ទម្លាប់​ប្រចាំ​ថ្ងៃ​ទាំង​៤​នេះ អាច​បំផ្លាញ​សុខភាព​ពោះវៀន​​​​​​​​​​​​​​​​​​​​​​​

    ទម្លាប់​ប្រចាំ​ថ្ងៃ​ទាំង​៤​នេះ អាច​បំផ្លាញ​សុខភាព​ពោះវៀន​​​​​​​​​​​​​​​​​​​​​​​

    ការ​ថែទាំ​សុខភាព​ពោះវៀន​ឲ្យ​បាន​ត្រឹមត្រូវ​​ មាន​សារសំខាន់​ណាស់​ដើម្បី​ជួយ​ទ្រទ្រង់​រាងកាយ​ទាំង​មូល​ឲ្យ​ដំណើរការ​បាន​ល្អ​។ ពិត​ណាស់​ ពោះវៀន​ដើរ​តួនាទី​​ចម្បង​នៅ​ក្នុង​រាងកាយ​ដូចជា​​ការ​​កំណត់​ទម្ងន់​ និង​គ្រប់គ្រង​ការ​ប្រែប្រួល​អារម្មណ៍ និង​ការ​ថប់​បារម្ភ​ជា​ដើម​។ យ៉ាង​ណា​មិញ របប​អាហារ​ បែប​បទ​នៃ​ការ​រស់​នៅ និង​ទម្លាប់​ប្រចាំ​ថ្ងៃ​សុទ្ធ​តែ​ជះ​ឥទ្ធិពល​ដល់​សុខភាព​ពោះវៀន​។ ហេតុ​នេះ​ហើយ​ ក្រៅ​ពី​បញ្ចៀស​​ទម្លាប់​មួយ​ចំនួន​ខាង​ក្រោម​ ​ដែល​បំផ្លាញ​សុខភាព​ពោះវៀន​ យើង​គប្បី​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ និង​គ្រប់​គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ​ ក៏​ដូចជា​ជៀសវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ហួស​កម្រិត​។

    ១. ខ្ជិល​ច្រអូស​ មិន​ធ្វើ​លំហាត់​ប្រាណ​

    ការ​ធ្វើ​ចលនា​ និង​​លំហាត់​ប្រាណ ​មាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ ដើម្បី​ជួយ​ឲ្យ​ពោះវៀន​មាន​សុខភាព​ល្អ​។ ​ប៉ុន្តែ​ ប្រសិនបើ​​យើង​មិន​ធ្វើ​ចលនា​​ទេ​នោះ ប្រព័ន្ធ​រំលាយ​អាហារ​ក៏​មិន​អាច​បញ្ចេញ​ចោល​កាក​សំណល់​ចេញ​ពី​រាងកាយ​ដូច​គ្នា។​ ពិត​ណាស់​ លំហាត់​ប្រាណ​ក៏​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​ការ​លូតលាស់​របស់​បាក់តេរី​ល្អ​​ និង​បញ្ចៀស​បញ្ហា​ទល់​លាមក​យ៉ាង​មាន​ប្រសិទ្ធភាព​។ ដូច​នេះ​ ដើម្បី​ថែទាំ​សុខភាព​ពោះវៀន​ គ្នា​យើង​គប្បី​ធ្វើ​លំហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៣​ដង​ក្នុង​មួយ​សប្ដាហ៍​។

    ២. មិន​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​​

    ជាមួយ​គ្នា​នេះ​ដែរ ជាតិ​សរសៃ​ជួយ​ឲ្យ​ពោះវៀន​មាន​ដំណើរការ​​បាន​ល្អ និង​ជៀស​ផុត​ពី​ជំងឺ​ពោះវៀន​ផ្សេង​ៗ​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​​ញ៉ាំ​ផ្លែឈើ​ និង​បន្លែ​ឲ្យ​បាន​ច្រើន​ ពីព្រោះ​ថា​កង្វះ​​បរិមាណ​ជាតិ​សរសៃ​អាច​​នាំ​ឲ្យ​យើង​ប្រឈម​នឹង​បញ្ហា​ទល់​លាមក​ដោយ​មិន​ដឹង​ខ្លួន​។

    បញ្ហាពោះវៀន

    ៣. ញ៉ាំ​អាហារ​កែច្នៃ​ច្រើន​

    អាហារ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​ និង​អាហារ​កែច្នៃ​​អាច​រំខាន​ដល់​តុល្យភាព​បាក់តេរី​ក្នុង​ពោះវៀន​ ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ជា​ច្រើន​។ ​ចូរ​ជៀសវាង​ញ៉ាំ​អាហារ​ទាំង​នោះ និង​បញ្ចូល​ពពួក​គ្រាប់​ធញ្ញជាតិ​ទាំង​មូល ដូចជា​អង្ករ​សម្រូប​ និង​ពោត​លីង​។ល។ ​​ជំនួស​វិញ​ ដើម្បី​រក្សា​តុល្យភាព​បាក់តេរី​ល្អ​​ក្នុង​ពោះវៀន​។

    ៤. ទម្លាប់​ញ៉ាំ​អាហារ​លឿន​ពេក​

    នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​លឿន​ពេក​ ពោះវៀន​របស់​យើង​មិន​អាច​​ស្រូប​យក​សារធាតុ​ចិញ្ចឹម​អតិបរមា​​បាន​ឡើយ។​ ដូច្នេះ​ហើយ​ យើង​គប្បី​ញ៉ាំ​អាហារ​រយៈពេល​យ៉ាង​តិច​២០​ ទៅ​៣០​នាទី​ ដើម្បី​​ឲ្យ​​ខួរ​ក្បាល​បញ្ជូន​​សញ្ញា​​ទៅ​រាងកាយ​​​​ថា​យើង​​ឆ្អែត​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 10/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត