home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ពន្លឺថ្ងៃមាន​ទាំងគុណសម្បត្តិ និង​គុណវិប្បត្តិដល់សុខភាពស្បែក ត្រូវ​ចេះការពារឲ្យបានល្អ

ពន្លឺថ្ងៃមាន​ទាំងគុណសម្បត្តិ និង​គុណវិប្បត្តិដល់សុខភាពស្បែក ត្រូវ​ចេះការពារឲ្យបានល្អ

កាំរស្មីអ៊ុលត្រាវីយ៉ូឡេ (UV)​ ដែលបញ្ចេញដោយព្រះអាទិត្យត្រូវបានគេដឹងថាជាមូលហេតុចម្បងដែលនាំឲ្យមនុស្ស​យើង​មានជំងឺមហារីកស្បែក។ តែទោះជាយ៉ាងនេះក្ដី ការនៅក្រោមពន្លឺព្រះអាទិត្យគឺជារឿងសំខាន់ដែលត្រូវធ្វើ ដើម្បីឲ្យរាងកាយផលិតវិតាមីន D ដែលជាវីតាមីនសំខាន់ការពារសរីរាង្គខាងក្នុងខ្លួនពីជំងឺមហារីក និងការពារពីជំងឺមួយចំនួនផ្សេងទៀត។ ដោយសារតែបែបនេះហើយ តើយើងគួរកាត់បន្ថយ ឬគួរតែបង្កើនការនៅក្រោមពន្លឺថ្ងៃ? ដើម្បីធ្វើការសម្រេចចិត្តនេះឲ្យ​បានត្រឹមត្រូវ យើង​គួរតែដឹងពី​គុណប្រយោជន៍ និងគុណវិបត្តិរបស់ពន្លឺ​ថ្ងៃ​ជាមុន​សិន។

១- គុណប្រយោជន៍ការនៅក្រោមពន្លឺថ្ងៃ

ការនៅក្រោមពន្លឺថ្ងៃ អាចជួយឲ្យ​រាងកាយរបស់យើងផលិតវីតាមីន D ដែលក្នុងអាហារ​ធម្មជាតិតិចណាសដែលមានវីតាមីននេះ។ វិតាមីន D អាចឃើញមាននៅក្នុងសាច់ត្រីដែលមានខ្លាញ់ច្រើន ដូចជាត្រីសាល់ម៉ុន និងធុណា ក៏ដូចជាខ្លាញ់ថ្លើមត្រីជាដើម។ វីតាមីន D ក៏មាន​កម្រិត​តិចតួចនៅក្នុង ថ្លើមគោ ឈីស និងផ្នែកលឿងរបស់ស៊ុត ហើយផ្សិតក៏ផ្ដល់វីតាមីន D ក្នុងកម្រិតតិចតួចដូចគ្នា។ វីតាមីននេះ ជំនួយក្នុងការស្រូបយកជាតិកាល់ស្យូម និងផូស្វាត ដែលជាសារធាតុសំខាន់សម្រាប់ឲ្យ​ឆ្អឹង ធ្មេញ និងសាច់ដុំ មានសុខភាពល្អ។ ការដែលមានកម្រិតវីតាមីន D គ្រប់គ្រាន់ អាចការពារយើង​ពីជំងឺមួយចំនួនរួមមាន ជំងឺមហារីក ជំងឺបេះដូង និងជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង។

ក្នុងការសិក្សារមួយកាលពីឆ្នាំ ២០១៤ លើអ្នកជំងឺមហារីកសុដន់ ដែលទទួលបានកម្រិតវីតាមីន D ក្នុងបរិមាណខ្ពស់ (ច្រើនជាង ៣២ ណាណូក្រាម/មិល្លីលីត្រ) នៅអំឡុងពេលធ្វើរោគវិនិច្ឆ័យ ឃើញថាមានអត្រាស្លាប់ទាបជាងអ្នកជំងឺដែលទទួលបានកម្រិតវិតាមីនD ក្នុងបរិមាណទាប (តិចជាង ១៤ណាណូក្រាម /មិល្លីលីត្រ) ជាងពាក់កណ្ដាល។ ចំពោះ​អ្នកមាន​ជំងឺ មហារីកទ្វាលាមក (Colorectal Cancer) មហារីកក្រពេញប្រូស្តាត មហារីកផ្លោកនោម និងជំងឺមហារីកគ្រាប់ឈាមប្រភេទ Non-Hodgkin ( Non-Hodgkin Lymphoma) ត្រូវបានគេរាយការណ៍​ថាអាចមាន​ប្រយោជន៍ចំពោះសុខភាពដូចគ្នានៅពេលដែល​អ្នក​ទាំង​នោះ​ស្ថិតនៅក្រោមពន្លឺថ្ងៃ។

អត្ថបទពាក់ព័ន្ធ៖

ការស្ថិតនៅក្រោមពន្លឺថ្ងៃ ក៏មានប្រយោជន៍កាត់បន្ថយការឡើងសម្ពាធឈាមផងដែរ ដោយសារតែពន្លឺព្រះអាទិត្យបង្កើតឲ្យ​មាន នីទ្រិកអុកស៊ីត (Nitric oxide)។ សារធាតុ នីត្រូហ្សែនអុកស៊ីត ដែលគេឃើញមាននៅក្នុងស្បែករបស់មនុស្ស នឹងចល័តចូលទៅក្នុងចរន្តឈាម នៅពេលដែលរាងកាយប៉ះទៅនឹង កាំរស្មី UVA របស់ព្រះ អាទិត្យ។ សារធាតុ​នីទ្រីក​អុក​ស៊ីត​នេះ ​គឺ​ជា​សារ​ធាតុ​ជួយ​សម្រួលសរសៃឈាម ដែលនាំឲ្យ​សម្ពាធឈាមធ្លាក់ចុះ។

ក្រៅពី វីតាមីន D និង នីទ្រិកអុកស៊ីត ការស្ថិតនៅក្រោមពន្លឺព្រះអាទិត្យក៏ជួយបង្កើនការផលិតជាតិ មេឡាតូនីន (Melatonin) សេរ៉ូតូនីន (Serotonin) និងជួយសម្រួលដល់ ម៉ោងពេលរបស់រាងកាយ (Circadian clock) ។ ទាំងអស់នេះ នឹងជួយឲ្យ​ការគេងរបស់​យើង​បាន​កាន់តែប្រសើរ​ និងអារម្មណ៍កាន់តែល្អ។

២- ផលមិនល្អនៃការស្ថិតក្រោមពន្លឺព្រះអាទិត្យ

ផលមិនល្អនៃការស្ថិតនៅក្រោមពន្លឺព្រះអាទិត្យរួមមាន ការវិវត្តជា​ជំងឺមហារីកស្បែក និងការប្រែប្រួលនាំ​ឲ្យខូចស្បែក។ ស្ត្រីដែលមាន​ដំបៅរលាកដោយសារពន្លឺព្រះអាទិត្យ ចាប់ពី ៥ដង​ឡើងទៅ នៅចន្លោះអាយុ ១៥ ទៅ ២០ឆ្នាំ គឺងាយនឹងមានហានិភ័យខ្ពស់កើតជំងឺមហារីកស្បែក Melanoma ដែលជាជំងឺមហារីកស្បែកធ្ងន់ធ្ងរមួយប្រភេទ ដល់ទៅ ៨០ % បើធៀបនឹងអ្នកដែលគ្មានដំបៅ ។ ជំងឺមហារីកស្បែក Melanoma គឺកើតចេញពីកោសិកា Melanocytes ដែលជាកោសិកាគ្រប់គ្រងទៅលើពណ៌របស់ស្បែក។ ក្រៅ​ពីកត្តាសេនេតិក កាំរស្មីអ៊ុលត្រាវីយ៉ូឡេ ដែលចេញពីពន្លឺព្រះអាទិត្យ ក៏អាចបង្កឲ្យស្បែកចេញជាបញ្ហានេះដែរ។ ករណីជំងឺមហារីក​ស្បែកផ្សេងទៀតដូចជា មហារីកកោសិកា Squamous និងមហារីកកោសិកា Basal ក៏អាចប្រហែលជាទាក់ទងនឹងការស្ថិត​នៅក្រោមពន្លឺព្រះអាទិត្យយូរជ្រុល​ផងដែរ។

៣- តើយើង​គួរ​ស្ថិតនៅក្រោមពន្លឺព្រះអាទិត្យកម្រិតណា?

ជំងឺមហារីកស្បែក និងការប្រែប្រួលនាំ​ឲ្យ​ខូចស្បែក អាចនឹងធ្វើឲ្យ​យើង​មិនចង់ស្ថិតនៅក្រោមពន្លឺព្រះអាទិត្យុ។ ប៉ុន្តែ ទំនាក់ទំនង​រវាងជំងឺមហារីកស្បេក និងកាំរស្មី អ៊ុលត្រាវីយ៉ូឡេ គឺជារឿងពីរខុសគ្នា។ ការដែលមិនមានរលាកដោយសារពន្លឺព្រះអាទិត្យគឺទាក់​ទងនឹងការកាត់បន្ថយហានិភ័យនៃជំងឺមហារីកស្បេក ខណៈការរលាកដោយសារពន្លឺថ្ងៃគឺទាក់ទងនឹងកើនឡើងពីរដងនៃ​ហានិភ័យ​ជំងឺ​មហារីកស្បេក។ ការពិតទៅ គេបានសង្កេតជាយូរមកហើយចំពោះអ្នកដែលធ្វើការខាងក្រៅផ្ទះក្រោមពន្លឺថ្ងៃ គឺមាន​អត្រាកើតជំងឺ​មហារីកស្បេកទាបជាងអ្នកដែលធ្វើការក្នុងម្លប់។

ហេតុនេះ ការស្ថិតក្រោមពន្លឺថ្ងៃមធ្យម គឺជារឿងសំខាន់។ បើគ្មានការស្ថិតនៅក្រោមពន្លឺថ្ងៃគ្រប់គ្រាន់ទេ យើង​នឹងរារាំងខ្លួនប្រាណ​​យើង​​ពីការ​ទទួល​បាន​គុណប្រយោជន៍របស់ពន្លឺព្រះអាទិត្យ ហើយអាចប្រឈមនឹងធ្វើឲ្យ​ខ្លួនយើង​ខ្វះវីតាមីន D ទៀតផង។ ជារួម អ្វីដែលយើង​ត្រូវធ្វើ គឺត្រូវកំណត់ឲ្យ​បានត្រឹមត្រូវ ពេលណាដែលត្រូវស្ថិតនៅក្រោមពន្លឺថ្ងៃ។ យើង​អាច​ប្រើឡេការពារពន្លឺថ្ងៃ ដើម្បីការពារប្រឆាំងនឹងកាំរស្មីអុលត្រាវីយ៉ូឡេ និងធ្វើឲ្យ​ស្បែកមានសំណើមគ្រប់គ្រាន់ ដើម្បីការពារការខូចស្បែកដោយសារពន្លឺថ្ងៃ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

David G. Hoel et al., ‘The Risks and Benefits of Sun Exposure 2016’, Dermato-Endocrinology 8, no. 1 (December 2016): e1248325, https://doi.org/10.1080/19381980.2016.1248325.

https://www.health.harvard.edu/diseases-and-conditions/benefits-of-moderate-sun-exposure

Johan Moan et al., ‘Addressing the Health Benefits and Risks, Involving Vitamin D or Skin Cancer, of Increased Sun Exposure’, Proceedings of the National Academy of Sciences 105, no. 2 (15 January 2008): 668–73, https://doi.org/10.1073/pnas.0710615105.

J. van der Rhee, E. de Vries, and J. W. W. Coebergh, ‘[Favourable and unfavourable effects of exposure to sunlight]’, Nederlands Tijdschrift Voor Geneeskunde 151, no. 2 (13 January 2007): 118–22.

https://ods.od.nih.gov/factsheets/Vitamin%20D-HealthProfessional/#h3

https://www.stanforddaily.com/2010/10/26/researchers-weigh-pros-and-cons-of-sun-exposure/

http://sunlightinstitute.org/truth-sun-exposure/#_ftn1

https://www.nhs.uk/live-well/healthy-body/how-to-get-vitamin-d-from-sunlight/

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គឹម កាណែល កែសម្រួល​ចុងក្រោយ 07/08/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត