របបអាហារ​មាន​វីតាមីនសំខាន់ៗ ជួយ​សុខភាពភ្នែក

    របបអាហារ​មាន​វីតាមីនសំខាន់ៗ ជួយ​សុខភាពភ្នែក

    ចង់បាន​សុខភាព​ភ្នែក​ល្អ​ ត្រូវ​គិត​គូ​ដល់​របប​អាហារ​ប្រចាំ​ថ្ងៃ​។ របប​អាហារ​ល្អ​មិន​ត្រឹម​តែ​ជួយ​ដល់​សុខ​ភាព​បេះដូង​ទេ តែ​ក៏​ជួយ​ដល់​សុខ​ភាព​រាងកាយ​ទាំង​មូល​ផង​ដែរ​។

    ​​១. សារធាតុ​ចិញ្ចឹម​ល្អ​ចំពោះ​សុខ​ភាព​ភ្នែក​

    សារធាតុ​ចិញ្ចឹម​​មួយ​ចំនួន​ជួយ​ឲ្យ​ភ្នែក​មាន​សុខ​​ភាព​ល្អ និង​មាន​សារធាតុ​ចិញ្ចឹម​ខ្លះ​ទៀត​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ភ្នែក​ផង​ដែរ​។

    ការ​ញ៉ាំ​អាហារ​មាន​កម្រិត​ជាតិ​ខ្លាញ់​ទាប និង​សម្បូរ​​ដោយ​បន្លែ ផ្លែ​ឈើ និង​គ្រាប់ធញ្ញជាតិ អាច​ជួយ​មិន​ត្រឹម​តែ​សុខ​ភាព​បេះដូង​ទេ តែ​ក៏​ជួយ​ដល់​សុខភាព​ភ្នែក​ផង​ដែរ​។ នេះ​មិន​មាន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​អ្វី​នោះ​ទេ ព្រោះ​ថា​ភ្នែក​ត្រូវ​ពឹង​លើ​សរសៃ​ឈាម​អាក់ទែ​តូច​ៗនាំ​យក​អុកស៊ីសែន និង​សារធាតុចិញ្ចឹម ដូច​ទៅ​នឹង​បេះដូង​ពឹង​ច្រើន​លើ​សរសៃឈាម​អាក់ទែ​ធំ​ៗ​អ៊ីចឹង​ដែរ​។ ការ​ធ្វើ​ឲ្យ​សរសៃ​ឈាម​អាក់ទែ​តូចៗ​ទាំង​នោះ​មាន​សុខ​ភាព​ល្អ នឹង​ធ្វើ​ឲ្យ​ភ្នែក​មាន​សុខ​ភាព​ល្អ​ដែរ​។

    អាហារជួយសុខភាពភ្នែក

    ​២. របប​អាហារ​បែប​ណា​ល្អ​ចំពោះ​សុខភាព​ភ្នែក?​

    អាហារ​ពណ៌​ទឹកក្រូច​ និង​ផ្លែឈើ​មាន​វីតាមីនA៖ ដូច​គ្នា​យើង​បាន​ដឹង​ហើយ​ថា​​សារធាតុ​ចិញ្ចឹម​ល្អ​ចំពោះ​សុខ​ភាព​ភ្នែក​គឺ​វីតាមីនA។ ស្រទាប់​រ៉េទីន​របស់​ភ្នែក​ត្រូវ​ការ​វីតាមីន​A ច្រើន​ដើម្បី​ជួយ​បំប្លែង​កាំរស្មី​ពន្លឺ​ទៅ​ជា​រូប​ភាព ដែល​យើង​បាន​ឃើញ​។ ដូច​នេះ បើ​គ្មាន​វីតាមីន​A ភ្នែក​របស់​យើង​នឹង​មិន​អាច​រក្សា​សំណើម​គ្រប់​គ្រាន់​អាច​ការពារ​ភ្នែក​ស្ងួត​បានទេ​។ ការ៉ុត ត្រូវ​គេ​ដឹង​ថា​ជា​ប្រភព​នៃ​វីតាមីន​A។ ដូច​គ្នា​ដែរ​ ដំឡូង​ជ្វា ក៏​​អាច​ផ្ដល់​នូវ​វីតាមីន​A ច្រើន​ដូច​គ្នា​។ ​

    បន្លែ​ ផ្លែឈើ​សម្បូរ​វីតាមីនC៖ វីតាមីន C ក៏​មាន​តួនាទី​សំខាន់​សម្រាប់​សុខភាព​ភ្នែក​ដូច​គ្នា​។ វីតាមីន​C ​ជា​​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ការពារ​ការ​ខូច​ខាត​របស់​រាង​កាយ​ បង្ក​ឡើង​ដោយ​ការញ៉ាំ​អាហារ​មិន​ល្អ​ចំពោះ​សុខភាព​ឬ​ទម្លាប់​រស់​នៅ​មិន​ល្អ និង​កត្តា​បរិស្ថាន​។ អាហារ​ចៀន ជក់បារី និង​កាំរស្មី​ព្រះ​អាទិត្យ អាច​បង្កើត​បានជា​រ៉ាឌីកាល់​សេរី ​ដែល​ជា​មូលេគុល​អាច​បំផ្លាញ និង​សម្លាប់​កោសិកា​បាន​។

    ​ប្រភព​របស់​វីតាមីន C គឺ​ពពួក​ផ្លែ​ក្រូច និង​ទំពាំងបាយជូរ​។ បន្លែ និង​ផ្លែ​ ឈើ​ផ្សេង​ទៀត ដូច​ជា​ម្ទេស​ប្លោក ប៉េងប៉ោះ និង​ស្រ្ត​បឺរី ជា​ដើម​សុទ្ធ​តែ​មាន​ផ្ទុក​វីតាមីន C។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ​អាច​ការពារ​ ឬ​យ៉ាង​ហោច​ណាស់​អាច​ពន្យារ​ពេល​នៃ​ការ​ខូច​ខាត​ភ្នែក​ទៅ​តាម​វ័យ ឬ​ជំងឺ​ភ្នែក​ឡើង​បាយ​។

    វីតាមីន E៖ ​វីតាមីន​ E ក៏​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​សំខាន់​មួយ​ដែរ ក្នុង​ការ​ជួយ​ឲ្យ​កោសិកា​ភ្នែក​មាន​សុខភាព​ល្អ។ វីតាមីន​ E អាច​រក​បាន​ក្នុង​ផ្លែបឺរ គ្រាប់​អាល់ម៉ុន និង​គ្រាប់​ផ្កា​ឈូក​រ័ត្នន៍។

    ក្រៅ​ពី​នេះ បន្លែ​ស្លឹក​បៃតង​ដូច​ជា​ស្ពៃ​ពួយឡេង ខាត់​ណា​ខៀវ ពពួក​សណ្ដែក ​ស៊ុត សាច់​មាន់ សាច់​ក្រហម និង​អ៊យស្ទ័រ​ ក៏​ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​របស់​ភ្នែក​ដូច​គ្នា​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 03/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត