និយមន័យ
១- អ្វីជាជំងឺរលាកទងសួត?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
១- អ្វីជាជំងឺរលាកទងសួត?
ជំងឺរលាកទងសួត ជាភាសាបច្ចេកទេសហៅថា Bronchitis សំដៅលើការរលាកភ្នាសបំពងទងសួត ដែលបណ្ដាលមកពីការបង្ករោគ។ ទងសួត ជាផ្លូវឲ្យខ្យល់ចេញចូលក្នុងសួតបាន នាំឲ្យគ្នាយើងមានជំងឺរលាកទងសួតនេះ ជាញឹកញាប់មានអាការៈក្អកមានស្លេស្ម ហើយអាចមាន ឬគ្មានពណ៌។
ជំងឺរលាកទងសួតចែកជាពីរប្រភេទ៖
– រលាកទងសួតស្រួចស្រាវ៖ ជាការបង្ករោគរយៈពេលខ្លី បណ្ដាលឲ្យទងសួតហើម និងពេញទៅដោយស្លេស្ម (Mucus)។ ប្រភេទរលាកស្រួចស្រាវនេះ ជាទូទៅមានរយៈពេលត្រឹមតែ ២-៣ សប្ដាហ៍ប៉ុណ្ណោះ។
– រលាកទងសួតរ៉ាំរ៉ៃ៖ ជាការរលាកបំពងទងសួតញឹកញាប់ ជាទូទៅ បណ្ដាលមកពីការជក់បារី។ ជំងឺនេះអាចមានរយៈពេលរាប់ខែ ឬអាចដល់រាប់ឆ្នាំ ហើយក៏ធ្ងន់ធ្ងរជាងជំងឺរលាកទងសួតស្រួចស្រាវដែរ។
២- ជំងឺរលាកទងសួតកើតឡើងញឹកញាប់ដែរទេ?
រលាកទងសួត (Bronchitis) កើតមានញឹកញាប់ណាស់ ហើយអាចកើតលើមនុស្សគ្រប់វ័យ។ ប៉ុន្តែយើងនៅតែអាចគ្រប់គ្រងបាន ដោយកាត់បន្ថយកត្តាគ្រោះថ្នាក់របស់ជំងឺ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងព័ត៌មានបន្ថែម។
៣- រោគសញ្ញាជំងឺរលាកទងសួតមានអ្វីខ្លះ?
រោគសញ្ញាជំងឺរលាកទងសួត ជាទូទៅ មានដូចជា៖
– ក្អកជាប់រយៈពេលវែង
– ក្អកមានស្លេស្មច្រើន ពេលខ្លះអាចមានឈាមមកជាមួយ
– អស់កម្លាំង
– ពិបាកដកដង្ហើម
– គ្រុនក្ដៅ
– ឈឺទ្រូង
បើយើងមានជំងឺរលាកទងសួតស្រួចស្រាវ អាចនឹងក្អកញឹកញាប់ រយៈពេលរហូតដល់ ២-៣ សប្ដាហ៍ បន្ទាប់ពីមានការរលាក។ ប៉ុន្តែបើយើងមានជំងឺនេះប្រភេទរ៉ាំរ៉ៃវិញ អាចនឹងមានរោគសញ្ញាដូចគ្នា តែនឹងវិវត្តធ្ងន់ទៅៗ។ លើសពីនេះ អាចនៅមានរោគសញ្ញាមិនបានរៀបរាប់ខាងលើ បើមានចម្ងល់ណាមួយពាក់ព័ន្ធរោគសញ្ញាជំងឺរលាកទងសួត សូមពិគ្រោះជាមួយគ្រូពេទ្យបន្ថែម។
៤- ពេលណាត្រូវជួបពេទ្យ?
សូមទៅជួបពេទ្យ បើយើងមានប្រទះរោគសញ្ញាដូចខាងក្រោម៖
– រោគសញ្ញាមានរយៈពេលយូរជាង ៣សប្ដាហ៍
– គ្រុនក្ដៅ ហើយមានសីតុណ្ហភាពក្នុងខ្លួនឡើងខ្ពស់
– មានស្លេស្ម តែគ្មានពណ៌
– ក្អកមានឈាម
– ហត់។
៥- ជំងឺរលាកទងសួតបង្កដោយមូលហេតុអ្វីខ្លះ?
ជំងឺរលាកទងសួតស្រួចស្រាវ ជាទូទៅ បង្កដោយវីរុស ហើយវីរុសទាំងនោះ ជាប្រភេទដូចទៅនឹងវីរុសបង្កជំងឺផ្ដាសាយ និងគ្រុនក្ដៅដែរ។ ចំពោះករណីជំងឺរលាកទងសួតរ៉ាំរ៉ៃវិញ ជាញឹកញាប់ បង្កដោយការជក់បារី។ តែទោះយ៉ាងនេះក្ដី ខ្យល់ពុល ធូលី និងឧស្ម័នពុលក្នុងបរិយាកាស ឬនៅកន្លែងធ្វើការ សុទ្ធតែអាចធ្វើឲ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ។
៦- តើកត្តាប្រឈមអ្វីខ្លះដែលនាំឲ្យកើតជំងឺនេះ?
មានកត្តាប្រឈមជាច្រើននាំឲ្យយើងកើតមានជំងឺរលាកទងសួត ដូចជា៖
– ជក់បារីច្រើន៖ ព្រោះថាការជក់បារី ជាកត្តាមួយដែលនាំឲ្យប្រឈមខ្ពស់កើតជំងឺនេះ។
– ប្រព័ន្ធភាពស៊ាំខ្សោយ៖ បញ្ហានេះកើតឡើង ដោយសារតែគ្នាយើងជំងឺស្រួចស្រាវផ្សេងទៀត ដូចជា ផ្ដាសាយ ឬបណ្ដាលមកពីជំងឺរ៉ាំរ៉ៃ នាំឲ្យខូចដល់ប្រព័ន្ធការពាររាងកាយ។
– កត្តាអាយុ៖ មនុស្សចាស់ ទារក និងក្មេងតូចៗ ងាយនឹងមានការបង្ករោគ បង្កជាជំងឺនេះណាស់។
– បរិស្ថានជុំវិញខ្លួន៖ ធ្វើការក្នុងបរិយាកាសសម្បូរសារធាតុធ្វើឲ្យរលាកសួត ដូចជា គ្រាប់ធញ្ញជាតិ វាយនភណ្ឌ ឬប៉ះពាល់ជាមួយផ្សែងសារធាតុគីមី។
– ច្រាលអាស៊ីដក្រពះ៖ ករណីនេះ នឹងធ្វើឲ្យក្រហាយទ្រូង (Heartburn) ធ្ងន់ធ្ងរ និងញឹកញាប់ អាចបង្កឲ្យរលាកដល់បំពង់អាហារ កាន់តែងាយវិវត្តទៅជាជំងឺរលាកទងសួត។
អត្ថបទពាក់ព័ន្ធ៖
ព័ត៌មានទាំងនេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
បន្ទាប់ពីសួរនាំពីរោគសញ្ញា គ្រូពេទ្យនឹងធ្វើស្តេតូស្កូប (Stethoscope) ដើម្បីស្ដាប់សួត ក៏ដូចជាចង្វាក់ដង្ហើម។ ការធ្វើតេស្តផ្សេងៗ អាចនឹងតម្រូវឲ្យធ្វើ ដូចជា៖
– ថតកាំរស្មីអ៊ិចនៅទ្រូង៖ ដើម្បីដឹងពីមូលហេតុនៃរោគសញ្ញា។
– ធ្វើតេស្តទៅលើកំហាក (Sputum test)៖ ជាការធ្វើតេស្តលើកំហាកស្លេស្ម របស់យើង ក្អកចេញពីសួត។ តេស្តនេះអាចកំណត់ ថាតើយើងឈឺ បណ្ដាលមកពីវីរុស ឬអត់។
– ធ្វើតេស្តលើមុខងារសួត៖ ដើម្បីអាចវាស់វែងពីបរិមាណខ្យល់សួតអាចទទួលបាន និងសួតបញ្ចេញខ្យល់កម្រិតណា។ បន្ថែមលើនេះ តេស្ត ក៏អាចពិនិត្យមើលតើមានសញ្ញាជំងឺហឺត ឬជំងឺធ្លាយថង់សួត (emphysema) ដែរ ឬទេ។
៨- ព្យាបាលដោយវិធីណា?
បើយើងមានជំងឺរលាកទងសួតរ៉ាំរ៉ៃ គ្រូពេទ្យអាចនឹងចេញវេជ្ជបញ្ជា ឲ្យប្រើថ្នាំប្រភេទខ្លះ អាចជួយបន្ថយរោគសញ្ញា។ ចំពោះថ្នាំគ្រូពេទ្យចេញឲ្យប្រើញឹកញាប់ រួមមាន៖
– ថ្នាំផ្សះ៖ ថ្នាំប្រភេទនេះ អាចនឹងមិនមានសកម្មភាពល្អចំពោះជំងឺរលាកទងសួតឡើយ ប៉ុន្តែគ្រូពេទ្យអាចនឹងឲ្យថ្នាំនេះប្រើ ដើម្បីការពារគ្រោះថ្នាក់នៃការបង្ករោគដោយបាក់តេរី បើសិនយើងមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។
– ថ្នាំក្អក៖ អាការៈក្អកច្រើនពេក អាចធ្វើឲ្យបំពងក និងទងសួតមានរបួស។ បើសិនអាការៈក្អក ធ្វើឲ្យប៉ះពាល់ដល់ដំណេកយើង គ្រូពេទ្យអាចនឹងចេញថ្នាំក្អកឲ្យយើងលេប។
– ថ្នាំផ្សេងៗទៀត៖ បើយើងមានអាលែកហ្ស៊ី ជំងឺហឺត ឬជំងឺស្ទះសួតរ៉ាំរ៉ៃ (COPD- chronic obstructive pulmonary disease) គ្រូពេទ្យអាចនឹងឲ្យប្រើថ្នាំហឺត ឬថ្នាំផ្សេងទៀត ដើម្បីបន្ថយការរលាក និងថ្នាំពង្រីកទងសួត។
បើយើងមានជំងឺរលាកទងសួតរ៉ាំរ៉ៃ ជាចាំបាច់ អាចនឹងត្រូវស្ដារនីតិសម្បទាឡើងវិញ។ ការព្យាបាលនេះ នឹងធ្វើឲ្យយើងមានជំងឺ ហាត់ដកដង្ហើម អាចជួយឲ្យយើងដកដង្ហើមកាន់តែស្រួល និងបង្កើនសមត្ថភាពហាត់ប្រាណ។
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ឈប់ជក់បារី
– ពាក់ម៉ាស់មុខ នៅពេលដែលចេញក្រៅប៉ះបរិយាកាសដែលពុល ពិសេសពេលចេញក្រៅផ្ទះ ឬសម្អាតផ្ទះ។
– គួរប្រើម៉ាស៊ីនផ្ដល់សំណើម ដើម្បីផ្ដល់កម្ដៅ និងសំណើម ដើម្បីជួយបន្ថយអាការៈក្អក និងកាត់ស្លេស្ម ធ្វើឲ្យងាយបញ្ចេញមកក្រៅ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ