បើស្រីៗយើងមានបញ្ហាឈឺពោះ ឬមិនស្រួលក្នុងពោះខ្លាំង និងមានរយៈពេលយូរ នេះអាចមកពីដុំគីសក្រពេញអូវែ។ នេះជារឿងធម្មតាប៉ុណ្ណោះដែលសារធាតុរាវ ឬថង់ជាលិកា តូចៗទាំងនោះកើតមាននៅលើ ឬនៅក្នុងអូវែ។ ដុំគីសភាគច្រើននឹងបាត់ទៅវិញដោយខ្លួនឯង ប៉ុន្តែក្នុងករណីដែលយើងមានអារម្មណ៍ហើមពោះរយៈពេលយូរ នេះអាចជាសញ្ញាបញ្ជាក់ថាដុំគីសអូវែកំពុងលូតលាស់។ បន្ថែមពីនេះ ស្រីៗយើងក៏អាចមានអារម្មណ៍ឈឺចុកចាប់នៅផ្នែកម្ខាងនៃពោះផ្នែកខាងក្រោម ខ្នងផ្នែកខាងក្រោម ឬឆ្អឹងអាងត្រគាកផងដែរ។
សញ្ញាផ្សេងទៀតបញ្ជាក់ថាយើងមានដុំគីសក្រពេញអូវែ
ឈឺចាប់នៅពេលរួមភេទ ប្រែប្រួលទម្លាប់នៃការបន្ទោបង់ ឬនោម ស្រក ឬឡើងទម្ងន់ដែលមិនបានរំពឹងទុក មានអារម្មណ៍ឆ្អែតលឿននៅពេលញ៉ាំអាហារ ឈឺចាប់នៅពេលមករដូវ នោមញឹកញាប់។ ចំពោះគីសដែលចេញឈាម ផ្ទុះ ឬធ្វើឲ្យអូវែរមួល អាចបណ្ដាលឲ្យស្រីៗយើងកាន់តែឈឺចាប់ខ្លាំងក្លា។ សញ្ញាផ្សេងទៀតដែលបង្ហាញថា យើងមានដុំគីសអូវែដែលផ្ទុះ រួមមាន៖
ចង្អោរ ឬក្អួត គ្រុនក្ដៅ ហូរឈាមតាមទ្វារមាស វិលមុខ ខ្សោយ។ ![គីសក្រពេញអូវែ](https://cdn.hellokrupet.com/wp-content/uploads/2022/01/គីសក្រពេញអូវែ២.jpg)
ពេលណាគួរទៅជួបគ្រូពេទ្យ?
បើស្រីៗយើងជួបប្រទះការឈឺចាប់អាងត្រគាកខ្លាំង ជាពិសេសនៅពេលដែលអាការៈនេះកើតឡើងភ្លាមៗ យើងគប្បីទៅជួបគ្រូពេទ្យជាបន្ទាន់ ពីព្រោះអូវែរមួល អាចកាត់បន្ថយ ឬបញ្ឈប់លំហូរឈាមតែម្ដង ដែលអាចប៉ះពាល់ដល់អូវែធ្ងន់ធ្ងរ។ មួយវិញទៀត ចំពោះការឈឺចាប់អាងត្រគាកទូទៅ យើងក៏ត្រូវពិគ្រោះជាមួយនឹងគ្រូពេទ្យ ដើម្បីកំណត់ពីមូលហេតុនៃការឈឺចាប់ឲ្យបានច្បាស់លាស់ដូចគ្នា។