បើនិយាយពីបញ្ហារោគស្ត្រី គឺទាក់ទងនឹងប្រដាប់ភេទ និងសុដន់ ដែលទាំងអស់នេះហើយធ្វើឲ្យយើងមានភាពខ្មាសអៀនមិនហ៊ានស្វែងរកជំនួយពេលមានបញ្ហា ព្រោះស្ត្រីខ្មែរដែលហ៊ាននិយាយរឿងនេះ ត្រូវគេគិតថាជាមនុស្សមិនល្អ។ ដូចនេះហើយពេលមានអាការៈឈឺចាប់នៅផ្នែកអស់ទាំងនោះ ស្ត្រីយើងមិនស្វែងរកអ្នកពិគ្រោះភ្លាមៗ រហូតដល់ទុកជំងឺឲ្យវិវត្តកាន់តែធ្ងន់។
មានស្ត្រីជាច្រើនជួបបញ្ហាធ្លាក់ស ឬធុំក្លិន មិនហ៊ានប្រាប់ដៃគូ និងប្រញាប់ទៅជួបពេទ្យឡើយ ព្រោះខ្លាចគេសើចចម្អក ឬស្ដីបន្ទោស។ អ្នកនាង កែវ មេត្រា រស់នៅកំពង់ចាមបានឲ្យដឹងថា ពីដំបូងខ្លួនគ្រាន់តែធ្លាក់សធម្មតា តែដោយខ្លាច និងខ្មាសអៀនពេទ្យជាបុរសនៅជិតផ្ទះផង ទើបមិនហ៊ានទៅជួប។ ពីដំបូងគ្រាន់តែធ្លាក់សធម្មតា ប្រហែល ៣ ខែក្រោយចាប់ផ្ដើមធុំក្លិន រហូតដល់រលាកស្បូន ឈឺចុកចាប់ពោះខ្លាំង ទើបពិភាក្សាជាមួយបងប្អូន ហើយគេជំរុញឲ្យមកព្យាបាលនៅភ្នំពេញ។ ពេលនោះសឹងតែហួសពេល ព្រោះស្បូនរលាកខ្លាំង ដល់ដំណាក់កាលវះកាត់ទៅហើយ។ ក្រោយជួបបញ្ហាបែបនេះ ស្ត្រីវ័យ ៣៦ ឆ្នាំមិនអាចមានកូនទៀតបាន ហើយក៏ផ្ដាំផ្ញើដល់ស្ត្រីទាំងអស់ កុំឲ្យមានភាពខ្មាសអៀនរឿងសំខាន់នេះទៀត ព្រោះពេលមានបញ្ហាធ្វើឲ្យស្ថានភាពធ្ងន់ធ្ងរដូចខ្លួន រហូតជួយលែងបាន។
កញ្ញា កែន ស្រីគង់ ដែលមានវ័យ ២៣ ឆ្នាំបញ្ហាដុះដុំសាច់នៅដោះ ហើយបណ្ដាលឲ្យសុដន់កាន់តែហើមធំ និងឈឺចុកចាប់។ ប៉ុន្តែស្ត្រីរស់នៅខេត្តត្បូងឃ្មុំ ដែលមានភាពដាច់ស្រយាលផងនោះ ត្រូវអ្នកស្រុកនិយាយចំអកឡកឡឺយ ថាជាក្មេងស្រីមិនល្អ ខូចខិលជាមួយប្រុសឈ្មោល ទើបសុដន់មានរីកធំបែបនេះ។ ព្រោះតែខ្មាសញាតិជិតខាងផង និងគ្មានថវិកាគ្រប់គ្រាន់ ទើបចេះតែពន្យារពេលមករកគ្រូពេទ្យជំនាញ ហើយជាសំណាងល្អ មានក្រុមគ្រូពេទ្យចុះសួរសុខទុក្ខ ហើយម្ដាយក៏នាំទៅជួបពិគ្រោះនឹងក្រុមគ្រូពេទ្យក៏ជួយទាក់ទងរកគ្លីនិកឯកជន ដើម្បីបញ្ជូនមកព្យាយាមនៅភ្នំពេញ។ តែជាសំណាងល្អដុំសាច់ដោះនោះមិនមែនសាច់កាចដែលវិវត្តជាមហារីក គ្រាន់ជាដុំគីសធម្មតា ដោយវះកាត់យកចេញឲ្យអស់ និងតាមដាន ១ ឆ្នាំ ខ្លាចកកើតឡើងវិញ។ ស្ត្រីរូបនោះ បានផ្ដល់ជាដំបូន្មានថា ប្រសិនបើពេលក្រោយនរណាមានបញ្ហារោគស្ត្រី នាងនឹងផ្ដល់ការណែនាំឲ្យទៅជួបអ្នកជំនាញភ្លាមៗ ហើយលើកទឹកចិត្តកុំឲ្យស្ត្រីវ័យក្មេងដទៃមានភាពខ្មាសអៀនរហូតទុកឲ្យជំងឺកាន់តែធ្ងន់ដូចខ្លួន។
៣- រំលូតកូន
ស្ត្រីបម្រើនៅ KTV រូបនោះ បានឲ្យដឹងថា នាងឡើងមកពីខេត្តស្ទឹងត្រែង មិនសូវបានរៀនសូត្រ ហើយពេលដំបូងដែលឡើងមកភ្នំពេញរកការងារធ្វើ ក៏ស្គាល់បុរសម្នាក់ និងរស់នៅជាមួយគ្នាដូចប្ដីប្រពន្ធ។ ក្រោយមកមានកូន ស្ត្រីរូបនោះបានទៅគ្លីនិក ដើម្បីរំលូតកូន នៅពេលរំលូតកូនពេលគ្មានជំនាញច្បាស់លាស់ក៏ជួបបញ្ហាធ្លាក់ឈាមខ្លាំងរហូតបញ្ជូនមកកាន់តែពេទ្យធំ។ នារីវ័យ ២០ ឆ្នាំរូបនេះបានបន្តទៀតថា ពេលនោះខ្លួនប៊ិះនឹងបាត់បង់ជីវិតទៅហើយ ព្រោះឈាមធ្លាក់ច្រើន ហើយគ្លីនិកនោះគ្មានឈាមបញ្ចូល។ ស្ត្រីសម្បុរស្រអែមរូបនោះបានបន្តទៀតថា ព្រោះតែប្រពៃណីខ្មែរមិនតម្រូវឲ្យរស់នៅជាមួយគ្នាដោយមិនបានការ ឬសែនព្រេន ហើយបូករួមមិនបានការពារ ទើបធ្វើឲ្យខ្លួនមានបញ្ហាទាំងនោះ។
ទាក់ទិននឹងបញ្ហានេះលោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម ទីប្រឹក្សាផ្នែកសម្ភព នៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា ព្រោះតែភាពខ្មាសអៀនបានធ្វើឲ្យស្ត្រីខ្មែរមួយចំនួនធំជួបបញ្ហារ៉ាំរ៉ៃ ខណៈដែលស្ថានភាពជំងឺពីដំបូងមិនធ្ងន់ធ្ងរ។ វេជ្ជបណ្ឌិតដែលមានបទពិសោធន៍យូរឆ្នាំរូបនេះបានបន្តទៀតថាបញ្ហាជួបច្រើននោះមានដូចជាធ្លាក់ស ធុំក្លិនអាក្រក់ រលាកទ្វារមាស គីសស្បូន មហារីកស្បូន ដុំសុដន់ និងស្ថានភាពគ្រោះថ្នាក់ខ្លាំងដែលអ្នកទៅរំលូតកូននៅគ្លីនិកឯកជនបានបញ្ជូនមក។
លោកជំទាវក៏បានណែនាំឲ្យស្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់ថែរក្សាអនាម័យប្រដាប់ភេទ និងណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ២-៣ ឆ្នាំម្ដង បើទោះជាគ្មានឈឺអ្វីសោះក៏ដោយ ដើម្បីតាមដានឲ្យទាន់សភាពជំងឺ ព្រោះបើឈឺនៅកម្រិតស្រាលការព្យាបាលឆាប់រហ័ស ចំណាយតិច និងអត្រាជាខ្ពស់។ ម្យ៉ាងវិញទៀតពេលមានបញ្ហារោគស្ត្រី យើងត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញច្បាស់លាស់ ហើយកុំភ្លេចទៅយកលទ្ធផល ហើយស្ដាប់តាមការណែនាំរបស់វេជ្ជបណ្ឌិតពីរបៀបព្យាបាល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕