បើនិយាយទៅដល់បញ្ហាផ្លូវចិត្ត មនុស្សមួយចំនួនប្រាកដជាគិតថាក្មេងមិនសមនឹងមានបញ្ហានេះឡើយ ព្រោះថាជាវ័យនេះមិនទាន់ចេះស្មុគស្មាញ ឬគិតអ្វីច្រើនឡើយ។ ចំពោះបញ្ហានេះសាស្ត្រាចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យា និងជាប្រធានផ្នែកសុខភាពផ្លូវចិត្ត និងបំពានគ្រឿងញៀន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា តាមពិតទៅក្មេងក៏អាចមានបញ្ហានេះដូចគ្នា។
លោកបានបន្តថា មនុស្សមួយចំនួនបាននិយាយថា កូនក្មេងសោះចេះមានជំងឺផ្លូវចិត្តអីដែរ តែវាជារឿងពិត និងកើតឡើងចំពោះក្មេងបានយ៉ាងងាយ៖“ក្មេងកើតមកមិនមែនអត់ចិត្តទេ មនុស្សណាក៏ដោយកើតមកមានទាំងរូបរាងកាយ មានទាំងចិត្តគំនិត។ កាលណាមានមនុស្សចាស់ណាទៅសម្លុត ឬធ្វើអ្វីឲ្យប៉ះពាល់ដល់អារម្មណ៍ គ្នាប្រាកដជាមានអារម្មណ៍សោកសៅទៅតាមនោះដែរ”។
អត្ថបទពាក់ព័ន្ធ៖ ដេកមិនលក់ យូរៗអាចក្លាយជាជំងឺផ្លូវចិត្តអត់?
អ្នកជំនាញផ្នែកវិកលវិទ្យារូបនេះបានបន្តថា ការស្ដីបន្ទោស គឺធ្វើឲ្យកូនកាន់តែមានសម្ពាធផ្លូវចិត្តខ្លាំងឡើង ព្រោះពេលធ្វើខុស ក្នុងចិត្តកូនមិនស្រណុក ឬភ័យខ្លាចរួចទៅហើយ។ តែជំងឺបែបនេះកើតមានចំពោះមនុស្សពេញវ័យច្រើនខ្លាំង សម្រាប់កូនក្មេងវិញមានតិចតួចប៉ុណ្ណោះ។
មិនតែប៉ុណ្ណោះពាក្យសម្ដីដាក់កំហិត និងបង្គាប់បញ្ជាមួយចំនួនក៏អាចបំបាក់ទឹកចិត្តកូន ព្រោះនោះជាការដាក់គំនាបដល់ពួកគេ។ មួយវិញទៀតម៉ាក់ប៉ាទាំងឡាយគួរបញ្ឈប់ទម្លាប់ប្រៀបធៀបកូនខ្លួនជាមួយកូនគេអ្នកដទៃ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕