​គេងអត់​​ឆ្អែត​​ អាច​មាន​បញ្ហា​​​ផ្លូវចិត្ត​ច្រើន

    ​គេងអត់​​ឆ្អែត​​ អាច​មាន​បញ្ហា​​​ផ្លូវចិត្ត​ច្រើន

    ជាធម្មតា គេង​មិន​បាន​គ្រប់គ្រាន់ ​បណ្ដាល​ឲ្យ​យើង​​ខ្សោយ​កម្លាំង ល្ហិតល្ហៃ អាច​ចុះ​ប្រាជ្ញាស្មារតី ឬ​ការ​ផ្ចង់​អារម្មណ៍​ក្នុង​ការសិក្សា បំពេញ​ការងារ ​បាន​ល្អ នៅ​ថ្ងៃ​បន្ទាប់ ហើយ​វា​ក៏​ជា​ដើម​ចម​បង្ក​ជា​បញ្ហា​ផ្លូវចិត្ត​ជាច្រើន។ លទ្ធផល​ដែល​បាន​នេះ គឺ​សំដៅ​លើ​និស្សិត​កំពុង​សិក្សា​តាម​មហាវិទ្យាល័យ ក្រោយ​មាន​គ្នា លើស ១១ម៉ឺន​នាក់​ចូលរួម។

    លទ្ធផល​ការសិក្សា រកឃើញ​ថា គេងអត់​​គ្រប់​ (សំដៅ​លើ គេង​អត់​បាន ៨ម៉ោង) ហានិភ័យ​នៃ​រោគសញ្ញា​សុខភាព​ផ្លូវចិត្ត កើតឡើង​រហូត​ដល់ ២០% ពី​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ២០១៩ របស់​សមាគម Associated Professional Sleep Societies របស់​អាមេរិក កាលពី​សប្ដាហ៍​មុន។ ការសិក្សា​នេះ បាន​វិភាគ​លើ​ទិន្នន័យ​និស្សិត ជាង ១១​ម៉ឺន​នាក់ ទទួល​បាន​ពី​ការ​វាយតម្លៃ​សុខភាព​និស្សិត​តាម​មហាវិទ្យាល័យ (National College Health Assessment)។

    សមាគម​ខាង​លើ បាន​បែងចែក​ការ​សិក្សា​ដែល​បាន​ពី​អ្នក​គេង​អត់​ឆ្អែត ឬ​អត់​បាន ៨ម៉ោង​ពេញ​ជា៖

    • ភាព​ឯកា កើនឡើង ១៩%
    • អារម្មណ៍​បាក់ទឹក​ចិត្ត កើនឡើង ២១%
    • ថប់បារម្ភ កើនឡើង ២៥%
    • ការ​ចង់បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង កើនឡើង ២៥%
    • ការគិត​ចង់ធ្វើ​អត្តឃាត កើនឡើង ២៨% និង​
    • ការ​អស់កម្លាំង កើនឡើង ២៩% ក្នុង​រយៈពេល ១​យប់ ដែល​គេង​មិន​បាន​គ្រប់គ្រាន់។

    លោក​វេជ្ជបណ្ឌិត Michael Grandner ទីប្រឹក្សា​ក្នុង​ការសិក្សា​នេះ បញ្ជាក់​ថា ការ​គេងមិន​គ្រប់គ្រាន់ កាន់តែ​ច្រើន​យប់ នោះ​រោគសញ្ញា​បញ្ហា​សុខភាព​ផ្លូវចិត្ត នឹង​លេចចេញ​កាន់តែ​ច្រើនផងដែរ។

    អត្ថបទពាក់ព័ន្ធ៖

    ពាក់ព័ន្ធ​នឹង​ការ​គេង​នេះ ការសិក្សា​ពីមុន រកឃើញ​ថា មនុស្ស​ពេញវ័យ​មាន​សុខភាព​ល្អ គួរធ្វើតាម​ការ​ណែនាំ​ដោយ​គេង ពី ៧-៩​ ម៉ោង

     

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់​ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 20/06/2019
    ត្រួតពិនិត្យដោយ ជីព ចិត្ត