ចម្ងល់នេះ អ្នកឯកទេសជំងឺស្បែក នៃមន្ទីរពេទ្យព្រះកុសមៈ លោកវេជ្ជបណ្ឌិត ហេង យូសេង ពន្យល់ថា តាមឯកសារជាច្រើន រឿងចំណីអាហារមិនបានរាប់បញ្ចូលក្នុងមូលហេតុបណ្តាលឲ្យកើតមុននោះទេ តែទោះយ៉ាងណាគ្រូពេទ្យភាគច្រើនតែឲ្យអ្នកកើតមុនចំណាំដោយខ្លួនឯង តើការញ៉ាំចំណីអាហារណាមួយធ្វើឲ្យកើត ឬឡើងមុន។
“មូលហេតុអីបានគេមិនរាប់បញ្ចូលប្រភេទចំណីអាហារណាមួយធ្វើឲ្យកើតមុន? ដោយសារអ្នកខ្លះគាត់ញ៉ាំពងទាកូនដែរ ប៉ុន្តែអត់ចេញមុន អ្នកខ្លះក៏ចេញអ៊ីចឹងទៅ អ៊ីចឹងអត់មានគោលរួមអីមួយទេ ចំពោះចំណីអាហារគេឲ្យអ្នកជំងឺចំណាំដោយខ្លួនឯង’។
អត្ថបទពាក់ព័ន្ធ៖ កើតមុន តិចរពឹសដៃកេះញេច ប្រយ័ត្នមុខកែលែងឡើង
លោកវេជ្ជបណ្ឌិតថា មុនជាជំងឺស្បែកម្យ៉ាង ច្រើនកើតលើមនុស្សពេញវ័យ ដែលមូលហេតុចម្បងបណ្តាលមកពីអ័រម៉ូនភេទបញ្ចេញខ្លាញ់នៅលើដងខ្លួន និងផ្ទៃមុខច្រើនខុសពីធម្មតា ធ្វើឲ្យមានការស្ទះខ្លាញ់ កកើតជាគ្រាប់មុន។
ដោយហេតុថា កើតមុនមកពីការបញ្ចេញជាតិខ្លាញ់ច្រើននោះ ដូច្នេះលោកវេជ្ជបណ្ឌិត ហេង យូសេង ណែនាំឲ្យចៀសវាងនូវការញ៉ាំពពួកចំណីអាហារណាដែលសម្បូរជាតិខ្លាញ់ ហើយបើកើតមុនតិចៗ ត្រូវឆាប់ទៅព្យាបាល កុំកេះ ឬញេច ធ្វើឲ្យមានស្នាមលើមុខ។