ពេលយើងមានវ័យកាន់តែច្រើន រាងកាយយើងក៏ប្រែប្រួលច្រើនដែរ ហើយរបបអាហារក៏ត្រូវប្រែប្រួលទៅតាមហ្នឹងដែរ។ អ្នកជំនាញរបស់Mayo Clinic បានផ្ដល់ជាអនុសាសន៍មួយចំនួនដើម្បីជួយស្រីៗយើងទទួលបានសារធាតុចិញ្ចឹមបានល្អៗពេលវ័យ៥០ឆ្នាំឡើង។ ការញ៉ាំអាហារបានត្រឹមត្រូវ មានសារសំខាន់ណាស់ក្នុងការជួយស្រីៗយើងចៀសវាងបញ្ហាសុខភាពធ្ងន់ធ្ងរ។
១. កាល់ស្យូមជំនួយឆ្អឹង
ជំងឺពុកឆ្អឹងកើតមានច្រើនចំពោះស្ដ្រី ហើយភាគច្រើនស្រ្តីមានវ័យចំណាស់ប្រឈមបញ្ហានេះខ្ពស់។ ជាក់ស្ដែង អាចមានស្រ្តី១ភាគ៣ អាយុលើសពី៥០ឆ្នាំ ប្រឈមនឹងបញ្ហាបាក់ឆ្អឹង បង្កឡើងដោយជំងឺពុកឆ្អឹង។ ជំងឺពុកឆ្អឹងក៏កើតលើបុរសដែរ តែមិនមានកម្រិតខ្ពស់ដូចស្រ្តីនោះទេ។
អ្នកជំនាញខាងអាហារូបត្ថម្ភរបស់Mayo Clinic លើកឡើងថាស្រ្តីមានវ័យកាន់តែច្រើនការស្រួបយកកាល់ស្យូមពីអាហាក៏បានតិច ហើយស្រ្តីមួយចំនួនលែងសូវញ៉ាំអាហារធ្វើពីទឹកដោះបានផងដែរ ដែលអាហារប្រភេទនេះជាប្រភពនៃកាល់ស្យូម។ អ្នកជំនាញថា អាហារដូចជាបន្លែស្លឹកបៃតងចាស់ ល្អបំផុតសម្រាប់ស្រ្តីវ័យចំណាស់ និងជាប្រភពនៃកាល់ស្យូម។ ស្រ្តីវ័យលើសពី៥០ឆ្នាំ ត្រូវការកាល់ស្យូម១២០០មិល្លីក្រាមក្នុងមួយថ្ងៃ។
![]()
២. ប្រូតេអ៊ីនជំនួយសាច់ដុំ
ស្រ្តីវ័យចំណាស់ អាចទំនងជាចំណាយពេលក្នុងការអង្គុយមួយកន្លែងច្រើន និងបានបញ្ចេញកម្លាំងពលកម្មតិច។ ជាមួយនឹងវ័យកាន់តែច្រើន ម៉ាស់សាច់ដុំក៏អាចថយចុះទៅដែរ។ សម្រាប់ស្រ្តីមានវ័យជិតដល់៨០ឆ្នាំ អាចនឹងបាត់បង់ម៉ាស់សាច់ដុំប្រហែលពាក់កណ្ដាល។ ដូចនេះ ការញ៉ាំអាហារមានប្រូតេអ៊ីនគ្រប់គ្រាន់ ជួយដល់ការពង្រឹងសាច់ដុំនេះ។
អាហារសម្បូរប្រូតេអ៊ីន សម្រាប់វ័យនេះ អ្នកជំនាញមិនណែនាំប្រូតេអ៊ីនបានពីសាច់នោះទេ តែបានណែនាំឲ្យញ៉ាំប្រូតេអ៊ីនបានពីសណ្ដែកសៀង ស៊ុត អាហារធ្វើពីទឹកដោះ គ្រាប់ធញ្ញជាតិ និងពពួកសណ្ដែក។
៣. វីតាមីនB12 សម្រាប់ខួរក្បាល
បើតាមអ្នកជំនាញរបស់Mayo Clinic ដដែល ស្រ្តីវ័យចំណាស់អាចស្រូបយកសារធាតុចិញ្ចឹមពីអាហារប្រចាំថ្ងៃបានតិច។ សារធាតុចិញ្ចឹមសំខាន់មួយដែលមិនអាចស្រូបបានពេញលេញពីអាហារគឺវីតាមីនB12។ វីតាមីននេះមានសារសំខាន់ក្នុងការជួយរក្សាសុខភាពរាងកាយ និងដំណើរការខួរក្បាល។
ប្រភេទអាហារសម្បូរវីតាមីនB12 សម្រាប់ស្រ្តីវ័យចំណាស់ មានសាច់គ្មានខ្លាញ់ ស៊ុត ទឹកដោះគោ និងត្រីជាដើម។ ជាការណែនាំស្រ្តីមានវ័យលើសពី៥០ឆ្នាំ ត្រូវការវីតាមីនB12 ២,៤មីក្រូក្រាមក្នុងមួយថ្ងៃ។ យ៉ាងណា បើស្រ្តីយើងស្ថិតក្នុងវ័យនេះ ចង់ប្រើអាហារបំប៉នវីតាមីន គួរពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន។
[embed-health-tool-ovulation]




















