ផ្កាស្បូនជាជំងឺសើស្បែកម្យ៉ាងដែលចេញជាដុំសតូចៗ ហើយភាគច្រើនកើតនៅបរិវេណភ្នែក មានលើត្របកភ្នែក ក្រោមភ្នែក និងលើទ្រូង។ ស្រីៗឧស្សាហ៍កើតមានជំងឺនេះច្រើនជាងបុរស ម្ល៉ោះហើយធ្វើឲ្យបាត់បង់សោភណ្ឌភាពលើផ្ទៃមុខ។
១. មូលហេតុនាំឲ្យកើតផ្កាស្បូន
បើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ហេង យូសេង បម្រើការងារនៅផ្នែកជំងឺស្បែក នៃមន្ទីរពេទ្យព្រះកុសមៈ ផ្កាស្បូនមិនមែនជាជំងឺមហារីកនោះទេ ហើយក៏មិនមានផលប៉ះពាល់ធ្ងន់ធ្ងរដែរ គ្រាន់តែវាធ្វើឲ្យបាត់បង់សោភ័ណភាពលើផ្ទៃមុខប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងមូលហេតុនាំកើតផ្កាស្បូនវិញ លោកវេជ្ជបណ្ឌិតថា មិនទាន់មានមូលហេតុច្បាស់លាស់នៅឡើយទេ គ្រាន់តែមានកត្តាជំរុញឲ្យកើតមានជំងឺនេះ ដូចជាកត្តាតំណពូជ ការបញ្ចេញក្រពេញញើសច្រើនខុសប្រក្រតី មានជំងឺទឹកនោមផ្អែម វិបត្តិនៃជំងឺ Down Syndrome ជាដើម។