ពពួកបាក់តេរីរាប់ពាន់លានផ្សេងៗគ្នាមានវត្តមាននៅប្រព័ន្ធរំលាយអាហាររបស់យើង។ អតុល្យភាពរវាងបាក់តេរីទាំងនេះ អាចធ្វើឲ្យសុខភាពពោះវៀនល្អ ឬមិនល្អ និងអាចមានទំនាក់ទំនងទៅនឹងបញ្ហាសុខភាពផ្សេងៗទៀតដូចជាជំងឺហឺត ទឹកនោមផ្អែម កូលេស្តេរ៉ូលខ្ពស់ ជំងឺបេះដូង ឈឺក្បាលប្រកាំង និងបាក់ទឹកចិត្តជាដើម។
ចង់ដឹងថាពោះវៀនរបស់យើងមានសុខភាពល្អ ឬមិនល្អ ត្រូវពិនិត្យលើចំណុចទាំងនេះ។
១. រោគសញ្ញាពោះវៀនសុខភាពមិនល្អ
បញ្ហាទូទៅមួយចំនួនអាចកើតឡើងលើខ្លួនយើងបាន បើពោះវៀនមានសុខភាពមិនល្អ រួមមាន៖
ហ្គាសច្រើនក្នុងពោះ ឧស្សាហ៍ហើមពោះក្រោយញ៉ាំអាហារ ឈឺក្នុងពោះ រាករូសញឹកញាប់ ទល់លាមក បញ្ហាលើស្បែក និង ចាល់អាស៊ីដ ឬក្រហាយទ្រូង ជាដើម។ ![សុខភាពពោះវៀន](https://cdn.hellokrupet.com/wp-content/uploads/2021/08/9482b86f--300x251.jpg)
២. សញ្ញាពោះវៀនមានសុខភាពល្អ
ចំពោះសុខភាពពោះវៀនល្អវិញ យើងត្រូវសង្កេតមើលលើសញ្ញាទាំងនេះ៖
- បត់ជើងធំទៀងទាត់ល្អ ឬច្រើនជាងបីដងក្នុងមួយសប្ដាហ៍
- បត់ជើងធំស្រួល មិនមានការឈឺចាប់
- មិនមានការឈឺចាប់ក្នុងពោះ ហើមពោះ ឬមានហ្គាសច្រើនក្នុងពោះ ក្រោយញ៉ាំអាហារ។
ពោះវៀនមានសុខភាពល្អ មានប្រយោជន៍ចំពោះសុខភាពដូចជា៖
- ជួយប្រព័ន្ធភាពស៊ាំឲ្យរឹងមាំ
- ការពារជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែម និងជំងឺបេះដូង
- កម្ចាត់បញ្ហាបាក់ទឹកចិត្ត ឬថប់បារម្ភ។
៣. សុខភាពពោះវៀនសំខាន់បែបណា?
ពោះវៀនមានសុខភាពល្អ មានន័យថាយើងមានតុល្យភាពបាក់តេរីល្អដែរនៅក្នុងប្រព័ន្ធរំលាយអាហារ។ បាក់តេរីក្នុងប្រព័ន្ធរំលាយអាហារជួយរាងកាយដូចជា៖
- ទទួលបានថាមពលពីហារដែលយើងញ៉ាំ
- កម្ចាត់ជាតិពុល
- ប្រឆាំងនឹងពពួកបាក់តេរី និងវីរុសបង្កជំងឺផ្សេងៗ
- ផលិតសារធាតុគីមីខួរក្បាលម្យ៉ាងឈ្មោះថាសេតូន(serotonin) ដែលសេតូនជួយដល់ផ្នែកអារម្មណ៍។