home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

មុនខ្នងបង្កពីអ្វី? គួរធ្វើម៉េចខ្លះអាចសម្រាលបញ្ហានេះបាន?

មុនខ្នងបង្កពីអ្វី? គួរធ្វើម៉េចខ្លះអាចសម្រាលបញ្ហានេះបាន?

មុន​គឺ​ជា​បញ្ហា​ស្បែក​មួយ​ដែល​យើង​គ្រប់គ្នា​ចង់​គេច​ឲ្យ​ផុត។ បញ្ហា​មុន​គឺ​អាច​កើត​នៅស្ទើរ​​គ្រប់​វ័យ និង​​បង្កដោយសារ​មូលហេតុ​ផ្សេងៗ​រួមទាំង​អាច​កើត​មាន​នៅ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​រួមទាំង​ខ្នង​ផង​ដែរ។

តើមុនខ្នងបង្កមកពីអ្វី?

រាងកាយ​យើង​ផលិត​ខ្លាញ់​ឈ្មោះ សេបូម (Sebum) ។ ខ្លាញ់​នេះ​ផលិត​នៅ​ក្រពេញ​ខ្លាញ់​ ហើយ​បញ្ជូន​ទៅ​កាន់​ឫស​រោម​ដើម្បី​បន្ថែម​ជាតិ​សំណើម​ដល់​ស្បែក។ មុន​កើត​មាន​នៅ​ពេល​ដែល​យើង​មាន​ខ្លាញ់​ និង​កោសិកា​ងាប់​ច្រើន​ផ្តុំ​គ្នា​ ហើយការ​ផ្តុំ​នេះ​បាន​បង្ក​ឲ្យ​ស្ទះ​រន្ធញើស និង​មាន​បាក់តេរី។ មុន​ក៏​អាច​បង្ក​ដោយ​មូលហេតុ​ផ្សេង​ទៀត​ដែរ​ដូចជា៖

  • កត្តា​ហ្សេន៖ នៅពេល​សមាជិក​គ្រួសារ​មាន​បញ្ហា​មុន
  • ថ្នាំ៖ មុន​អាច​កើត​មាន​ដោយសារ​ប៉ះពាល់​ពី​ការ​ប្រើ​ថ្នាំ​ដូចជា​ថ្នាំ​ប្រឆាំង​ជំងឺ​បាក់ទឹកចិត្ត​ជាដើម។
  • អ័រម៉ូន៖ នៅ​ពេល​មាន​បម្រែបម្រួល​អ័រម៉ូន​ក្នុង​វ័យ​ជំទង់​។ សម្រាប់​ស្ត្រី​ដែល​ពេញវ័យ​ និង​មាន​បញ្ហា​មុន​អាច​បង្ក​មក​ពី​បម្រែបម្រួល​អ័រម៉ូន​ពេល​មាន​រដូវ ឬ​ពពោះ។
  • ញើស៖ ជាពិសេស​ពេល​បែក​ញើស និង​ពាក់​អាវ​រឹប​
  • ស្ត្រេស៖ ស្ត្រេស​ក៏​អាច​បង្ក​ឲ្យ​មាន​បញ្ហា​មុន​ដោយ​ប្រយោល

អត្ថបទពាក់ព័ន្ធ:

វិធី​ព្យាបាល​មុន​ខ្នង

ក្នុង​ករណី​មួយ​ចំនួន យើង​អាច​កម្ចាត់​មុន​ខ្នង​បាន​ដោយ​ផ្លាស់ប្តូរ​របៀបរបបការ​រស់នៅ​ និង​អនុវត្ត​វិធី​ថែទាំមួយ​ចំនួន​នៅ​ផ្ទះ។

១. ងូតទឹក​ក្រោយ​ហាត់ប្រាណ

ការ​ទុក​ឲ្យ​ញើស និង​ធូលី​ជាប់​នឹង​ស្បែក​យូរ​ក្រោយ​ពី​ហាត់ប្រាណ​អាច​ជា​មូល​ហេតុ​មួយ​ដែល​បង្ក​ឲ្យ​មាន​មុន​ខ្នង។ ដូចនេះ​យើង​គួរ​ងូតទឹក​ភ្លាមៗ​​ក្រោយ​ហាត់ប្រាណ និង​បោក​សម្អាត​សម្លៀកបំពាក់​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់។

២. ខាត់ស្បែក

ការ​ប្រើ​ប្រដាប់​ខាត់​ស្បែក​ដែល​មាន​អាស៊ីដ​សាលីស៊ីលិក (Salicylic acid) អាច​ជួយ​កម្ចាត់​នូវ​ធូលីដី និង​ខ្លាញ់​ចេញ​ពី​ស្បែក​ដែល​អាច​​ជួយ​បន្ថយ​បរិមាណ​កោសិកា​ងាប់​ស្ទះ​នៅ​រន្ធ​ញើស។

៣. ចង​សក់​

សម្រាប់​ស្រីៗ​យើង​វិញ សក់​វែង​អាច​បន្ថែម​ជាតិ​ខ្លាញ់ និង​ធូលី​ទៅ​លើ​ស្បែក​នៅ​ខ្នង និង​បង្ក​ឲ្យ​មាន​មុន។ ការ​កក់​សក់​ជា​ប្រចាំ និង​​ចង​សក់​ឡើង​ពេល​ហាត់ប្រាណ​ក៏​អាច​ជួយ​បន្ថយ​បញ្ហា​មុន​ខ្នង​ដែរ។ ម៉្យាងទៀត សាប៊ូ​កក់​សក់ និង​សាប៊ូ​បន្ទន់​សក់​ក៏​អាច​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស​ និង​បង្ក​បញ្ហា​មុន​ដែរ។

៤. របប​អាហារ​

របប​អាហារ​មិន​ល្អ​អាច​ប៉ះពាល់​ដល់​រាងកាយ​បាន។ ប្រសិន​ជា​យើង​ងាយ​ឡើង​មុន អាហារ​មួយ​ចំនួន​អាច​ជា​មូលហេតុ​បង្ក។ ការ​សិក្សា​បាន​បង្ហាញ​ថា​អាហារ​ដែល​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​លឿន​អាច​ធ្វើ​ឲ្យ​បញ្ហា​មុន​កាន់តែ​ធ្ងន់ធ្ងរ។ អាហារ​ទាំង​នោះ​មាន​នំប៉័ង បាយ និង​ដំឡូងបារាំង។ របប​អាហារ​ដែល​ល្អ​រួមមាន​បន្លែ ផ្លែឈើ សាច់​ និង​គ្រាប់​ធញ្ញ​ជាតិ​ជាដើម។

៥. ចៀស​វាង​កម្ដៅ​ថ្ងៃ

កម្ដៅថ្ងៃ​អាច​ធ្វើ​ឲ្យ​មុន​កាន់​តែ​ខ្មៅ​ជាង​មុន និង​បង្ក​ឲ្យ​មាន​ស្នាម​នៅ​លើ​ខ្នង។ ដូចនេះ​គួរ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ពេល​ចេញ​ទៅ​ក្រៅ។ នេះ​មិន​ត្រឹមតែ​ជួយ​បន្ថយ​បញ្ហា​មុន​ទេ នៅ​អាច​ការពារ​ស្បែក​ពី​ការ​ខូចខាត​ដោយ​កម្ដៅ​ថ្ងៃ និង​បង្ការជំងឺ​មហារីក​ស្បែកបាន​ដូច​គ្នា​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.healthline.com/health/how-to-get-rid-of-back-acne

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 06/08/2020
ត្រួតពិនិត្យដោយ គឹម កាណែល