តើការបង្ករោគលើផ្លូវទឹកនោម អាចបណ្តាលឲ្យរលាកអាងត្រគាកដែរអត់?
ជំងឺរលាកអាងត្រគាក អាចបង្កជាការរលាកសរីរាង្គបន្តពូជស្ត្រី ដែលអាចបណ្តាលឲ្យមានសម្លាករវាងជាលិកា និងសរីរាង្គ។ បញ្ហាសុខភាពមួយនេះ កើតចេញពីការឆ្លងជំងឺកាមរោគ ឬការឆ្លងមេរោគស្ត្រីផ្សេងទៀតដែលមិនបានព្យាបាលត្រឹមត្រូវ។ ជំងឺរលាកអាងត្រគាកប៉ះពាល់ដល់ប្រព័ន្ធបន្តពូជខាងក្រោមដូចជាស្បូន ដៃស្បូន ឬអូវែ។ ស្របពេលដែលបាក់តេរីជាច្រើនប្រភេទ អាចនាំឲ្យមានការរលាកអាងត្រគាក តើការបង្ករោគលើផ្លូវទឹកនោម អាចបង្កឲ្យកើតជំងឺនេះដែរអត់?

ការបង្ករោគលើផ្លូវទឹកនោម និងជំងឺរលាកអាងត្រគាក
នៅពេលដែលការឆ្លងមេរោគលើប្លោកនោម មិនបានព្យាបាលត្រឹមត្រូវទេនោះ វានឹងរាលដាលកាន់តែខ្លាំងដល់សរីរាង្គបន្តពូជ ដូចជាទ្វារមាស ឬមាត់ស្បូន ដែលអាចបណ្តាលឲ្យកើតជំងឺរលាកអាងត្រគាក និងត្រូវការពេលវេលាយូរក្នុងការព្យាបាល ក៏ដូចជាគ្រប់គ្រងជំងឺ។ ជាក់ស្តែង ការបង្ករោគលើផ្លូវទឹកនោម កើតឡើងនៅពេលដែលផ្នែកណាមួយនៃប្រព័ន្ធទឹកនោមត្រូវបានឆ្លងមេរោគ ដែលរួមមានតម្រងនោម បង្ហូរនោម និងប្លោកនោមជាដើម។
ថ្វីត្បិតតែជំងឺរលាកអាងត្រគាកស្រដៀងទៅនឹងការបង្ករោគលើផ្លូវទឹកនោមក៏ពិតមែន ប៉ុន្តែភាពធ្ងន់ធ្ងរ និងផលប៉ះពាល់មានភាពខុសគ្នា។
រោគសញ្ញាទាំងនេះបញ្ជាក់ពីភាពខុសគ្នារវាងការបង្ករោគលើផ្លូវទឹកនោម និងជំងឺរលាកអាងត្រគាក
១. ឈឺចាប់ធ្ងន់ធ្ងរក្នុងបរិវេណអាងត្រគាក
នៅពេលដែលសរីរាង្គបន្តពូជឆ្លងបាក់តេរីដែលបណ្តាលមកពីជំងឺកាមរោគ គ្នាយើងអាចប្រឈមនឹងការឈឺចាប់ខ្លាំងត្រង់ពោះផ្នែកខាងក្រោម ឬអាងត្រគាក។ ក្នុងករណីនេះ គួរពិគ្រោះជាមួយនឹងគ្រូពេទ្យដើម្បីស្វែងរកមូលហេតុបង្ក។
២. គ្រុនក្តៅ
គ្រុនក្តៅបង្ហាញថា រាងកាយយើងកំពុងតែប្រឆាំងនឹងការឆ្លងមេរោគ។ ប្រសិនបើយើងមានអាការៈគ្រុនក្តៅច្រើនជាងពីរបីថ្ងៃ អមជាមួយនឹងការឈឺចាប់អាងត្រគាក ឬការធ្លាក់ទឹករម្អិលទ្វារមាស នោះអាចបង្ហាញពីការបង្ករោគលើផ្លូវទឹកនោម។
៣. ឈឺចាប់ពេលរួមភេទ
ជាមួយគ្នានេះដែរ ការឈឺចាប់អំឡុងពេលរួមភេទ អាចបង្ហាញពីការឆ្លងមេរោគនៅប្លោកនោម ឬការឆ្លងមេរោគផ្សិត។ ប្រសិនបើយើងមិនព្យាបាលឲ្យទាន់ពេលវេលាទេនោះ នឹងអាចបណ្តាលឲ្យកើតជំងឺរលាកអាងត្រគាក។

៤. ធ្លាក់ទឹករម្អិលទ្វារមាសមិនប្រក្រតី
ចំណែកឯការធ្លាក់ទឹករម្អិលទ្វារមាសច្រើនជ្រុល និងមានក្លិនមិនល្អ អាចជារោគសញ្ញានៃជំងឺរលាកអាងត្រគាក។ អ៊ីចឹងហើយ យើងចាំបាច់ត្រូវធ្វើការព្យាបាលភ្លាមៗ ដើម្បីជៀសវាងប៉ះពាល់ដល់សរីរាង្គបន្តពូជផ្សេងទៀត។
៥. នោមឈឺ
អាការៈឈឺចាប់នៅពេលនោម អាចជារោគសញ្ញានៃការបង្ករោគក្នុងប្លោកនោម ហើយប្រសិនបើយើងមិនធ្វើការព្យាបាលទេនោះ ការបង្ករោគនឹងឆ្លងទៅមាត់ស្បូន ឬអូវែ ព្រមទាំងបណ្តាលឲ្យកើតជំងឺរលាកអាងត្រគាក។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី