តិចនិក​​ងាយ​ៗ ថែទាំ​សុខភាព​ភ្នែក​យ៉ាង​​មាន​ប្រសិទ្ធភាព​​​​​​​​​​​​​​​​​​​​​​​​​​

    តិចនិក​​ងាយ​ៗ ថែទាំ​សុខភាព​ភ្នែក​យ៉ាង​​មាន​ប្រសិទ្ធភាព​​​​​​​​​​​​​​​​​​​​​​​​​​

    ​ភ្នែក​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​រាងកាយ​របស់​យើង​ ហេតុ​នេះ​ហើយ​ យើង​ចាំបាច់​ធ្វើការ​ថែទាំ​ឲ្យ​បាន​ដិតដល់​ ដើម្បី​បញ្ចៀស​ពី​បញ្ហា​​ភ្នែក​ផ្សេងៗ​។ ​ខាង​ក្រោម​នេះ​ ជា​វិធីសាស្ត្រ​ងាយ​ៗ​ដែល​អាច​ជួយ​ឲ្យ​សុខភាព​ភ្នែក​របស់​យើង​ប្រសើរ​ឡើង​។

    តិចនិក​ថែទាំ​សុខភាព​​ភ្នែក​

    ពិត​ណាស់ ការ​ថែទាំ​សុខភាព​ទាំង​មូល​ក៏​ជះ​ឥទ្ធិពល​ចំពោះ​សុខភាព​ភ្នែក​ដូច​គ្នា។​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​អនុវត្ត​ទម្លាប់​​ល្អ​ៗ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ភ្នែក​។

    ១. ញ៉ាំ​របប​អាហារ​សុខភាព​

    ការ​ញ៉ាំ​បន្លែ​​ស្លឹក​បៃតង​ដូចជា​ស្ពៃ​ពួយ​ឡេង​ ខាត់ណាខៀវ និង​ស្ពៃ​ក្ដោប ​សុទ្ធ​តែ​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​ភ្នែក​របស់​យើង​។ បន្ថែម​ពី​នេះ​ គ្នា​យើង​គប្បី​ញ៉ាំ​ត្រី​ដែល​មាន​អាស៊ីដ​អូមេហ្គា​៣​ខ្ពស់​ ដូចជា​ត្រី​សាល់ម៉ុន​ និង​ត្រី​ធូណា​ជា​ដើម។

    ២. បញ្ចេញ​សកម្មភាព​ឲ្យ​បាន​ច្រើន​

    ​​​ការ​បញ្ចេញ​សកម្មភាព​រាងកាយ​​ជា​ប្រចាំ​ មិន​ត្រឹម​តែ​ជួយ​ឲ្យ​សុខភាព​​យើង​ល្អ​ប្រសើរ​នោះ​ទេ​​ វា​ក៏​អាច​កាត់បន្ថយ​បញ្ហា​សុខភាព​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ សម្ពាធ​ឈាម​ខ្ពស់​ និង​កូលេស្តេរ៉ូល​ខ្ពស់​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ភ្នែក​របស់​យើង​ដូច​គ្នា​។

    ៣. បញ្ឈប់​ការ​ជក់​បារី​

    ការ​ជក់​បារី​​ប៉ះពាល់​ដល់​សួត​យ៉ាង​ខ្លាំង ហើយ​វា​ក៏​អាច​ផ្ដល់​ផល​អវិជ្ជមាន​ដល់​ភ្នែក​​ផង​ដែរ ពីព្រោះ​វា​បង្កើន​ហានិភ័យ​នៃ​​ជំងឺ​ភ្នែក​ចុះ​ខ្សោយ​ និង​ជំងឺ​ភ្នែក​ឡើង​បាយ​ ដែល​អាច​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ​អុបទិក​។

    ​​វិធីសាស្ត្រ​ការពារ​ភ្នែក​ឲ្យ​មាន​សុខភាព​ល្អ

    ក្រៅ​ពី​ការ​ថែទាំ​ភ្នែក​ គ្នា​យើង​​មិន​ត្រូវ​ភ្លេច​ការពារ​ភ្នែក​ឡើយ។​

    ១. ពាក់​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ

    ជាមួយ​គ្នា​នេះ​ដែរ​ យើង​គប្បី​ពាក់​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​ ទោះ​បី​ជា​អាកាស​ធាតុ​ត្រជាក់​ក៏​ដោយ និង​​ត្រូវ​ជ្រើសរើស​ប្រភេទ​វ៉ែន​តា​ដែល​អាច​ការពារ​ពី​​កាំរស្មី​UVA និង​UVB​​ពី​៩៩​​ភាគរយ​ដល់​១០០​ភាគ​រយ។

    ថែទាំភ្នែក២

    ២. សម្រាក​ភ្នែក​

    នៅ​ពេល​ដែល​យើង​មើល​កុំព្យូទ័រ​រយៈពេល​យូរ​​ ភ្នែក​របស់​យើង​នឹង​ហត់នឿយ​។ ដូច្នេះ​ហើយ​ យើង​ចាំបាច់​​ត្រូវ​សម្រាក​ភ្នែក​ជា​រៀងរាល់​​២០​នាទី​ម្ដង​ ដោយ​មើល​អ្វី​ផ្សេង​ចំនួន​២០​វិនាទី​ ទើប​ជា​ការ​ប្រសើរ​។

    ៣. រក្សា​អនាម័យ​នៅ​ពេល​ប្រើប្រាស់​Contact lenses

    ​ចូរ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​មុន​ពេល​ពាក់​ ឬ​ដោះ​Contact lenses ​និង​ត្រូវ​សម្លាប់​មេរោគContact lenses ​​ក៏​ដូចជា​ផ្លាស់ប្ដូរ​វា​ជា​ទៀងទាត់​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 11/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត