រពះចេញច្រើនហួសហេតុធ្វើឲ្យខូចភ្នាសផ្ទៃរបស់ក្រពះ។
– ដុំមហារីកក្នុងក្រពះ ឌុយអដេនុម (Duodenum) ឬ អណ្ដើក (Spleen)
អត្ថបទពាក់ព័ន្ធ៖ ដំបៅក្រពះ មកពីមូលហេតុសំខាន់ៗ២នេះ
កត្តាប្រឈម
៦- កត្តាប្រឈមអ្វីខ្លះនាំឲ្យកើតជំងឺដំបៅក្រពះ?
មានកត្តាជាច្រើនដែលនាំឲ្យកើតមានជំងឺនេះ ដូចជា៖
– ការជក់បារី៖ ការជក់បារីអាចបង្កើនគ្រោះថ្នាក់ចំពោះជំងឺដំបៅក្រពះ ដែលបង្កដោយបាក់តេរី អេលីកូបាក់ទែ ពីឡូរី (H.Pylori)
– ការទទួលទានស្រា៖ ស្រា ឬជាតិអាល់កុល អាចបង្កឲ្យមានការរលាក និងក្រហាយក្នុងក្រពះហើយបង្កើនកម្រិតបញ្ចេញអាស៊ីដទៀតផង។
– ការដែលមិនមានកត្តាប្រឈមទាំងនេះ មិនមានន័យថាយើងមិនអាចមានជំងឺដំបៅក្រពះនោះទេ។ សញ្ញាដែលលេចចេញមកគ្រាន់តែជាលក្ខណៈបង្ហាញដំបូងប៉ុណ្ណោះ ដូចនេះដើម្បីដឹងច្បាស់ពីព័ត៌មានបន្ថែមសូមជួបជាមួយគ្រូពេទ្យ។
រោគវិនិច្ឆ័យនិងការព្យាបាល
ព័ត៌មានដែលផ្ដល់ឲ្យនេះមិនមែនជា ការផ្ដល់ប្រឹក្សាផ្នែកវេជ្ជសាស្រ្ដនោះទេ គប្បីទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញដើម្បីទទួលបានព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺដំបៅក្រពះដំបូងឡើយគ្រូពេទ្យនឹងសាកសួរពីប្រវត្តិជំងឺរបស់យើង ហើយនឹងធ្វើការពិនិត្យផ្សេងៗ។ បន្ទាប់មកគ្រួពេទ្យនឹងប្រើតេស្តមួយចំនួនដូចជា៖
- តេស្តឈាម ដើម្បីពិនិត្យមើលថាយើងមានជំងឺស្លេកស្លាំងឬ អត់
- តេស្តលាមក ដើម្បីពិនិត្យមើលថាមានឈាមនៅក្នុងលាមកឬអត់
- EGD ៖ គ្រូពេទ្យនឹងធ្វើតេស្តនេះ ដោយស៊កទុយោ ដែលភ្ជាប់ជាមួយកាម៉េរ៉ា សុងតាមមាត់ ចូលក្នុងក្រពះរបស់អ្នកជំងឺ ដើម្បីពិនិត្យមើលភ្នាសផ្ទៃក្រពះ ឬដើមពោះវៀនតូច (Duodenum)
- ថតកាំរស្មីអិច លើឌុយអដេនុម (Duodenum X ray) ៖ គ្រូពេទ្យនឹងថតកាំរស្មីអិច បន្ទាប់ពីឲ្យអ្នកជំងឺផឹកសារធាតុថ្នាំ
៨- ព្យាបាលដោយវិធីណា?
គោលដៅនៃការព្យាបាលគឺត្រូវធ្វើឲ្យដំបៅទាំងនោះជាសះស្បើយ ដើម្បីកុំឲ្យវាកើតឡើងមានរោគសញ្ញាម្ដងទៀត និងជៀសវាងពីផលលំបាកផ្សេង ៗ។ បន្ទាប់ពីព្យាបាលរួច អ្នកជំងឺនឹងធូរស្រាលនៅក្នុងអំឡុងពេល ២សប្ដាហ៍។ ជំងឺដំបៅក្រពះ នឹងរើកើតមានឡើងវិញប្រសិនបើមូលហេតុបង្ករបស់វាមានរយៈពេលយូរ។
ការព្យាបាលត្រូវអាស្រ័យលើមូលហេតុបង្ក។ គ្រូពេទ្យអាចនឹងចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំបញ្ចុះអាស៊ីដក្រពះដូចជាពពួកថ្នាំប្រឆាំងអាស៊ីដ (antacids) ពពួកថ្នាំទប់ស្កាត់រ៉េស៊ិបទ័រ ហ៊ីស្តាមីន H2 ( histamine receptor inhibitors H2) ដូចជាថ្នាំ ranitidine ថ្នាំ famotidine ឬពពួកថ្នាំ proton pump ដូចជា ថ្នាំ Omeprazole។
ថ្នាំ Sulcralfate គឺជាថ្នាំមួយក្នុងចំណោមថ្នាំផ្សេងទៀត ដែលអាចការពារស្រោបពីលើដំបៅដើម្បីឲ្យដំបៅទាំងនោះឆាប់ជា។ ពពួកថ្នាំផ្សះ និងពពួកថ្នាំទប់ Proton pump ឬថ្នាំ Bismuth ក៏អាចនឹងត្រូវប្រើ ដើម្បីព្យាបាលការបង្ករោគដោយពពួកបាក់តេរី អេលីកូបាក់ទែរ ពីឡូរី (H.Pyloria)។
បើសិនមូលហេតុបង្កជំងឺនេះ ដោយសារតែពពួកថ្នាំប្រឆាំងរលាកដែលមិនមែនជាស្តេរ៉ូអ៊ីត នោះគ្រូពេទ្យអាចនឹងណែនាំ៖
-បញ្ឈប់ឲ្យប្រើថ្នាំ
-កាត់បន្ថយកម្រិតថ្នាំ
-តម្រូវឲ្យប្រើថ្នាំក្រពះ ប្រឆាំង proton pump ឬពពួកថ្នាំទប់ស្កាត់រ៉េស៊ិបទ័រ ហ៊ីស្តាមីន H2 ( histamine receptor inhibitors H2)
-ប្ដូរថ្នាំផ្សេងដែលមិនបង្កឲ្យមានដំបៅក្រពះ
-ប្រសិនបើថ្នាំពេទ្យមិនមានប្រសិទ្ធភាព ឬវាអាចបង្កឲ្យមានផលវិបាកអ្វីនោះ យើងអាចនឹងតម្រូវឲ្យធ្វើការវះកាត់។ តែទោះជាយ៉ាងនេះក្ដី ការវះកាត់នៅមិនទាន់មានករណីធ្វើឡើងដោយសារតែដំបៅក្រពះនៅឡើយទេ។
អត្ថបទពាក់ព័ន្ធ៖ អ្វីទៅជាមហារីកថ្លើមរាលដាល?
ការផ្លាស់ប្ដូររបៀបរស់នៅ និងព្យាបាលនៅផ្ទះ
៨- តើការផ្លាស់ប្ដូររបៀបរស់នៅឬការព្យាបាលនៅផ្ទះអ្វីខ្លះ ដែលអាចជួយគ្រប់គ្រងជំងឺដំបៅក្រពះ មានអ្វីខ្លះ?
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺដំបៅក្រពះបាន ដូចជា៖
– ចៀសវាងរាល់ទង្វើរដែលនាំឲ្យកើនគ្រោះថ្នាក់មានជំងឺនេះដូចជាប្រើថ្នាំ អាស្ពៀរីន ប្រើពពួកថ្នាំ NSAIDs ការជក់បារី ផឹកស្រាជាដើម។
– សូមទៅរកគ្រូពេទ្យភ្លាមបើយើងមានរាករូស
– សូមទៅរកគ្រូពេទ្យភ្លាមបើយើងមានក្អួចធ្លាក់ឈាម ឬកំអួតមានពណ៌ក្រម៉ៅ
– សូមទៅរកគ្រូពេទ្យភ្លាមបើមានលាមកឈាម ឬមានពណ៌ក្រមៅ
– សូមទៅរកគ្រូពេទ្យភ្លាមបើមានអារម្មណ៍ថាខ្សោយ ឬមានស្លេកស្លាំង
– បើសិនការព្យាបាលមិនមានប្រសិទ្ធភាពទេ សូមប្រាប់ទៅគ្រូពេទ្យភ្លាម
– ក្រៅពីអាហារសុខភាព ដែលអមជាមួយបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិច្រើន យើងគួរតែដឹងពីវិធីគ្រប់គ្រងស្ត្រេសរបស់អ្នក ដើម្បីកុំឲ្យរោគសញ្ញាកាន់តែធ្ងន់ធ្ងរ។
បើសិនជាយើងមានសំនួរអ្វី សូមពិគ្រោះជាមួយនឹងគ្រូពេទ្យ ដើម្បីអាចដឹងកាន់តែច្បាស់ពីដំណោះស្រាយល្អបំផុត។
អត្ថបទពាក់ព័ន្ធ៖
- Gastritis (ជំងឺរលាកក្រពះ)
- ឧស្សាហ៍ឈឺឆ្អល់ក្នុងពោះ អាចសាកវិធីនេះបាន
- អីៗនឹងគ្នាហើយ ស្រីៗអាចមានបញ្ហាទាំងនេះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]