ស្វែងយល់ពីមូលដ្ឋានគ្រឹះ
១- អ្វីទៅជាជំងឺវិកលចរិត (Schizophrenia)?
ជំងឺវិកលចរិត ឬជំងឺស្គីហ្សូហ្វ្រេនៀ (Schizophrenia) គឺជាជំងឺផ្លូវចិត្តរ៉ាំរ៉ៃធ្ងន់ធ្ងរដែលធ្វើឲ្យប៉ះពាល់ដល់ការគិត។ អ្នកមានជំងឺនេះនាំឲ្យមិនអាចបែកចែកបានថាអ្វីជាការពិត ឬមិនពិត។ ការគិតរបស់អ្នកជំងឺអាចប្រែទៅជាលឿន ឬក៏យឺតជាងមុន ឬក៏គាំងតែម្តង ជាហេតុនាំឲ្យល្បឿននៃការនិយាយស្តីរបស់អ្នកជំងឺក៏ប្រែប្រួលទៅតាមហ្នឹងផងដែរ។ មិនតែប៉ុណ្ណោះ សមត្ថភាពនៃការគិតពិចារណា ការចងចាំ ឬក៏ការដោះស្រាយបញ្ហាអ្វីមួយរបស់អ្នកទាំងនោះអាចនឹងធ្លាក់ចុះ ឬក៏បាត់បង់ទៀតផង។
អ្នកជំងឺវិកលចរិត អាចនឹងមានអាកប្បកិរិយាប្លែកៗខុសពីគេដោយសារតែពួកគេអាចស្តាប់ឮនូវអ្វីដែលមិនពិត មើលឃើញនូវអ្វីដែលអ្នកដទៃមើលមិនឃើញ បកប្រែព័ត៌មានដែលទទួលបានខុសពីការពិត ប្រយ័ត្នប្រយែងហួសហេតុ និងមានអារម្មណ៍ឆេវឆាវអាចឈានទៅដល់ការប្រើហិង្សាទៀតផង។ ដោយសារតែជំងឺវិកលចរិតនេះជាប្រភេទជំងឺផ្លូវចិត្តរ៉ាំរ៉ៃ វាតម្រូវឲ្យធ្វើការព្យាបាលមួយជីវិត។
អត្ថបទពាក់ព័ន្ធ៖ Major depression (ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ)
២- ជំងឺវិកលវរិកកើតឡើងញឹកញាប់ប៉ុនណា?
ក្នុងចំណោមប្រជាជនទាំងអស់ មានមនុស្សប្រមាណជា ១ភាគរយ មានជំងឺវិកលចរិតនេះ មានន័យថាក្នុងចំណោម ១០០នាក់ មានម្នាក់អាចកើតជំងឺនេះ។ បើធៀបទៅតាមភេទវិញ ទាំងបុរស ទាំងស្រី សុទ្ធតែប្រឈមនឹងការកើតជំងឺនេះដូចគ្នា គ្រាន់តែ ភាគច្រើនមនុស្សប្រុសចាប់ផ្តើមកើតពីពេលពេញវ័យទៅដល់អាយុ ២៥។ ចំណែកឯស្ត្រីវិញ ភាគច្រើនចាប់ផ្តើមកើតជំងឺនេះចាប់ពីវ័យ ២៥ឆ្នាំឡើងទៅ។
ស្វែងយល់អំពីរោគសញ្ញា
១- ជំងឺវិកលចរិតមានរោគសញ្ញាអ្វីខ្លះ?
រោគសញ្ញាចម្បងៗនៃជំងឺវិកលចរិត មានដូចជា៖
- មានបញ្ហាក្នុងការគិត ដូចជា ពិបាកក្នុងការសម្រេចចិត្តធ្វើអ្វីមួយ
- ពិបាកក្នុងការនិយាយ ឬក៏បង្ហាញប្រាប់ពីអារម្មណ៍របស់ខ្លួន
- ខ្លាចទីកន្លែងដែលមានមនុស្សច្រើន
- មានការគិតមិនប្រក្រតី៖
- ស្រមើស្រមៃ ជាពិសេស ការស្តាប់ឮសំឡេងដែលមិនពិត វាអាចជាសំឡេងច្បាស់ មិនច្បាស់ ប្រុស ស្រី ក្មេង ចាស់ សំឡេងអ្នកស្គាល់គ្នា ឬក៏មិនស្គាល់ទាល់តែសោះ។ សំឡេងទាំងនោះអាចនឹងបញ្ជាប្រាប់អ្នកជំងឺឲ្យធ្វើនូវអ្វីដែលមិនល្អ ដូចជា ការសំលាប់ខ្លួនឯង ឬអ្នកដទៃជាដើម។
- មានជំនឿខុសពីការពិត ដូចជា ការប្រុងប្រយ័ត្នហួសហេតុលើសលប់ ជឿថាខ្លួនមានគេតាមសំលាប់ ឬក៏ជឿថាខ្លួនមានសមត្ថភាពពិសេសជាងគេ ឬក៏ជឿថាខ្លួនកំពុងមានជំងឺធ្ងន់ណាមួយ (តាមពិតគ្មាននោះទេ)។
យ៉ាងណាមិញ ជំងឺវិកលចរិតនេះអាចនឹងមានរោគសញ្ញាមួយចំនួនផ្សេងទៀតដែលមិនបានរៀបរាប់ខាងលើ ហេតុនេះ ប្រសិនបើគ្នាយើងមានមន្ទិលសង្ស័យទាក់នងទៅនឹងរោគសញ្ញាណាមួយ គប្បីទៅជួបពិភាក្សាជាមួយនឹងគ្រូពេទ្យជំនាញ។
២- គួរទៅជួបពេទ្យពេលណា?
អ្នកជំងឺវិកលចរិតមិនដឹងថាខ្លួនមានជំងឺផ្លូវចិត្ត ហើយត្រូវការការព្យាបាលនោះទេ។ ហេតុនេះ ប្រសិនបើគ្នាយើងចាប់អារម្មណ៍ថាមនុស្សជាទីស្រលាញ់ ឬក៏អ្នកនៅជុំវិញខ្លួនយើង មានអាការៈមិនប្រក្រតីណាមួយ ឬក៏អាកប្បកិរិយាប្លែកៗ សូមនាំអ្នកនោះទៅពិនិត្យនៅពេទ្យឲ្យបានឆាប់បំផុតតាមតែអាចធ្វើទៅបាន ហើយជំរើសពេទ្យដែលល្អសម្រាប់ជំងឺប្រភេទនេះនោះគឺពេទ្យជំនាញខាងវិកលវិទ្យា (ផ្លូវចិត្ត) និងប្រព័ន្ធប្រសាទ។
អ្នកជំងឺប្រភេទនេះ អាចនឹងមិនព្រមទៅពេទ្យតាមសម្រួលជាមួយយើងនោះទេ ដូច្នេះ គប្បីទាក់ទងទៅខាងមន្ទីរពេទ្យ ហើយសូមការអន្តរាគមន៍ពីសំណាក់គ្រូពេទ្យជាមុន ដើម្បីអាចយកអ្នកជំងឺទៅព្យាបាលដោយសុវត្ថិភាព។
ស្វែងយល់អំពីមូលហេតុ
១- មូលហេតុអ្វីខ្លះបណ្តាលឲ្យមានជំងឺវិកលចរិត?
មិនទាន់មានការសិក្សាស្រាវជ្រាវណាអាចបង្ហាញប្រាប់ពីមូលហេតុបង្ករបស់ជំងឺវិកលចរិតនេះច្បាស់លាស់នោះទេ យ៉ាងណាមិញ អ្នកវិទ្យាសាស្ត្រជឿជាក់ថា ចំនុចមួយចំនួនខាងក្រោមនេះអាចដើរតួមួយចំំណែកនៃមូលហេតុបង្កទាំងមូល៖
- កត្តាហ្សែន៖ ជំងឺប្រភេទនេះអាចកើតឡើងនៅក្នុងសែស្រឡាយគ្រួសារតែមួយ
- កត្តាបរិស្ថាន៖ ដូចជា ការឆ្លងមេរោគ (ពពួកវីរុសផ្សេងៗជាដើម) និងបញ្ហាកង្វះអាហារូបត្ថម្ភក្រោយពេលកើតពីផ្ទៃម្តាយ
- បម្រែបម្រួលរចនាសម្ព័ន្ធ និងសារធាតុគីមីនៅក្នុងខួរក្បាល
អត្ថបទពាក់ព័ន្ធ៖
- កុំធ្វើប្រងើយ! មកដឹងការយល់ច្រឡំ និងការពិតនានា ទាក់ទងនឹងការសម្លាប់ខ្លួន
- ផឹកស្រាមិនអាចជួយបំបាត់ទុក្ខទេ តែធ្វើឲ្យមានវិបត្តិផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ
- អ្នកណាៗក៏ចេះមានអារម្មណ៍ខឹងដែរ តែបើដឹងវិធីនេះអាចជួយរំសាយបានខ្លះ
- បើមានរោគសញ្ញាទាំងនេះ បង្ហាញថាស្រ្តេសឡើងដល់កំពូលហើយ
ស្វែងយល់ពីកត្តាប្រឈម
១- កត្តាអ្វីខ្លះធ្វើឲ្យមនុស្សយើងកាន់តែប្រឈមនឹងជំងឺវិកលចរិត?
មានកត្តាជាច្រើនអាចធ្វើឲ្យមនុស្សយើងកាន់តែប្រឈមទៅនឹងការកើតជំងឺនេះ ដូចជា៖
- ធ្លាប់មានសែស្រឡាយគ្រួសារកើតជំងឺវិកលចរិតពីមុន ជាពិសេស ប្រសិនបើឪពុកម្តាយ ឬក៏បងប្អូនបង្កើតធ្លាប់មានជំងឺនេះពីមុន អត្រានៃការកើតជំងឺវិកលចរិតមានច្រើនជាងមនុស្សធម្មតាដល់ទៅ១០ដង។
- ធ្លាប់មានជំងឺបង្កដោយពពួកមេរោគវីរុសពីមុន ឬក៏ធ្លាប់ពុលសារធាតុណាមួយ ឬក៏ម្តាយមានបញ្ហាកង្វះអាហារូបត្ថម្ភកំឡុងពេលពពោះ ជាពិសេស កំឡុងពេល ៦ខែដំបូង។
- មានឪពុកវ័យចំណាស់
- ធ្លាប់ប្រើពពួកថ្នាំសរសៃប្រសាទពេលនៅក្មេង
- មានជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯង
ស្វែងយល់អំពីការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល
១- ធ្វើរោគវិនិច្ឆ័យរកជំងឺវិកលចរិតដោយរបៀបណា?
ជាទូទៅ ក្នុងករណីដែលគ្រូពេទ្យសង្ស័យថាអ្នកណាម្នាក់មានជំងឺវិកលចរិត គ្រូពេទ្យនឹងធ្វើការពិនិត្យទៅលើប្រវត្តិជំងឺពីមុន ពិនិត្យទាំងផ្នែកគ្លីនិចទាំងរាងកាយ និងធ្វើតេស្តមួយចំនួន ដូចជា៖
- ពិនិត្យបរិមាណគ្រាប់ឈាមសរុប (CBC)
- ធ្វើតេស្តឈាមមួយចំនួនផ្សេងទៀតដើម្បីកំណត់រោគវិនិច្ឆ័យជំងឺផ្សេងៗដែលអាចនាំឲ្យអ្នកជំងឺមានអាការៈស្រដៀងៗគ្នានឹងជំងឺនេះ
- វាស់បរិមាណកម្រិតជាតិស្រា និងគ្រឿងញៀនផ្សេងៗ
- គ្រូពេទ្យក៏អាចនឹងតម្រូវឲ្យធ្វើតេស្តរូបភាពវេជ្ជសាស្ត្រមួយចំនួនផ្សេងទៀត ដូចជា ការថតស្កេន MRI និង CT ផងដែរ។
- ការធ្វើតេស្តផ្នែកផ្លូវចិត្ត៖ គ្រូពេទ្យឯកទេសខាងវិកលវិទ្យាអាចធ្វើការពិនិត្យផ្នែកផ្លូវចិត្តអ្នកជំងឺតាមរយៈការសង្កេតលើរូបរាងខាងក្រៅ សកម្មភាព និងអាកប្បកិរិយា ក៏ដូចជាធ្វើការសាកសួរទៅលើការគិត និងអារម្មណ៍របស់អ្នកជំងឺ សង្កេតមើលថាមានជំនឿអ្វីមួយខុសពីការពិត ការស្រមើស្រមៃ ឬក៏មានប្រើសារធាតុណាមួយលើសពីកម្រិតដែលអាចបណ្តាលឲ្យអ្នកជំងឺមានគំនិតសំលាប់ខ្លួន ឬក៏ក្លាយទៅជាកាចឆេវឆាវប្រើហិង្សាឬទេ។
២- តើព្យាបាលជំងឺវិកលចរិតដោយរបៀបណា?
គេមិនអាចព្យាបាលជំងឺវិកលចរិតនេះឲ្យជាដាច់នោះទេ ក៏ប៉ុន្តែគេអាចព្យាបាលរោគសញ្ញារបស់ជំងឺនេះដោយការប្រើថ្នាំ និងការព្យាបាលតាមបែបពុទ្ធិអាកប្បកិរិយា (CBT: Cognitive behavioral therapy)។
ជំងឺផ្លូវចិត្តភាគច្រើនកើតឡើងដោយសារតែអ្នកជំងឺគិតខុសពីការពិត ឬក៏គិតបែបអវិជ្ជមានក្នុងរយៈពេលយូរ ហេតុនេះ ទើបតម្រូវឲ្យមានការព្យាបាលតាមបែបពុទ្ធិអាកប្បកិរិយាពីសំណាក់គ្រូពេទ្យដើម្បីផ្លាស់ប្តូរការគិត ក៏ដូចជាអាកប្បកិរិយាមិនប្រក្រតីឲ្យត្រលប់ទៅសភាពធម្មតាវិញ។ វិធីព្យាបាលប្រភេទនេះ ធ្វើឡើងតាមរយៈការជួយអ្នកជំងឺឲ្យគិតក្នុងផ្លូវត្រឹមត្រូវ ដើម្បីស្វែងរកទំលាប់មិនល្អណាមួយដែលជំងឺបង្កឲ្យមានជំងឺនេះ។ បន្ទាប់មកទៀត គ្រូពេទ្យនឹងធ្វើការវឹកហាត់លើផ្នែកអាកប្បកិរិយាផ្សេងៗទៀតនៃអ្នកជំងឺដើម្បីទាញស្មារតីមិនឲ្យគិតក្នុងផ្លូវអាក្រក់ទៀត។ នៅពេលដែលអ្នកជំងឺឈប់គិតក្នុងផ្លូវអវិជ្ជមានទាំងនេះ មានន័យថាការព្យាបាលរោគសញ្ញានៃជំងឺវិកលចរិតនេះទទួលបានជោគជ័យហើយ។
គ្រូពេទ្យក៏អាចនឹងតម្រូវឲ្យអ្នកជំងឺប្រើពពួកថ្នាំប្រឆាំងនឹងជំងឺសរសៃប្រសាទប្រចាំថ្ងៃផងដែរ ដើម្បីជៀសវាងការកើតមានរោគសញ្ញាផ្សេងៗទៀត ដូចជា ការមានជំនឿ និងការគិតខុសពីការពិតជាដើម។ លើសពីនេះ គ្រូពេទ្យក៏អាចនឹងបន្ថែមការព្យាបាលបែបចិត្តសាស្ត្រសង្គមដល់អ្នកជំងឺ ដើម្បីប្រាកដថាអាចប្រាស្រ័យទាក់ទងល្អជាមួយនឹងអ្នកនៅជុំវិញខ្លួនផងដែរ។ ការព្យាបាលតាមបែបចិត្តសាស្ត្រសង្គមនេះ ជាប្រភេទវិធីព្យាបាលតាមការប្រឹក្សាយោបល់ដោយការលើកទឹកចិត្តអ្នកជំងឺឲ្យចូលរួមសកម្មភាពប្រចាំថ្ងៃជាមួយនឹងក្រុមសមាជិកដទៃដែលអាចមានជំងឺស្រដៀងៗគ្នា ដើម្បីឆ្ពោះទៅដល់គោលដៅជាសះស្បើយបានកាន់តែឆាប់រហ័សហើយមានប្រសិទ្ធិភាព។
បំលាស់ប្តូររបៀបរស់នៅ និង វិធីព្យាបាលនៅផ្ទះ
១- បំលាស់ប្តូររបៀបរស់នៅ និងវិធីព្យាបាលតាមផ្ទះអ្វីខ្លះ អាចជួយសម្រួលដល់ការព្យាបាលជំងឺវិកលចរិត?
ការផ្លាស់ប្តូររបៀបរបបក្នុងការរស់នៅ និងវិធីព្យាបាលតាមផ្ទះមួយចំនួនខាងក្រោមនេះអាចជួយឲ្យអ្នកជំងឺសម្របខ្លួនទៅនឹងការព្យាបាលជំងឺវិកលចរិតនេះ ដូចជា៖
- ញ៉ាំថ្នាំទៅតាមវេជ្ជបញ្ជាជារៀងរាល់ថ្ងៃ
- ចូលរួមសកម្មភាព ឬក៏កម្មវិធីជាក្រុមតាមការណែនាំរបស់គ្រូពេទ្យ (អាចសាកល្បងចូលរួមក្រុមអ្នកស្ម័គ្រចិត្តណាមួយដែលមានសមាជិកមានបទពិសោធន៏ជំងឺ ឬក៏បញ្ហាស្រដៀងៗគ្នា)
- ចៀសវាងការទទួលទានស្រា ព្រោះវាអាចជះឥទ្ធិពលដល់ប្រសិទ្ធភាពរបស់ថ្នាំ
- ចៀសវាងការទុកសមាជិកគ្រួសារដែលមានជំងឺនេះចោលក្រោមសម្ពាធ ឬក៏ភាពតានតឹងណាមួយដោយគ្មានការអើពើ។ គប្បីធ្វើការកត់សំគាល់រាល់ភាពតានតឹង ការគេង ឬក៏ញ៉ាំមិនគ្រប់ និងការទទួលទានកាហ្វេរបស់អ្នកជំងឺផងដែរ ព្រោះអាចធ្វើឲ្យអាការៈជំងឺនេះរើឡើងម្តងទៀតផងដែរ។
- ទាក់ទងទៅគ្រូពេទ្យជាបន្ទាន់ ប្រសិនបើអ្នក ឬក៏សមាជិកណាមួយក្នុងគ្រួសារលឺសំឡេងប្លែកៗដែលអ្នកដទៃមិនឮឬក៏មានជំនឿខុសពីការពិត ឬក៏មានការគិតមិនប្រក្រតីណាមួយ ឬក៏មានបញ្ហាក្នុងការគេង ក៏ដូចជាមានគំនិត ឬក៏គំរោងចង់សំលាប់ខ្លួនផ្សេងៗ។
- ចៀសវាងរាល់ការប្រើប្រាស់ថ្នាំ ឬក៏គ្រឿងញៀនខុសច្បាប់ណាមួយ។
- ចៀសវាងរាល់ការប្រើប្រាស់ថ្នាំដោយមិនបានពិគ្រោះជាមួយនឹងគ្រូពេទ្យជាមុន ឬក៏ដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យ។