និយមន័យ
ជំងឺញៀនជាតិស្រាជាអ្វី?
អ្នកជំងឺដែលប្រមឹកមួយចំនួនពេលដែលផ្ដាច់ស្រាតែងតែជួបនឹងបញ្ហាផ្លូវចិត្តក៏ដូចជារាងកាយមួយចំនួន ដែលអាចមានពីកម្រិតស្រាលដល់ធ្ងន់ធ្ងររហូតដល់មិនអាចទ្រាំបាន ដោយអ្នកខ្លះអាចទៅជារវើរវាយនិងប្រកាច់បាត់ស្មារតីទៀតក៏មាន ហើយអាចប៉ះពាល់ដល់អាយុជីវិតថែមទៀតផង។
រោគសញ្ញា
រោគសញ្ញាទាំងឡាយនៃជំងឺនេះអាចលេចឡើងចន្លោះពេល៦ម៉ោងទៅប៉ុន្មានថ្ងៃក្រោយឈប់ផឹកស្រាដែលអាចមានដូចជា៖
- ញ័រដៃជើង
- ថប់បារម្ភ
- ចង្អោរ
- ក្អួត
- ឈឺក្បាល
- បេះដូងលោតញាប់
- បែកញើស
- នៅមិនសុខក្នុងខ្លួន
- វង្វេង
- ឧស្សាហ៍យល់សប្ដអាក្រក់
- លើសសម្ពាធឈាម
សញ្ញាទាំងនេះកើតនៅពេលដែលជាតិស្រាថយចុះក្នុងឈាម។ លើសពីនេះទៅទៀតវាអាចឈានដល់ ជំងឺមមើមមាយទៀតក៏មានដែលមានរោគសញ្ញាដូចជា៖
- វង្វេងវង្វាន់និយាយស្ដាប់គ្នាមិនបាន
- លេសឡះខ្លាំង
- ក្ដៅខ្លួន
- ប្រកាច់
- ស្រមើស្រមៃថាដូចមានភ្លើងឆេះ ឬរមាស់ពេញខ្លួនដោយគ្មានមូលហេតុ
- ឃើញវត្ថុចម្លែកដែលអាចមើលឃើញតែម្នាក់ឯង
ដោយសារសញ្ញាទាំងនេះអាចលេចឡើងផ្សេងៗគ្នាទៅតាមមនុស្សម្នាក់ៗដូចនេះគួរស្វែងរកការសង្គ្រោះបន្ទាន់ឲ្យបានទាន់ពេលវេលា។
មូលហេតុ
ស្រា ឬជាតិអាល់កុល ត្រូវបានគ្រូពេទ្យបង្ហាញថាមានចលនការបន្ថយអំពើរបស់ប្រព័ន្ធប្រសាទពិសេសគឺខួរក្បាលតែម្ដង។ នៅពេលដែលមានសារធាតុស្រានៅក្នុងមជ្ឈមណ្ឌលប្រសាទយូរៗទៅខួរក្បាលនឹងស៊ាំនឹងសារធាតុនេះ លុះពេលដែលយើងឈប់ផឹកស្រាភ្លាមៗរោគសញ្ញាវានឹងលេចឡើងបង្កជាបញ្ហា។
កត្តាហានិភ័យ
យើងជួបប្រទះបញ្ហានេះភាគច្រើន គឺនៅលើមនុស្សពេញវ័យ ប៉ុន្តែចូលមកដល់សម័យបច្ចុប្បន្នដែលស្រាត្រូវបានអនុញ្ញាតឲ្យមនុស្សគ្រប់វ័យអាចរកជាវបានតាមចិត្តនេះ យើងឃើញថាកុមារមួយចំនួនតូច និងក្មេងជំទង់ក៏រងគ្រោះដោយសារជំងឺនេះដែរ។ អ្នកទាំងនេះនឹងប្រឈមនឹងការលាងសម្អាតជាតិពុលដែលមាននៅក្នុងខ្លួននៅមន្ទីរពេទ្យ។
ការផឹកជោគជាំស្រវឹងខួបរាល់ថ្ងៃគឺជាកត្តាមួយដែលបង្ហាញថាកំពុងឈានទៅរកគ្រោះថ្នាក់ដែលសំគាល់បានតាមរយៈ៖
- ផឹកលើកដាច់ ៤កែវ ភ្លាមៗចំពោះស្ត្រី
- ផឹកលើកដាច់ ៥កែវ ឬច្រើនជាងនេះភ្លាមៗចំពោះបុរស
យោងតាមអង្គការការពារសុខភាពនិងគ្រប់គ្រងជំងឺឆ្លងរបស់សហរដ្ឋអាមេរិកគេបានកំណត់ថា សម្រាប់ស្ត្រីគឺផឹកលើសពី៨កែវក្នុង១សប្ដាហ៍ ហើយបុរសវិញគឺផឹកលើសពី១៥កែវ ដែលគេបែងចែកប្រភេទគ្រឿងស្រវឹងនិងកំណត់អត្រាក្នុងមួយកែវដូចខាងក្រោមនេះ៖
- ១៤៥ មិល្លីលីត្រ នៃស្រា ស ស្រាថ្នាំ ស្រាវីស្គី គោញាក់ ស្រាសបរទេសដូចជា gin, rum ឬ vodka
- ១៤៤ មិល្លីលីត្រ ស្រាទំពាំងបាយជូ
- ២៣៥ មិល្លីលីត្រ នៃស្រាបិទពីស្រូវសាឡី
- ៣៥៥ មិល្លីលីត្រ ស្រាបៀ
រោគវិនិច្ឆ័យនិងការព្យាបាល
រោគវិនិច្ឆ័យ
គ្រូពេទ្យនឹងសាកសួរពីព័ត៌មានទូទៅ និងធ្វើការពិនិត្យរាងកាយព្រមទាំងស្វែងរកសញ្ញាដូចជា៖
ញ័រដៃជើង បេះដូងលោតញាប់ សញ្ញានៃការខ្វះជាតិទឹក និងគ្រុនក្ដៅជាដើម។ បន្ទាប់មកគាត់នឹងស្នើឲ្យធ្វើតេស្តដើម្បីវាស់ជាតិពុលក្នុងខ្លួន។
តាមវិទ្យាស្ថានគ្រប់គ្រងអាការៈដែលកើតពីការញៀនជាតិស្រវឹងបានកំណត់ភាពធ្ងន់ធ្ងររបស់ជំងឺនេះបានដោយគិតលើសញ្ញាទាំង១០ខាងក្រោមនេះ៖
- លេសឡះ
- ថប់បារម្ភ
- ហឹងត្រចៀក
- ពិបាកផ្ចង់អារម្មណ៍ធ្វើការ
- ឈឺក្បាល
- ក្អួត ឬចង្អោរ
- បែកញើសភ្លាមៗគ្មានមូលហេតុ
- សញ្ញារំខានលើស្បែក
- ញ័រដៃជើង
- ស្រមៃឃើញវត្ថុប្លែកៗតែម្នាក់ឯង
ហើយគ្រូពេទ្យនឹងអាចសួរសំនួរខាងក្រោមផ្សេងទៀតដូចជា៖
- តើខ្ញុំជានរណា?
- ថ្ងៃនេះជាថ្ងៃអ្វី?
- តើមានអារម្មណ៍ដូចមានកៅស៊ូរឹតក្បាលដែរឬទេ?
- ឈឺពោះទេ?
- តើមានអារម្មណ៍ថាដូចមានសត្វវៀរលើស្បែកឬទេ?
ការព្យាបាល
ការព្យាបាលនៅផ្ទះ៖ ប្រសិនក្នុងករណីអាការៈស្រាលអាចមើលថែបន្តនៅផ្ទះបានមិនចាំបាច់សម្រាកពេទ្យនោះទេ ប៉ុន្តែត្រូវធ្វើយ៉ាងណាមានអ្នកតាមដានស្ថានភាពឲ្យបានជាប់លាប់ក្នុងករណីអាការៈធ្ងន់ធ្ងរត្រូវប្រញាប់បញ្ជូនទៅមន្ទីរពេទ្យភ្លាម។ ដូចគ្នាដែរ អ្នកជំងឺត្រូវកំណត់ការណាត់ជួបជាមួយគ្រូពេទ្យឲ្យបានទៀងទាត់។ ប្រសិនបើនៅផ្ទះម្នាក់ឯងមិនមានគ្នាមើលថែទេអាចទៅប្រឹក្សាយោបល់ជាមួយពេទ្យដើម្បីស្វែងរកវិធីដោះស្រាយក្នុងបញ្ហានេះបាន។
ការព្យាបាលនៅមន្ទីរពេទ្យ៖ នៅពេលមានអាការៈធ្ងន់ធ្ងរគឺត្រូវការថែទាំពីគ្រូពេទ្យហើយ។ អ្នកជំងឺអាចនឹងបញ្ចូលសេរ៉ូមតាមសរសៃវ៉ែន និងថ្នាំបន្ថយអាការៈបន្ទាប់បន្សំផ្សេងៗទៀត។
ការព្យាបាលដោយថ្នាំ៖ ដែលនៅពេលនេះយើងត្រូវការប្រើថ្នាំរំងាប់អារម្មណ៍ និងថ្នាំងងុយគេងជាដើមដូចជា៖
- Ativan
- Klonopin
- Xanax
- Valium
ដោយសារតែជាតិស្រាអាចធ្វើឲ្យបាត់បង់សារធាតុចិញ្ចឹមនិងវីតាមីនបម្រុងរាងកាយដ៏សំខាន់ដូចនេះហើយបន្ទាប់ពីព្យាបាលឬអំឡុងពេលព្យាបាលពេទ្យអាចផ្ដល់ឲ្យដើម្បីបង្គ្រប់សារធាតុទាំងនេះ។
ចំណុចគួរយល់ដឹងបន្ថែម
អ្នកមានជំងឺញៀនស្រា គឺត្រូវការការផ្ដល់កម្លាំងចិត្តជាចាំបាច់ ដូចនេះអ្នកជំងឺត្រូវជ្រើសរើសបរិស្ថានដែលល្អសម្រាប់ព្យាបាលដូចជា៖
- កន្លែងស្ងប់ស្ងាត់
- មានពន្លឺគ្រប់គ្រាន់ និងស្រទន់
- ការប្រាស្រ័យទាក់ទងមនុស្សដទៃទៀត ត្រូវមានកម្រិត
- បរិយាកាសល្អនិងព ពេញទៅដោយបុគ្គលវិជ្ជមាន
- របបអាហារមានតុល្យភាពនិងញ៉ាំទឹកឲ្យបានច្រើន