ចូលដល់វ័យអស់រដូវ ស្រីៗយើងអាចជួបបញ្ហាទ្វារមាសទាំង ៥ នេះ
ចូលដល់វ័យអស់រដូវ ស្ត្រីអាចនឹងឆ្លងកាត់ការប្រែប្រួលមួយចំនួនដូចជាសាច់ក្ដៅ គេងមិនលក់ ប្រែប្រួលអារម្មណ៍ និងបញ្ហាជាច្រើនទៀត។ ក្នុងចំណោមនោះ បញ្ហាទ្វារមាសអំឡុងពេលអស់រដូវក៏កើតឡើងដូចគ្នា។

១. ទ្វារមាសស្ងួត
ទ្វារមាសស្ងួត កើតឡើងជាទូទៅ និងនៅគ្រប់វ័យទាំងអស់។ បញ្ហានេះ អាចធ្វើឲ្យសុខភាពស្បែកទ្វារមាសយើងទ្រុឌទ្រោម និងទ្វារមាសងាយឈឺចាប់។ ចូលដល់វ័យជិតអស់រដូវ ឬអស់រដូវ ទ្វារមាសយើងចាប់ផ្ដើមស្ងួត និងខ្វះជាតិទឹក ដែលកត្តានេះអាចរារាំងដល់តុល្យភាពនៃបាក់តេរីល្អ និងជាលទ្ធផល អាចបង្កឲ្យឆ្លងមេរោគផ្សិត។ ហេតុនេះហើយ ដើម្បីបញ្ចៀសអាការៈស្ងួតទ្វារមាស យើងគួរតែញ៉ាំទឹកឲ្យបានច្រើន ឬប្រើក្រែមផ្ដល់សំណើមដែលមានគុណភាពល្អ។
២. ក្រហាយពេលនោម
នៅពេលដែលកម្រិតអ័រម៉ូនអឹស្ត្រូសែនថយចុះ នឹងធ្វើឲ្យជាលិកាស្ងួត ហើយនឹងបង្កជាអាការៈក្រហាយនៅពេលនោម។ ទោះជាយ៉ាងនេះក្ដី បើយើងចេះតែមានអារម្មណ៍ឈឺនោមជាប់រហូត និងក្រហាយនៅពេលនោម គួរទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗ ពីព្រោះវាអាចប៉ះពាល់ដល់សុខភាពតម្រងនោម និងសុខភាពបន្តពូជ។
៣. ឈឺចាប់នៅពេលរួមភេទ
ចំពោះស្ត្រីដែលដល់វ័យអស់រដូវ អាចមិនសូវចាប់អារម្មណ៍នឹងការរួមភេទ ដោយសារតែកម្រិតអ័រម៉ូនអឹស្ត្រូសែនថយចុះ ដែលនាំឲ្យជាលិកាទ្វារមាសស្ងួត និងស្ដើង ជាហេតុបង្កឲ្យមានការឈឺចាប់នៅពេលរួមភេទចំពោះស្ត្រីភាគច្រើន។ ដូច្នេះហើយ យើងគួរតែប្រើទឹករម្អិលនៅពេលរួមភេទ ទើបជាការប្រសើរ។
៤. ទ្វារមាសតឹងណែន
ទន្ទឹមនឹងនេះដែរ កម្រិតអ័រម៉ូនអឹស្ត្រូសែនទាប អាចធ្វើឲ្យទឹករម្អិលទ្វារមាសធម្មជាតិមានតិចតួច ដែលនាំឲ្យស្រទាប់ទ្វារមាសប្រែទៅជាស្ដើង និងមិនសូវយឺត។ ក្នុងករណីមួយចំនួន ស្ត្រីក្នុងវ័យអស់រដូវអាចមានអារម្មណ៍តឹងទ្វារមាសអំឡុងពេលរួមភេទ អមជាមួយនឹងអាការៈឈឺចាប់ និងក្រហាយផងដែរ។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី
៥. ការបង្ករោគលើផ្លូវទឹកនោម
អំឡុងពេលអស់រដូវ ស្ត្រីតែងតែប្រឈមនឹងការធ្លាក់ចុះកម្រិតអ័រម៉ូនអឹស្រ្តូសែន និងការប្រែប្រួលទ្វារមាស ក៏ដូចជារន្ធទ្វារមាស ដែលអាចបង្កជាបញ្ហាមួយចំនួនដូចជាស្ងួតទ្វារមាស និងការបង្ករោគលើផ្លូវទឹកនោម។ រោគសញ្ញានៃការបង្ករោគលើផ្លូវទឹកនោម រួមមាន ស្ងួតទ្វារមាស ឈឺចាប់នៅពេលនោម នោមញឹក រមាស់ និងឈឺចាប់នៅខ្នងផ្នែកខាងក្រោម។

ចំណុចសំខាន់
- ទ្វារមាសស្ងួត
- ក្រហាយពេលនោម
- ឈឺចាប់នៅពេលរួមភេទ
- ទ្វារមាសតឹងណែន
- ការបង្ករោគលើផ្លូវទឹកនោម