៣. ប្រយ័ត្នប្រយែងចំពោះកន្លែងថ្នេរ
ដោយសារតែក្រោយសម្រាលដោយវះកាត់មានស្នាមថ្នេរនេះហើយ បានជាគ្រូពេទ្យឲ្យយើងសម្រាកឲ្យបានច្រើន។ ស្រ្តីមួយចំនួនអាចនឹងខំងើបទៅធ្វើនេះ ធ្វើនោះដូចធម្មតា តែការធ្វើបែបនេះអាចនឹងធ្វើឲ្យមានបញ្ហាដល់មុខរបួសកន្លែងវះកាត់ នឹងអាចធ្វើឲ្យដាច់ថ្នេរទៅវិញ។
មួយវិញទៀត ត្រូវប្រយ័ត្នកុំឲ្យកន្លែងថ្នេរឆ្លងមេរោគឲ្យសោះ។ យើងត្រូវលាងសម្អាតដៃឲ្យបានស្អាតមុន និងក្រោយពិនិត្យ ឬលាងសម្អាតត្រង់មុខរបួស។ បើយើងឃើញមានចេញទឹករងៃពណ៌បៃតង ឬស្បែកជុំវិញថ្នេរមានឡើងក្រហម និងឈឺខ្លាំង ត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។
៤. ញាំអាហារល្អចំពោះសុខភាព
របបអាហារមានសារធាតុចិញ្ចឹមល្អៗគឺមានសារៈសំខាន់ណាស់សម្រាប់ស្រីៗយើងទើបសម្រាលកូនរួច មិនខុសអីពីពេលយើងកំពុងពពោះនោះទេ។ ពិសេសស្រីៗយើងដែលបំបៅដោះកូន និងកំពុងត្រូវការឲ្យរបួសដែលវះកាត់ឆាប់ជាទៀតនោះ អាហារមានសារធាតុចិញ្ចឹមល្អពិតជាសំខាន់។ អាហារសម្បូរជាតិសរសៃ គឺល្អសម្រាប់ជួយស្រីៗយើងឆាប់បានជាពីរបួស ព្រោះអាហារនេះជួយកុំឲ្យយើងទល់លាមក និងជួយកុំឲ្យយើងឆ្អល់ពោះ។
៥. កុំទាន់ឆាប់រួមភេទ
ក្នុងរយៈពេលនេះ យើងមិនគួរឆាប់រួមភេទពេកទេ មុនរាងកាយ និងមុខរបួសរបស់យើងបានវិលមករកសភាពធម្មតា។ យើងត្រូវតាមដានមើលពីការធ្លាក់ឈាមក្រោយសម្រាលប៉ុន្មានសប្ដាហ៍សិន ទើបយើងមិនគួររួមភេទនៅពេលនេះ ឬអាចថាត្រូវតមការរួមភេទ ៦សប្ដាហ៍ក្រោយសម្រាលដោយវះកាត់ ហើយបើយើងចង់រួមភេទមុនរយៈពេលនេះត្រូវពិភាក្សាជាមួយគ្រូពេទ្យជាមុន។