គ្នាយើងមួយចំនួនអាចដឹងអំពីរោគសញ្ញាទូទៅនៃស្ត្រេសមានដូចជាគេងមិនលក់ ញ៉ាំច្រើនជាងធម្មតា និងប្រព័ន្ធភាពស៊ាំចុះខ្សោយជាដើម។ គ្នាយើងដឹងទេថាស្ត្រេសមិនត្រឹមតែអាចបង្កផលប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់យើ់ងទេ តែក៏បង្កផលប៉ះពាល់ជាច្រើនដល់សុខភាពផ្លូវកាយដែរ។ អត្ថបទនេះនឹងចែករំលែកអំពីផលប៉ះពាល់បង្កដោយស្ត្រេសមកលើរាងកាយ។
១. ឧស្សាហ៍ភ្លេចភ្លាំង
ប្រសិនជាគ្នាយើងមានការលំបាកក្នុងការផ្ចង់អារម្មណ៍ ស្ត្រេសអាចជាមូលហេតុបង្កមួយដែរ។ ស្ត្រេស និងការថប់បារម្ភអាចប៉ះពាល់ដល់ការផ្ដោតអារម្មណ៍ និងសមត្ថភាពក្នុងការរកនឹក ឬរំឭកនូវការចងចាំចាស់ៗ ឬក៏បង្កើតថ្មីជាដើម។ នេះបើយោងតាមការចេញផ្សាយរបស់សាកលវិទ្យាល័យ Harvard ។ ការសិក្សាឆ្នាំ២០១៨ លើផ្នែកប្រព័ន្ធប្រសាទបានបង្ហាញថាមនុស្សពេញវ័យដែលមានកម្រិតអ័រម៉ូនស្ត្រេស (cortisol) ខ្ពស់មានការចងចាំចុះខ្សោយ និងទំហំខួរក្បាលក៏តូចជាងមុន។
២. បញ្ហាស្បែក
នៅពេលយើងស្ថិតក្នុងស្ថានភាពស្ត្រេសយូរពេក ស្បែកយើងនឹងមានប្រតិកម្មដូចជាកន្ទាលត្រអាក កន្ទួលក្រហម និងឡើងមុន។ មូលហេតុមកពីស្ត្រេសធ្វើឲ្យរាងកាយរបស់យើងបង្កើតអ័រម៉ូន cortisol និងអ័រម៉ូន epinephrine ដែលធ្វើឲ្យក្រពេញខ្លាញ់នៅស្បែកផលិតខ្លាញ់ច្រើន ហើយនេះជាកត្តាបង្កបញ្ហាមុន និងជំងឺស្បែកផ្សេងៗ។
៣. ថយចំណង់ផ្លូវភេទ
ស្ត្រេសខ្លាំង ឬស្ត្រេសរ៉ាំរ៉ៃអាចប៉ះពាល់ដល់កម្រិតអ័រម៉ូនក្នុងរាងកាយ ដោយរាងកាយផលិតអ័រម៉ូន cortisol និងអ័រម៉ូន epinephrineច្រើនធ្វើឲ្យចំណង់ផ្លូវភេទថយចុះ។ ការសិក្សាចេញផ្សាយនៅឆ្នាំ២០១៣ ក្នុងព្រឹត្តិបត្រវិទ្យាសាស្ត្រ Sexual Medicine បានរកឃើញថាស្ត្រេសខ្លាំងអាចធ្វើឲ្យស្រីៗបាត់បង់ចំណង់ផ្លូវភេទ ហើយអ្នកស្រាវជ្រាវបានសន្និដ្ឋានថានេះមកពីការរំខានផ្លូវចិត្ត និងការកើនឡើងនៃអ័រម៉ូន cortisol។ ស្ត្រេសក៏ប៉ះពាល់ដល់សុខភាពរាងកាយរបស់បុរសផងដែរ។ ផលប៉ះពាល់រយៈពេលយូររបស់ស្ត្រេសអាចធ្វើឲ្យសរសៃឈាមរួមតូច និងប៉ះពាល់ដល់លំហូរឈាមដែលទាក់ទងនឹងបញ្ហាលិង្គមិនឡើងរឹង (Erectile Dysfunction)។
៤. សាច់ដុំឡើងតឹង
ស្ត្រេសអាចបង្កឲ្យមានអាការៈ តឹងសាច់ដុំក ស្មា ឬខ្នង។ រាងកាយរបស់យើងទប់ទល់នឹងស្ត្រេសដោយបញ្ចេញអ័រម៉ូនដែលជួយឲ្យសាច់ដុំត្រៀមជាស្រេចក្នុងការឆ្លើយតបទៅនឹងអ្វីដែលគំរាមកំហែងយើង។ នេះអាចជួយក្នុងរយៈពេលខ្លី ប៉ុន្តែអាចបង្កជាបញ្ហាប្រសិនជាយើងស្ថិតក្នុងស្ថានភាពស្ត្រេសមិនឈប់ឈរព្រោះសាច់ដុំមិនបានសម្រាក។
៥. កំហឹង
ការខឹងក៏ជារោគសញ្ញាទូទៅមួយនៃស្ត្រេសរយៈពេលយូរដែរ។ នៅពេលរាងកាយបញ្ចេញសារធាតុគីមីដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងអ្វីមួយ បេះដូងនឹងលោតញាប់ដើម្បីជួយឲ្យយើងធ្វើសកម្មភាព។ នេះអាចធ្វើឲ្យយើងមានអារម្មណ៍ប្រែប្រួល និងខឹង។ ការសិក្សានៅក្នុងព្រឹត្តិបត្រ American Heart បានរកឃើញថាការខឹងច្រើនមានទំនាក់ទំនងនឹងបញ្ហាផ្លូវចិត្ត និងបង្កើនហានិភ័យជំងឺបេះដូង។
៦. សុខភាពពោះវៀន
ស្ត្រេសរ៉ាំរ៉ៃអាចបង្កឲ្យមានផលវិបាកពោះវៀនដូចជាឈឺពោះ ទល់លាមក និងរាករូសជាដើម។ នេះមកពីពោះវៀន និងប្រព័ន្ធសរសៃប្រសាទកណ្ដាលមានទំនាក់ទំនងជាមួយគ្នា។ នេះបើតាមការចេញផ្សាយក្នុង Medicine John Hopkins។
៧. ឈឺក្បាល
នៅពេលរាងកាយផលិតអ័រម៉ូន adrenaline និងអ័រម៉ូន cortisolអាចបង្កឲ្យមានការផ្លាស់ប្តូរដើម្បីជួយដល់សាច់ដុំត្រៀមរួចជាស្រេចក្នុងការទប់ទល់នឹងស្ថានការណ៍អ្វីមួយ ប៉ុន្តែការផ្លាស់ប្តូរអាចបង្កឲ្យមានអាការៈឈឺក្បាល ឬឈឺក្បាលប្រកាំងបាន។ បន្ថែមពីនេះទៀត អំឡុងពេលស្ត្រេសខ្លាំង មនុស្សមួយចំនួនអាចមានអាការៈតឹងនៅនឹងក ថ្គាម និងស្មាដែលអាចធ្វើឲ្យអាការៈឈឺក្បាលកាន់តែធ្ងន់ធ្ងរ។
ទោះបីជាយើងមិនអាចកម្ចាត់ស្ត្រេសពីជីវិតបាន យើងអាចរៀនគ្រប់គ្រងស្ត្រេសរាល់ថ្ងៃបានដើម្បីជួយដល់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។