កត្តា៤យ៉ាង អាចនាំឲ្យស្រីៗ អា-អត់កូន
កត្តាជាក់លាក់មួយចំនួនអាចជះឥទ្ធិពលយ៉ាងធំធេងដល់ការមានកូនរបស់ស្រីៗយើង។ ពិតណាស់ យើងតែងតែចង់បង្កើតគ្រួសារដ៏កក់ក្ដៅមួយ និងមានកូនតូចៗដ៏គួរឲ្យស្រលាញ់។ ដូចនេះ ការយល់ដឹងអំពីកត្តាផ្សេងៗដែលបង្អាក់សមត្ថភាពក្នុងការមានកូន ជារឿងសំខាន់បំផុតដែលគ្នាយើងមិនអាចធ្វេសប្រហែសបានឡើយ។

កត្តាទាំង៤ បង្អាក់សមត្ថភាពក្នុងការមានកូន ស្រីៗគួរប្រយ័ត្ន៖
១. ហាត់ប្រាណច្រើនជ្រុល
ខណៈពេលដែលលំហាត់ប្រាណអាចបង្កើនឱកាសមានកូន ជាពិសេសសម្រាប់ស្រីៗដែលធាត់ជ្រុល ការហាត់ប្រាណហួសប្រមាណ ក៏អាចប៉ះពាល់ដល់សមត្ថភាពមានកូនដូចគ្នា។ ពិតណាស់ ការហាត់ប្រាណច្រើនជ្រុលអាចប៉ះពាល់ដល់កម្រិតអ័រម៉ូន និងវដ្ដរដូវ ដែលបណ្ដាលឲ្យកម្រិតអ័រម៉ូនProgesterone ធ្លាក់ចុះ ជាហេតុបង្អាក់ស៊ុតមិនឲ្យបង្កកំណើត។ ហេតុនេះហើយ ស្រីៗយើងគប្បីហាត់ប្រាណក្នុងកម្រិតមួយសមស្រប ទើបជាការប្រសើរ។
២. កម្រិតស្រ្តេសខ្ពស់
ជាមួយគ្នានេះដែរ ភាពតានតឹងផ្លូវចិត្ត និងការថប់បារម្ភក៏ជះឥទ្ធិពលលើឱកាសមានផ្ទៃពោះផងដែរ។ ជាក់ស្ដែង កម្រិតអ័រម៉ូនCortisol និងAdrenalineខ្ពស់ អាចប៉ះពាល់ដល់មុខងាររាងកាយរបស់យើង ហើយវាថែមទាំងធ្វើឲ្យជំងឺរ៉ាំរ៉ៃរបស់យើងកាន់តែយ៉ាប់យ៉ឺនទៅៗ ក៏ដូចជាបង្កើនហានិភ័យនៃជំងឺថ្មីៗ ដូចជាធាត់ជ្រុល និងមុខងារមេតាប៉ូលីសមិនប្រក្រតី។ ការធ្វើសមាធិ និងវិធីសាស្ត្រកាត់បន្ថយស្រ្តេស អាចជួយកម្ចាត់ផលប៉ះពាល់នៃស្រ្តេសចំពោះរាងកាយយើងបានយ៉ាងមានប្រសិទ្ធភាព។

៣. កត្តាអាយុ
គុណភាពរបស់ស៊ុតនឹងអន់ថយនៅពេលដែលស្រីៗយើងមានវ័យកាន់តែច្រើនទៅៗ។ នៅក្នុងវ័យ២០ឆ្នាំ យើងមានឱកាសមានផ្ទៃពោះប្រហែល២៥%ទៅ៣០%ជារៀងរាល់ខែ ហើយវានឹងថយចុះត្រឹម៥%នៅពេលដែលយើងមានវ័យ៤០ឆ្នាំ។
៤. ទម្ងន់មិនសមស្រប
យោងតាមសមាគមអាមេរិកសម្រាប់វេជ្ជសាស្ត្របន្តពូជបានបង្ហាញថា ទាំងការលើសទម្ងន់ និងមិនគ្រប់ទម្ងន់ សុទ្ធតែជាមូលហេតុចម្បងដែលធ្វើឲ្យយើងអសកម្មភាពក្នុងការមានកូន។ កត្តាទម្ងន់មិនសមស្របអាចនាំមានបញ្ហាអ័រម៉ូន ដែលនាំឲ្យរដូវមិនទៀងទាត់ និងបង្កើនហានិភ័យនៃការរលូតកូន។ ប៉ុន្តែមូលហេតុមួយនេះអាចដោះស្រាយបាន ប្រសិនបើស្រីៗយើងមានទម្ងន់សមស្របឡើងវិញ។
តិចនិកបង្កើនលទ្ធភាពនៃការមានកូន
- ហាត់យូហ្គា
- ញ៉ាំអាហារល្អៗដូចជាត្រីសាល់ម៉ុន ទំពាំងបារាំង ផ្លែបឺរ ផ្លែប៊ឺរី ឬគ្រាប់ផ្កាឈូករ័ត្នជាដើម
- បញ្ចូលវីតាមីនទៅក្នុងរបបអាហារ ដូចជាអាស៊ីតហ្វូឡេត ស័ង្កសី អាស៊ីដខ្លាញ់អូមេហ្គា៣ និងជាតិដែក
- កាត់បន្ថយការញ៉ាំកាហ្វេ។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី