និយមន័យ
១- អ្វីជាជំងឺរលាកទងសួតស្រួចស្រាល?
រលាកទងសួតស្រួចស្រាល គឺជាជំងឺរលាកផ្លូវដង្ហើម ជួបប្រទះជាញឹកញាប់បំផុតនៅផ្នែកខាងចុងនៃទងសួត។
២- ជំងឺរលាកទងសួតស្រួចស្រាលកើតញឹកញាប់ដែរទេ?
ជំងឺរលាកទងសួតស្រួចស្រាល ជាទូទៅ ច្រើនកើតលើក្មេងមានអាយុក្រោម ២ ឆ្នាំ ហើយប៉ះពាល់ខ្លាំងចំពោះទារកអាយុចន្លោះ ២-៦ ខែ និងក្មេងមិនបានបៅដោះម្ដាយ។
រោគសញ្ញា
៣- រោគសញ្ញាជំងឺរលាកទងសួតស្រួចស្រាលមានអ្វីខ្លះ?
រោគសញ្ញាជំងឺរលាកទងសួតស្រួចស្រាល ចាប់ផ្ដើមដំបូងដោយការបង្ករោគតាមប្រព័ន្ធដកដង្ហើមផ្នែកខាងលើ ដែលមានអាការៈ ដូចជាផ្តាសាយធម្មតា មានហៀរសំបោរ តឹងច្រមុះ កណ្ដាស់ ហើយប៉ុន្មានថ្ងៃបន្ទាប់ ក្មេងនឹងប្រែទៅជាក្ដៅខ្លួន រញ៉ាំរញ៉ូវ និងថប់ដង្ហើម។
នៅពេលរោគសញ្ញាជំងឺកាន់តែធ្ងន់ យូរៗទៅក្មេងនឹងពិបាកដកដង្ហើមកាន់តែខ្លាំង ដែលលេចឡើងអាការៈផតសាច់ក និងសាច់ចន្លោះឆ្អឹងជំនី ហើយពេលដកដង្ហើម មានឭសំឡេងងីតៗ (wheezing)។
ចំពោះក្មេងតូចៗវិញ ពេលជួបបញ្ហានេះ អាចនឹងពិបាកបញ្ចុកចំណី និងគេង ដោយសារតែមានស្លេស្មកើនឡើងក្នុងសួត ហើយបង្កទៅជាក្អួត និងបន្ទោបង់មកមានសំបោរទៀតផង។
៤- ពេលណាត្រូវទៅជួបពេទ្យ?
ត្រូវប្រញាប់យកកូនមកមន្ទីរពេទ្យ ពេលមានរោគសញ្ញាទាំងនេះកើតឡើង ដូចជា៖
– ក្អួត
– ដកដង្ហើម ឮងឺតៗ ដូចកូនឆ្មារយំ
– ដង្ហើមញាប់ លើសពី ៦០ដង
– ផតសាច់ចន្លោះឆ្អឹងជំនីរពេលដកដង្ហើម
– សន្លឹមៗ និងទន់ដៃទន់ជើង
– មិនព្រមបៅដោះ ឬដង្ហើមញាប់ពេលបៅ
– ស្បែកឡើងស្វាយ ជាពិសេសបបូរមាត់ និងក្រចក
បើសិនជាមានផលវិបាករឿងផ្តល់ចំណីឲ្យក្មេង ឬក្មេងមិនផឹកទឹក ឬក៏ក្មេងដកដង្ហើមកាន់តែញាប់ទៅៗ ប្រញ៉ាប់ទាក់ទងទៅគ្រូពេទ្យជាបន្ទាន់ ពិសេសទារករអាយុតិចជាង ១២ សប្ដាហ៍ និងក្មេងមានជំងឺសួត បេះដូង ពីកំណើត និងទារកកើតមិនគ្រប់ខែ។
មូលហេតុបង្ក
៥- មូលហេតុបង្កឲ្យកើតជំងឺរលាកទងសួតស្រួចស្រាលមានអ្វីខ្លះ?
ជំងឺរលាកទងសួតស្រួចស្រាល គឺជាជំងឺអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមខ្យល់ដង្ហើម បង្កឡើងដោយវីរុស RSV (Respiratory Syncytial Virus) ដែលប្រភេទវីរុសឧស្សាហ៍ជួបប្រទះជាងគេ ហើយក៏អាចមានមេរោគផ្សេងទៀតដែរ ដូចជា Parainfluenza និង Adenovirus ។
អត្ថបទពាក់ព័ន្ធ៖
កត្តាប្រឈម
៦- អ្វីជាកត្តាប្រឈមជំងឺរលាកទងសួតស្រួចស្រាល?
កត្តាធ្វើឲ្យក្មេងប្រឈមជំងឺរលាកទងសួតស្រួចស្រាល មានដូចជា៖
– ទារក ឬក្មេងប្រុស
– ទារកកើតមិនគ្រប់ខែ
– ទារកកើតចំពេលកំពុងផ្ទុះជំងឺរលាកទងសួត
– ធ្លាប់មានជំងឺកោសិកាទងសួតខុសប្រក្រតី
– មានជំងឺសួតរ៉ាំរ៉ៃ ជំងឺប្រព័ន្ធប្រសាទ និងសាច់ដុំ និងជំងឺបេះដូងពីកំណើត
– រស់នៅជាមួយសមាជិកគ្រួសារជក់បារី
– ម្តាយក្មេងពេកពេលមានគភ៌
– មានបងប្អូនច្រើន
– មិនសូវបៅដោះម្ដាយ
– ម្ដាយមានជំងឺសួត
– មានជីវភាពក្រីក្រ
រោគវិនិច្ឆ័យនិងការព្យបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ដើម្បីកំណត់ការធ្វើរោគវិនិច្ឆ័យបាន គ្រូពេទ្យត្រូវពិនិត្យរបាយការណ៍សុខភាព ដើម្បីដឹងពីអាយុកុមារ រដូវកាលដែលអាចកើតជំងឺប្រភេទនេះ និងពិនិត្យយ៉ាងចិត្តទុកដាក់លើកាយសម្បទា អាចជួបសញ្ញាដូចជា៖
– ដង្ហើមញាប់
– បេះដូងលោតញាប់
– ក្ដៅខ្លួន ៣៨-៣៩ អង្សារសេ
– ផតទ្រូងពេលដកដង្ហើម
– ស្ដាប់សួតឮសំឡេងមិនធម្មតា
– សញ្ញាកង្វះអុកស៊ីហ្សែន
– ដំបៅអំបែកត្រចៀក
ការវិភាគដោយតេស្តផ្សេងទៀត៖
ប្រសិនបើពេទ្យសង្ស័យថា មានជំងឺរលាកទងសួតស្រួចស្រាល ការអង្កេតវិភាគផ្សេងទៀត នឹងត្រូវធ្វើឡើងដើម្បីញែកចេញជំងឺដទៃទៀត ដូចជា ជំងឺរលាកសួតដោយបាក់តេរី ការបង្ករោគក្នុងឈាម និងជំងឺបេះដូងជាដើម ព្រោះដើម្បីឲ្យប្រាកដថា មូលហេតុ គឺបង្កមកពីវីរុស។ ក្នុងករណីខ្លះ អាចដាក់ឲ្យក្មេងសម្រាកពេទ្យទៀតក៏មាន ហើយតេស្តដែលត្រូវធ្វើ មានដូចជា៖
– យកវត្ថុវិភាគចេញពីច្រមុះ ដើម្បីពិសោធរកមើលអង់ទីហ្សែនមេរោគ
– វាស់កំហាប់អុកស៊ីហ្សែន និងឧស្ម័នកាណូនិចក្នុងឈាម
– តេស្តឈាមទូទៅ
– វាស់កម្រិតអុកស៊ីហ្សែន
– បណ្ដុះមេរោគក្នុងឈាម
– តេស្តទឹកនោម និងបណ្ដុះមេរោគក្នុងទឹកនោម
– បូមទឹកឆ្អឹងខ្នង និងបណ្ដុះមេរោគក្នុងទឹកឆ្អឹងខ្នង
– តេស្តរកមើលសារធាតុគីមីសរីរាង្គក្នុងឈាម
– ការធ្វើអេកូសាស្ត្រ គឺចំពោះក្មេងដែលមានបេះដូងរីកធំ និងមានចង្វាក់បេះដូងមិនធម្មតា
ការថតរូបភាពវេជ្ជសាស្ត្រ៖
ការថតសួត ត្រូវធ្វើឡើងដើម្បីងាយស្រួល ក្នុងការអម និងជាអំណះអំណាង ក្នុងការធ្វើរោគវិនិច្ឆ័យ ដើម្បីរកមើលបញ្ហាដទៃទៀតអាចកើតមានឡើង ដូចជា ជំងឺបេះដូង ឬស្លាក់វត្ថុរឹងណាមួយចូលក្នុងទងសួត។ បើក្នុងករណីក្មេង ដែលមានប្រព័ន្ធភាពស៊ាំខ្សោយ ពេលមានសញ្ញាពិបាកដកដង្ហើម គឺគេគិតលើការស្លាក់វត្ថុរឹងច្រើនជាង ហើយពេទ្យអាចសង្គ្រោះបាន ដោយការចាប់យកវត្ថុនោះចេញ ដោយប្រើប្រុងកូស្កូប ឬការព្យាបាលដោយលាងសួតជាដើម។
៨- ព្យាបាលដោយវិធីណា?
វិធីព្យាបាលជំងឺរលាកទងសួតស្រួចស្រាល ត្រូវធ្វើយ៉ាងណា ឲ្យក្មេងទទួលបានជាតិទឹកគ្រប់គ្រាន់ បន្ទាប់មកចាំព្យាបាលអាការៈបន្ទាប់បន្សំ ដូចជា ការបង្គ្រប់ជាតិទឹកជាដើម។ ការព្យាបាលត្រូវចែកចេញជា ២ ប្រភេទ៖
ការព្យាបាលដោយមិនប្រើថ្នាំ៖
– បញ្ចូលអុកស៊ីហ្សែន
– បង្គ្រប់ជាតិទឹក
– ជំនួយដង្ហើមមេកានិច
– បឺតស្លេស្ម
– ដាក់ឧបករណ៍តាមដានដង្ហើម និងបេះដូង
– បន្ថយកម្ដៅ
ការព្យាបាលដោយថ្នាំ៖
– ថ្នាំ Alpha/beta agonists (albuterol, racemic epinephrine)
– ថ្នាំ Monoclonal antibodies (palivizumab)
– ថ្នាំផ្សះ Antibiotics ( ampicillin, cefotaxime, ceftriaxone)
– ថ្នាំប្រឆាំងវីរុស (ribavirin)
– ថ្នាំបន្ថយការតឹងច្រមុះ ( oxymetazoline )
– ថ្នាំ Corticosteroids ( dexamethasone, prednisone, methylprednisolone)
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– បើទារកទើបតែកើត ឬកើតមិនគ្រប់ខែ ត្រូវចៀសវាងការនៅជិតអ្នកមានជំងឺផ្ដាសាយ ជាពិសេសក្នុងអំឡុង ២ខែក្រោយសម្រាល។
– លាងសម្អាតឧបករណ៍ក្មេងលេងឲ្យបានស្អាត និងកន្លែងក្មេងឧស្សាហ៍ប៉ះពាល់ ជាពិសេសប្រសិនបើមាននរណាម្នាក់ឈឺក្នុងគ្រួសារ។
– ខ្ទប់មាត់ពេលកណ្ដាស់ និងក្អក ដើម្បីចៀសវាងការចម្លងរោគ។
– មិនត្រូវប្រើកែវទឹកជាមួយគ្នា ពេលមានអ្នកឈឺក្នុងគ្រួសារ។
– លាងដៃឲ្យបានញឹកញាប់ មិនថាយើងផ្ទាល់ ឬកូនទេ ដើម្បីការពារខ្លួនចៀសឆ្ងាយពីមេរោគ។
– បើអាចធ្វើបានម្ដាយគ្រប់រូប គួរតែបំបៅដោះកូនឲ្យបានយ៉ាងតិច ៦ខែ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]