មានមូលហេតុជាច្រើនធ្វើឲ្យស្រីៗ មានអារម្មណ៍ឈឺចាប់ខ្លាំងអំឡុងពេលរួមភេទ នាំឲ្យអស់អារម្មណ៍ភ្លាមៗ ខណៈមូលហេតុចម្បងមានដូចជា៖
– ខ្វះសារធាតុរម្អិលក្នុងប្រដាប់ភេទ៖ ស្រីៗមួយចំនួន មានបញ្ហាស្ងួតប្រដាប់ភេទតាំងពីកំណើតមកម្ល៉េះ ជាមូលហេតុមិនអាចជួយឲ្យការរួមភេទ ប្រព្រឹត្តទៅបានរលូន ឬឈានដល់ចំណុចកំពូល។ បើទ្វារមាសយើងគ្មានសារធាតុរម្អិល ពេលខាងប្រុសស៊កលិង្គចូល ច្បាស់ជាបណ្ដាលឲ្យឈឺចាប់មិនខាន។
– ស្រ្តេស និងតប់ប្រមល់៖ សម្ពាធការងារ ជាមូលហេតុចម្បងធ្វើឲ្យយើងស្ត្រេស អាចនឹងធ្វើឲ្យយើងមានអារម្មណ៍ល្ហិតល្ហៃរហូតដល់ពេលចូលគេង។ បើស្រីៗមានរឿងតប់ប្រមល់ និងស្ត្រេសច្រើន ប្រាកដជាមិនអាចមានអារម្មណ៍ត្រេកត្រអាលរឿងលើគ្រែបានទេ ហើយពេលខ្លះស្ត្រេស ធ្វើឲ្យយើងមានការឈឺចាប់ពេលរួមភេទទៀតផង។
– ឆ្លងរោគនៅប្រដាប់ភេទ៖ មានពពួកមេរោគជាច្រើន អាចឆ្លងលើប្រដាប់ភេទយើង មេរោគជំងឺរើម (Herpes) ក៏ដូចជាពពួកប៉ារ៉ាស៊ីត Trichomoniasis ជាដើម។ ពពួកមេរោគ និងប៉ារ៉ាស៊ីតទាំងអស់នេះ សុទ្ធតែអាចធ្វើឲ្យមានបម្រែបម្រួលលើប្រដាប់ភេទស្រីៗ បង្កទៅជាការឈឺចាប់អំឡុងពេលរួមភេទ ហើយធ្វើឲ្យស្រីអស់អារម្មណ៍ល្អពេលរួមភេទតែម្តង។
– កោសិកាស្បូនដុះនៅកន្លែងផ្សេង (Endometriosis)៖ ស្រីៗប្រមាណ ៧% រងការឈឺចាប់ដោយសារបញ្ហាកោសិកាសាច់ស្បូនដុះនៅកន្លែងផ្សេង មានន័យថា ជាលិកាក្រាលរបស់ស្បូនចាប់ផ្ដើមទៅដុះនៅក្នុងតំបន់ផ្សេង ខណៈបញ្ហាមួយនេះ នឹងធ្វើឲ្យយើងមានការឈឺចាប់ខ្លាំងអំឡុងពេលរួមភេទ។
– អស់រដូវ៖ អំឡុងពេលដល់វ័យជិតអស់រដូវ ឬក្រោយពេលអស់រដូវតែម្តង ទ្វារមាសស្រីៗនឹងមានការឆ្លើយតបខ្លាំងនៅពេលមានអ្វីមកប៉ះ ជាហេតុរួមភេទនៅអំឡុងពេលនោះ នឹងបណ្ដាលឲ្យមានការឈឺចាប់ដូចគ្នា។