backup og meta

សញ្ញា​ព្រមាន​ទាំង​៨​ មុន​​​​​មានបញ្ហា​គាំង​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 17, 2021

    សញ្ញា​ព្រមាន​ទាំង​៨​ មុន​​​​​មានបញ្ហា​គាំង​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    បញ្ហា​គាំង​បេះដូង​ គឺ​ជា​ស្ថានភាព​សុខភាព​ដ៏​គ្រោះថ្នាក់​មួយ​ ដែល​អាច​សម្លាប់​ជីវិត​មនុស្ស​​ត្រឹម​តែ​មួយ​ពព្រិច​ភ្នែក​។​ ដូច្នេះ​ហើយ​​ ការ​យល់​ដឹង​ពី​​​​​​សញ្ញាព្រមាន​​នៃ​បញ្ហា​គាំង​បេះដូង​ គឺ​ជា​រឿង​សំខាន់​មួយ​ ដើម្បី​ឲ្យ​យើង​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ ក៏​ដូចជា​​អាច​ជៀស​ផុត​ពី​គ្រោះថ្នាក់​។ ​​​

    ​យ៉ាង​ណា​មិញ​ រោគ​សញ្ញា​សំខាន់​ៗ​ ដែល​អាច​កើត​ឡើង​មួយ​ខែ​ (ឬ​លឿន​ជាង​នេះ) មុន​មាន​បញ្ហាគាំង​បេះដូង​​មាន​ដូច​ជាខាងក្រោម​។​

    ១. អស់​កម្លាំង​

    ការ​អស់​កម្លាំង​មិន​ប្រក្រតី​ គឺ​ជា​រោគ​សញ្ញា​ចម្បង​មួយ​ដែល​បង្ហាញ​ពី​អាការៈ​គាំង​បេះដូង​​អាច​ជិត​កើត​ឡើង​។​ ជា​ទូទៅ​ ស្រី​ៗ​យើង​ជួប​ប្រទះ​​​អាការៈ​នេះ​ច្រើន​ជាង​បុរស​។​ ការ​អស់​កម្លាំង​នេះ​ មិន​មែន​កើត​ឡើង​ដោយ​សារ​តែ​សកម្មភាព​រាងកាយ​ ឬ​ផ្លូវ​ចិត្ត​ឡើយ​​​ ​វា​នឹង​កើន​ឡើង​នៅ​​ពេល​យប់​។ ដូច​នេះ​ យើង​គប្បី​សង្កេត​ឲ្យ​បាន​ដិតដល់​ នៅ​ក្នុង​ករណី​ដែល​យើង​អស់​កម្លាំង​នៅ​ពេល​ធ្វើ​សកម្មភាព​ងាយ​ៗ​ ដូចជា​រៀបចំ​កន្លែង​គេង​ ឬ​ងូត​ទឹក​។

    ២. ឈឺ​ពោះ

    ជាមួយ​គ្នា​នេះ​ដែរ​ ការ​ឈឺ​ពោះ​ ចង្អោរ​ ហើម​ពោះ​ ឬ​ឈឺ​ក្រពះ ​គឺ​ជា​រោគសញ្ញា​ទូទៅ​បំផុត​។​ ​ការ​ឈឺ​ពោះ​មុន​ពេល​គាំង​បេះដូង​ ​អាច​ឲ្យ​យើង​ដឹង​មុន​បាន​ ដោយ​អាការៈ​នេះ​​ម្ដង​ជា ​ម្ដង​ឈឺ​នៅ​ក្នុង​រយៈពេល​ខ្លី។​ ​ភាព​តានតឹង​ផ្នែក​ខាង​រាងកាយ​ អាច​ធ្វើ​ឲ្យ​អាការៈ​ឈឺ​ពោះ​កាន់​តែ​ធ្ងន់ធ្ងរ​លើស​ដើម​។

    ​​​៣. ជំងឺ​គេង​មិន​លក់​

    ជំងឺ​គេង​មិន​លក់​ត្រូវ​បាន​ផ្សារ​ភ្ជាប់​នឹង​ការ​កើន​ឡើង​​ហានិភ័យ​នៃ​ការ​គាំង​បេះដូង​ ឬ​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ដែល​ជា​​ទូទៅ​​កើត​ឡើង​ចំពោះ​ស្ត្រី​។ បន្ថែម​ពី​នេះ​ យើង​ក៏​អាច​មាន​កម្រិត​នៃ​ការ​ថប់បារម្ភ​ខ្ពស់​ និង​ភ្លេចភ្លាំង​ច្រើន​ផង​ដែរ។​ រោគ​សញ្ញា​ទាំង​នេះ ក៏​រួម​បញ្ចូល​ការ​ពិបាក​ក្នុង​ការ​​ចាប់ផ្ដើម​គេង​ និង​ភ្ញាក់​តាំង​ពី​ព្រលឹម​។

    ៤. ដកដង្ហើម​ខ្លី​ៗ

    ដកដង្ហើម​ហត់ ខ្លីៗ តែងតែ​កើត​ឡើង​ទាំង​ចំពោះ​បុរស​ និង​ស្ត្រី​​រហូត​ដល់​រយៈពេល​៦​ខែ​ មុន​ពេល​មាន​អាការៈ​គាំង​បេះដូង​។​ វា​ជា​សញ្ញា​ព្រមាន​មួយ​នៃ​ស្ថានភាព​សុខភាព​។ ជា​ធម្មតា​ យើង​នឹង​មាន​អារម្មណ៍​មិន​អាច​ទទួល​បាន​អុកស៊ីសែន​​គ្រប់គ្រាន់​ វិល​មុខ​ និង​ដក​ដង្ហើម​ញាប់​ៗ​។

    ៥. ជ្រុះ​សក់

    ការ​ជ្រុះ​សក់​ត្រូវ​បាន​ចាត់​ទុក​ថា​​ជា​សញ្ញា​ចង្អុល​បង្ហាញ​មួយ​ទៀត​​​ពី​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។​ ភាគ​ច្រើន​ វា​កើត​ឡើង​ចំពោះ​បុរស​ដែល​មាន​អាយុ​លើស​៥០​ឆ្នាំ​ ប៉ុន្តែ​ចំពោះ​ស្ត្រី​មួយ​ចំនួន​ក៏​អាច​ស្ថិត​ក្នុង​ហានិភ័យ​នេះ​ដែរ​។​ ដូចនេះ​ យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​បញ្ហា​ជ្រុះ​សក់​នេះ​ដូច​គ្នា​។

    ៦. ចង្វាក់​បេះដូង​លោត​មិន​ទៀងទាត់​

    ​ចង្វាក់​បេះដូង​លោត​មិន​ទៀងទាត់​ ​អាច​កើត​ឡើង​រួម​គ្នា​ជាមួយ​នឹង​​អាការៈស្រឺត​ និង​ការ​ថប់បារម្ភ​​ ហើយ​ជា​ពិសេស​វា​កើត​ឡើង​ចំពោះ​ស្ត្រី​។​ អាការៈ​នេះ​​កើត​ឡើង​ដោយ​នឹក​ស្មាន​មិន​ដល់​ ហើយ​វា​ក៏​បង្ហាញ​លក្ខណៈ​ខុស​ៗ​គ្នា​ ដូចជា​ចង្វាក់​បេះដូង​លោត​មិន​ទៀងទាត់​ ឬ​ចង្វាក់​បេះដូង​លោត​ញាប់​។​ ការ​ធ្វើ​លំហាត់​ប្រាណ​រាងកាយ​អាច​ជំរុញ​​បន្ថែម​ដល់​ការ​កើន​ឡើង​អត្រា​ចង្វាក់​បេះដូង​​។ នៅ​ពេល​ដែល​ចង្វាក់​បេះដូង​លោត​មិន​ទៀងទាត់​នេះ ​​​មិន​ធូរ​ស្បើយ​នៅ​ក្នុង​រយៈពេល​១ទៅ២​នាទី​ ​ហើយ​យើង​អាច​មាន​អាការៈ​វិល​មុខ​ និង​អស់​កម្លាំង​ខ្លាំង​ទៀត​នោះ​​ ចូរ​ទាក់ទង​ទៅ​កាន់​គ្រូពេទ្យ​ភ្លាម​ៗ​។

    គាំងបេះដូង

    ៧. បែក​ញើស​ហួស​កម្រិត​

    ការ​បែក​ញើស​ហួស​ប្រមាណ​ ឬ​មិន​ប្រក្រតី​អាច​ជា​សញ្ញា​ព្រមាន​ដំបូង​នៃ​ការ​គាំង​បេះដូង​។ ​វា​អាច​កើត​ឡើង​នៅ​ពេល​ណា​មួយ​ ហើយ​រោគ​សញ្ញា​នេះ​កើត​ឡើង​ចំពោះ​ស្ត្រី​​ភាគ​​ច្រើន​។​ នៅ​ពេល​ដែល​យើង​មាន​រោគ​សញ្ញា​ស្រដៀង​នឹង​ជំងឺ​ផ្ដាសាយ​ ឬ​បែក​ញើស​មិន​ថា​សីតុណ្ហភាព​ត្រជាក់ ឬ​ឡើង​កម្ដៅ​រាងកាយ​ យើង​គប្បី​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។ ម្យ៉ាង​វិញ​ទៀត​ ការ​បែកញើស​ច្រើន​នៅ​ពេល​យប់​ក៏​ជា​សញ្ញា​ព្រមាន​​មួយ​ដែរ​។

    ៨. ឈឺ​ទ្រូង​

    បុរស​ និង​ស្ត្រី​ជួប​ប្រទះ​​ការ​ឈឺ​ទ្រូង​​ក្នុង​លក្ខណៈធ្ងន់ធ្ងរ​ និង​ មាន​ទម្រង់​ផ្សេង​ៗ​គ្នា​។ ចំពោះ​បុរស​ រោគ​សញ្ញា​នេះ​​សំដៅ​ទៅ​លើ​រោគ​សញ្ញា​ដំបូង​ និង​​សំខាន់​បំផុត​​នៃ​ការ​គាំង​បេះដូង​ដែល​ជិត​ចូល​មក​ដល់​។ យ៉ាង​ណា​មិញ​ រោគ​សញ្ញា​នេះ​កើត​ឡើង​ចំពោះ​ស្ត្រី​ត្រឹម​តែ​៣០% ប៉ុណ្ណោះ​។ ការ​ឈឺ​ទ្រូង​អាច​ធ្វើ​ឲ្យ​មាន​​អារម្មណ៍​មិន​ស្រួល​នៅ​ដៃ​ម្ខាង​ ឬ​ទាំង​ពីរ​​ ថ្គាម​ខាង​ក្រោម ក ស្មា ឬ​ក្រពះ​។​ វា​អាច​កើត​ឡើង​​លក្ខណៈ​អចិន្ត្រៃយ៍ ឬ​បណ្ដោះអាសន្ន​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 17, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម