មនុស្សគ្រប់រូបមិនអាចគេចផុតឡើយពីអារម្មណ៍សោកសៅ ហើយជារើយៗកើតមានពេលដែលជីវិតរបស់យើងជួបការពិបាកហើយអារម្មណ៍ពិបាកចិត្ដទាំងនោះនឹងបាត់ទៅវិញក្នុងមួយរយៈក្រោយមក។ ប៉ុន្តែមានអ្នកខ្លះ នៅបន្តមានអារម្មណ៍ពិបាកចិត្ដក្នុងរយៈពេលយូរ ហើយអារម្មណ៍នោះក៏ធ្វើឲ្យប៉ះពាល់ដល់ជីវិតរស់នៅរបស់អ្នកទាំងនោះទៀតផង។ អារម្មណ៍បែបនេះ អាចធ្វើឲ្យអ្នកទាំងនោះមិនអាចធ្វើការ ឬគេងបាន ហើយមានពេលខ្លះ អ្នកជួបបញ្ហានេះគិតថាខ្លួនឯងមិនមានតម្លៃ។ អារម្មណ៍ទាំងអស់នេះ អាចជាសញ្ញាដំបូងនៃជំងឺបាក់ទឹកចិត្ដ។