អាការៈហើមពោះកើតឡើងនៅពេលប្រព័ន្ធរំលាយអាហារមានខ្យល់ ឬហ្គាសច្រើន។ ពេលហើមពោះ យើងនឹងមានអារម្មណ៍ថាដូចញ៉ាំអាហារអស់ច្រើនធ្វើឲ្យហល់ និងពេញណែនក្នុងពោះតែម្ដង។ អាការៈនេះ អាចធ្វើឲ្យយើងពិបាកក្នុងពោះ និងឈឺពោះ ហើយពោះមើលទៅដូចជាធំខុសប្រក្រតី និងអាចធ្វើឲ្យតឹងអាវទៀតផង។
 
១. រោគសញ្ញាហើមពោះ
រោគសញ្ញាធម្មតានៃការហើមពោះមានដូចជាឈឺក្នុងពោះ ពិបាកក្នុងពោះ និងមានហ្គាសនៅក្នុងពោះ។ ជាមួយគ្នានោះដែរ យើងអាចភើញឹកញាប់ ឬក៏កូរពោះ ជាដើម។
យ៉ាងណា បើមានចេញរោគសញ្ញាដូចខាងក្រោមនេះ គ្នាយើងគួរប្រញាប់ទៅជួបគ្រូពេទ្យ៖
- មានឈាមក្នុងលាក
 - ស្រកទម្ងន់
 - មានធ្លាក់ឈាម (ចន្លោះពេលមករដូវ ឬក្រោយវ័យអស់រដូវ)
 - ចង្អោរ
 - ក្អួត
 - រាក
 - ក្រហាយទ្រូង កាន់តែខ្លាំង
 - ក្ដៅខ្លួន (មកពីការឆ្លងរោគ)។
 
![]()
២. មូលហេតុបង្កឲ្យហើមពោះ
បញ្ហាហើមពោះអាចកើតឡើងបាននៅពេលដែលប្រព័ន្ធរំលាយអាហារយើងពេញទៅដោយខ្យល់ និងហ្គាស។ ការណ៍នេះអាចកើតឡើងបាន ដោយសារតែអាហារយើងបានញ៉ាំដែរ ក្នុងករណីខ្លះ។
មូលហេតុបង្កទូទៅមួយចំនួនមានដូចជា៖
- លេបខ្យល់ចូលពោះច្រើនពេក តាមរយៈការញ៉ាំអាហារលឿនៗ ផឹកភេសជ្ជៈ ជក់បារី ឬទំពាស្ករកៅស៊ូ
 - ទល់លាមក
 - ញ៉ាំអាហារច្រើនជ្រុល
 - ច្រាលអាស៊ីដក្រពះ
 - ស្រកទម្ងន់
 - ពេលមករដូវ (សម្រាប់ស្រ្តីមួយចំនួន)។
 
មូលហេតុបញ្ហាសុខភាពមួយចំនួនក៏អាចធ្វើឲ្យហើមពោះដែរ៖
- ឆ្លងរោគ
 - មានការរលាក
 - រលាកពោះវៀនរ៉ាំរ៉ៃ
 - ជំងឺរលាកអាងត្រគាក
 - ជំងឺថ្លើម
 - ជំងឺមហារីក (មហារីកក្រពេញអូវែ លំពែង ស្បូន និងពោះវៀនធំ ជាដើម)
 - បញ្ហាផ្លូវចិត្ត ដូចជាស្ត្រេស ឬបាក់ទឹកចិត្ត ជាដើម។
 
៣. ការធ្វើរោគវិនិច្ឆ័យបញ្ហាហើមពោះ
គ្រូពេទ្យអាចពិនិត្យរាងកាយដោយផ្ទាល់ និងសាកសួរអ្នកជំងឺនូវសំណួរមួយចំនួនទាក់ទងនឹងរោគសញ្ញា ដើម្បីដឹងថាបញ្ហានេះកើតយូរៗម្ដង ឬកើតឡើងជាប្រចាំ។
ការហើមពោះបណ្ដោះអាសន្នមិនមែនជាបញ្ហាធ្ងន់ធ្ងរនោះទេ ប៉ុន្តែបើវាកើតឡើងជាប្រចាំ គ្រូពេទ្យអាចនឹងធ្វើតេស្តផ្សេងទៀត ដើម្បីពិនិត្យពោះ មានដូចជាថត X-ray ឬ CT Scan។
៤. វិធីបង្ការបញ្ហាហើមពោះ
ដើម្បីបង្ការបញ្ហាហើមពោះយើងគួរ៖
- ចៀសវាងអាហារអាចផលិតហ្គាស ដូចជាស្ពៃក្ដោប
 - កាត់បន្ថយ ឬចៀសវាងភេសសជ្ជៈមានជាតិហ្គាស
 - ចៀសវាងការទំពាស្ករកៅស៊ូ
 - ញ៉ាំអាហារយឺតៗ
 - ញ៉ាំអាហារសម្បូរជាតិសរសៃ ដើម្បីការពារកុំឲ្យទល់លាមក
 - ចៀសវាងអាហារធ្វើពីទឹកដោះ និង
 - ឈប់ជក់បារី។
 
[embed-health-tool-bmr]




















